អ្នកស្រី ច័ន្ទថេត សុខាទេវា៖ ទឹកស្អាត និងអនាម័យមានសារៈសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ

អ្នកស្រី ច័ន្ទថេត សុខាទេវា ជាអនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ អ្នកស្រីបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកសុខភាពសាធារណៈពីប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០១៦។ អ្នកស្រីចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទនៅចុងឆ្នាំ​២០១២ ហើយទទួលបានអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីនាឆ្នាំ២០១៣ និងបានចាប់ផ្តើមបំពេញការងារពេញលេញជាមួយស្ថាប័នក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត។

ចុចទីនេះដើម្បីស្តាប់បទសម្ភាសន៍

សុធារី៖ ស្វាគមន៍មកាន់កម្មវិធីស្ត្រីជំនាន់ថ្មី ថ្ងៃនេះកម្មវិធីយើងសន្ទនាជាមួយអ្នកស្រី ច័ន្ទថេត សុខាទេវា ដែលជាអនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភីវឌ្ឍន៍ជនបទ។ កិច្ចសម្ភាស៍នេះគឹជាផ្នែកមួយនៃយុទ្ធនាការ HerRoles ដែលប្រែជាភាសាខ្មែរថាតួនាទីរបស់គាត់ ដែលសហការផលិតដោយអង្គការ WaterAid Cambodia និងកម្មវិធីស្ត្រីជំនាន់ថ្មី។ យុទ្ធនាការនេះធ្វើឡើង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនលើភាពជាអ្នកដឹកនាំនិង តួនាទីរបស់ស្ត្រីក្នុងវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា។

សុធារី៖ អ្នកស្រីច័ន្ទថេត សុខាទេវា អាចប្រាប់ខ្ញុំបានទេថា អ្នកស្រីចាប់ផ្តើមប្រឡូកចូលក្នុងវិស័យទឹកស្អាត និងអនាម័យតាំងពីពេលណាមក?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ ការងារអនាម័យ និងទឹកស្អាតជាការងារថ្មីមួយសម្រាប់ខ្ញុំ។ ពីដំបូងនៅពេលដែលខ្ញុំបានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកសុខភាពសាធារណៈពីប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០១៦ ហើយខ្ញុំបានត្រឡប់មកធ្វើការងារនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទនៅនាយកដ្ឋានថែទាំសុខភាពជនបទ ហើយក៏បានចាត់តាំងឲ្យមកធ្វើការងារនៅក្នុងនាយកដ្ឋាននេះនៅផ្នែកទឹកស្អាត និងអនាម័យ។ បើគិតមកដល់ពេលបច្ចុប្បន្នប្រហែលជា៥-៦ឆ្នាំហើយ។ ដំបូងឡើយខ្ញុំធ្វើការក្នុងគម្រោង Advocacy (គម្រោងស្វែងរកការគាំទ្រលើវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ) ដែលធ្វើការងារ

តស៊ូមតិ ទៅលើសារៈប្រយោជន៍នៃទឹកស្អាត និងអនាម័យដល់ថ្នាក់ស្រុក ដល់ថ្នាក់ក្រោមជាតិ។ ការងារនេះបានផ្តល់ឱកាសឱ្យខ្ញុំបានច្រើន និងជិតស្និទជាមួយការងារខាងថ្នាក់ជាតិ និងក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាក្នុងវិស័យទឹកស្អាត និងអនាម័យ ហើយការងារទាំងអស់ក៏បានបង្រៀនខ្ញុំឲ្យបានយល់កាន់តែច្បាស់អំពីសារៈប្រយោជន៍ និងតម្រូវការក្នុងវិស័យហ្នឹងដែលផ្សារភ្ជាប់រវាងសុខុមាលភាព និងសុខភាពសាធារណៈ។ រហូតមកដល់ពេលបច្ចុប្បន្ន ខ្ញុំក៏ទទួលខុសត្រូវក្នុងគម្រោងគ្រប់គ្រងទិន្នន័យសម្រាប់វិស័យទឹកស្អាត និងអនាម័យនេះផងដែរ។

សុធារី៖ អ្វីដែលជាកត្តាជំរុញចិត្តអ្នកស្រី សុខាទេវា មកចាប់យកតួនាទីក្នុងវិស័យទឹកស្អាត និងអនាម័យ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ ដំបូងឡើងគឺជាការផ្តល់ឲ្យនៅតួនាទី និងភារកិច្ច ហើយក៏ជាការចាត់តាំងពី ស្ថាប័នរបស់ខ្ញុំ ដែលឱ្យមកធ្វើនៅក្នុងនាយកដ្ឋានថែទាំសុខភាពជនបទ។ ទីមួយ ជាការចាត់តាំងទៅការបែងចែកតួនាទីភារកិច្ចហ្នឹង តែអ្វីដែលធ្វើឱ្យខ្ញុំបន្តធ្វើលើការងារនេះជាច្រើនឆ្នាំមកទៀតលើវិស័យនេះ គឺដោយសារខ្ញុំមើលឃើញពីការទទួលបាននៅឱកាសអភិវឌ្ឍន៍ខ្លួនឯង ដូចខ្ញុំបាននិយាយខាងដើមចឹងថាទឹកស្អាត និងអនាម័យ គឺជាការងារថ្មីមួយសម្រាប់ខ្ញុំទេ ពីព្រោះ​ Background របស់ខ្ញុំគឺនៅខាងសុខភាពសារធាណៈ និងមួយទៀត ខ្ញុំជាឱសថការី អ៊ីចឹងការងារទឹកស្អាតជាផ្នែក Engineering មិនត្រូវនឹងBackground របស់ខ្ញុំទេ។ ប៉ុន្តែវាផ្សារភ្ជាប់ជាមួយនឹង Background របស់ខ្ញុំ ដែលជាអ្នកសុខភាពសាធារណៈ និងជាអ្នកលើកកម្ពស់សុខុមាលភាពសហគមន៍។ ខ្ញុំមើលឃើញថាការងារដែលខ្ញុំធ្វើប៉ុន្មានឆ្នាំមកនេះ បានផ្តល់ឲ្យខ្ញុំបានអភិវឌ្ឍខ្លួនដោយមានទំនាក់ទំនងជាច្រើនជាមួយដៃគូអភិវឌ្ឍន៍នានា ហើយក៏អាចយកអ្វីដែលខ្ញុំបានរៀនមកអនុវត្តនបានដែរ។ ម្យ៉ាងទៀត ការងារលើកកម្ពស់សហគមន៍ជាការងារមួយរីករាយណាស់សម្រាប់ខ្ញុំ ខ្ញុំក៏មានទស្សនវិស័យ ចង់ឃើញភាពរីកចម្រើនក្នុងសហគមន៍ឲ្យប្រជាជនតាមជនបទ អាចទទួលបានទឹកស្អាត មានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្នាដែរ។ បើយើងជំរុញឲ្យគ្រប់ផ្ទះមានទឹកស្អាត និងបង្គន់អនាម័យ យើងខ្លួនឯងក៏ដូចជាបងប្អូនយើងទៅដល់ទីណាក៏មិនខ្លាចខ្វះទឹកស្អាត និងបង្គន់ប្រើប្រាស់ដែរ។ នេះជាកត្តាដែលជំរុញឱ្យខ្ញុំបន្តធ្វើការងារទឹកស្អាត និងអនាម័យបានរហូតសព្វថ្ងៃនេះ។

សុធារី៖ អ្នកស្រី ច័ន្ទថេត សុខាទេវា បានសង្កេតឃើញដូចម្តេចដែរ ចំពោះការចូលរួមរបស់ស្ត្រីក្នុងវិស័យនេះ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ ខ្ញុំសង្កេតឃើញថាការចូលរួមរបស់ស្ត្រីក្នុងវិស័យនេះ នៅមានចំនួនតិចតួចនៅឡើយគ្រប់កម្រិតទាំងអស់មិនថាកម្រិតថ្នាក់ដឹកនាំ មិនថាកម្រិតបច្ចេកទេស តួយ៉ាងដូចការគ្រាមួយពេលថ្មីៗនេះ ខ្ញុំត្រូវបានចាត់តាំងឱ្យទៅចូលរួមប្រជុំជាមួយក្រុមការងារទឹកស្អាត ហើយនៅក្នុងប្រជុំនេះសុទ្ធតែប្រុសទាំងអស់ មានស្រីតែពីរនាក់គត់។ មួយវិញទៀត ខ្ញុំសង្កេតឃើញថានៅផ្នែកអប់រំសិក្សាលើផ្នែកទឹកស្អាត និងអនាម័យលើផ្នែកបរិស្ថានហ្នឹង គេមានរៀនលើការគ្រប់គ្រងទឹក ក៏ឃើញការចូលរួមរៀនក៏តិចដែរ ពីព្រោះខ្ញុំឃើញក្មួយខ្ញុំទៅរៀនផ្នែកហ្នឹងដែរ ហើយខ្ញុំឃើញអ្នកដែលធ្វើកាងារលើមុខវិជ្ជាហ្នឹងមានចំនួនតិចមិនថាជាបុរស ឬក៏ស្ត្រីទេ។ ជាពិសេស គឺមនុស្សស្រីអត់សូវបានចូលរួមតែម្តង ដូចមានពាក់ព័ន្ធនឹងបច្ចេកទេសច្រើន ហើយយើងមើលឃើញថាចំនួនស្ត្រីនៅក្នុងវិស័យនេះនៅមានចំនួនតិចនៅឡើយ។

Photo provided by Chanthet Sokhadeva

សុធារី៖ តាមការសង្កេតរបស់អ្នកស្រីកន្លងមក ហេតុអ្វីបានជាចំនួនការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យនេះនៅមានកម្រិតតិចតួចនៅឡើយ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ ខ្ញុំគិតថាវាជាបរិបទឬផ្នត់គំនិតមួយដែលយើងគិតថាការងារលើទឹកស្អាត និងអនាម័យ គឺជាការងារបច្ចេកទេសដែលជាការងាររបស់មនុស្សប្រុស។ ប៉ុន្តែវាអត់ត្រឹមត្រូវទេ ពីព្រោះការងារទាំងអស់នេះ គឺយើងអាចធ្វើបានទាំងស្រីទាំងប្រុស។ មួយវិញទៀត គឺកង្វះការយល់ដឹងអំពីអត្ថប្រយោជន៍ពីអនាម័យ ទឹកស្អាត និងសារៈប្រយោជន៍ក្នុងការចូលរួមក្នុងវិស័យនេះតែម្តង។ យើងក៏ត្រូវការផ្សព្វផ្សាយលើកម្ពស់ផងដែរទៅលើការងារទឹកស្អាត និងអនាម័យនេះ ដើម្បីឲ្យមានការចូលរួមតាំងពីកម្រិតថ្នាក់វិទ្យាល័យមកម្លេះ ហើយជំរុញ និងលើកទឹកចិត្តឲ្យស្រីចូលរួមទាំងផ្នែកការសិក្សា ទាំងផ្នែកការងារផងដែរ។ យើងមើលឃើញថាការងារទៅលើទឹកស្អាត និងអនាម័យនេះពិតជាត្រូវការបច្ចេកទេសច្រើន ពីព្រោះការងារខ្លះអាចធ្វើការនៅក្នុងបន្ទប់ពិសោធន៍ និងត្រូវចុះទៅសហគមន៍។ អ៊ីចឹងមិនមានស្ត្រីច្រើនប៉ុ​ន្មានទេ ដែលគាត់អាចធ្វើដំណើរឆ្ងាយចុះទៅធ្វើការនៅតាមសហគមន៍ ពីព្រោះគាត់ព្រួយបារម្ភពីសុវត្ថភាពផ្ទាល់ខ្លួនច្រើន។

សុធារី៖ តើអ្នកស្រី ច័ន្ទថេត សុខាទេវា មើលឃើញថាការចូលរួមរបស់ស្ត្រី និងក្មេងស្រីមានសារៈសំខាន់ដូចម្តេចខ្លះសម្រាប់ការអភិវឌ្ឍផ្នែកវិស័យទឹកស្អាត និងអនាម័យ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ បើនិយាយពីស្រ្តី និងក្មេងស្រីនៅក្នុងគ្រួសារមួយ ពួកគាត់ដើរតួនាទីក្នុងការងារប្រើប្រាស់ គ្រប់គ្រងទឹក និងអនាម័យនៅក្នុងផ្ទះរបស់ពួកគាត់។ ដូច្នេះហើយធ្វើឱ្យស្ត្រីយល់ច្បាស់ពីការគ្រ​ប់គ្រង និងប្រើប្រាស់ទឹក និងដឹងកាន់តែច្បាស់ពីតម្រូវការចាំបាច់លើផ្នែកអនាម័យ ដែលជាកត្តាសំខាន់សម្រាប់ស្ត្រីតែម្តង។ បើយើងមើលទៅលើការស្រាវជ្រាវវិញគេសង្កេតឃើញថា ស្រ្តី និងក្មេងស្រីមានតម្រូវការយកទឹកច្រើនជាងក្មេងប្រុស ហើយមកដល់សព្វថ្ងៃនេះ គេក៏រកឃើញផងដែរថា ស្ត្រី និងក្មេងស្រីជុំវិញពិភពលោកប្រើពេល២០០លានម៉ោងដើម្បីយកទឹក។ បើនិយាយពីអនាម័យវិញ កង្វះការទទួលបាននូវអនាម័យបានជះឥទ្ធិពលយ៉ាងខ្លាំង ដែលធ្វើឱ្យស្រ្តីជួបការលំបាករួមមានអនាម័យពេលមករដូវ ក៏ដូចជាសុវត្ថិភាពផ្ទាល់ខ្លួន រងការរំលោភបំពាន និងអំពើហិង្សាជាដើម។ អ៊ីចឹងការចូលរួមរបស់ស្រ្តីមាន សារៈសំខាន់ណាស់ គឺស្រ្តីយល់ពីស្រ្តីខ្លួនឯង ហើយនឹងជួយបង្កើននូវសមភាពយេនឌ័រ ក៏ដូចជាដោះស្រាយបញ្ហាកង្វះខាតទឹកស្អាត និងបង្គន់អនាម័យទៅដល់ស្រ្តីដែលកំពុងតែខ្វះខាត។

សុធារី៖ តើយើងត្រូវធ្វើដូចម្តេចខ្លះ ដើម្បីឲ្យមានការចូលរួមរបស់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យនេះកាន់តែប្រសើរជាងមុន?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ ដូចដែលខ្ញុំបាននិយាយខាងដើមអ៊ីចឹង ការចូលរួមរបស់ស្ត្រីតិចតាំងពីថ្នាក់ មហាវិទ្យាល័យផ្នែកទឹកស្អាត និងអនាម័យនេះ ជាពិសេសស្ត្រី និងបរិស្ថានដែលផ្តោតសំខាន់លើផ្នែកអនាម័យ និងទឹកស្អាតហ្នឹង។ អ៊ីចឹងខ្ញុំគិតថាយើងគួរតែលើកទឹកចិត្តឱ្យស្ត្រីបានចូលរៀនពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាទឹកស្អាត និងអនាម័យនេះ។ អ៊ីចឹងខ្ញុំគាំទ្រពួកគាត់ទៅលើដំណើរការនៃការៀនសូត្ររបស់គាត់ ដូចជាផ្តល់អាហារូបករណ៍ ឬក៏ជាប្រាក់ឧបត្ថម្ភសម្រាប់ស្រ្តី ដើម្បីបានរៀននៅមុខវិជ្ជាទាក់ទងនឹងទឹកស្អាត និង លើកទឹកចិត្តគាត់ ហើយផ្តល់នូវការចុះកម្មសិក្សា។ អ៊ីចឹងពួកគាត់មានការងារធ្វើត្រឹមត្រូវ គាត់នឹងយល់ច្បាស់អំពីភាពចាំបាច់របស់ទឹកស្អាត និងអនាម័យ ក៏ដូចជាគាត់អាចពង្រឹងសមត្ថភាពខ្លួនឯង មានជំនឿជឿជាក់លើខ្លួនឯង ដើម្បីចូលរួមនៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះ។ ហើយមួយទៀត គឺយើងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងកន្លែងការងាររបស់យើង ដោយឱ្យមានចំនួនស្ត្រី និងបុរសស្មើរគ្នា ហើយយើងអាចឱ្យស្ត្រីចូលរួមនៅក្នុងការងារនេះឱ្យបានច្រើនដូចដែរយើងធ្លាប់បានធ្វើ។ ហើយមួយវិញទៀត ទាក់ទងជាមួយនឹងការធ្វើការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងកន្លែងការងាររបស់យើង ដោយឱ្យមានចំនួនស្រ្តី និងបុរសស្មើគ្នា ហើយយើងអាចឱ្យស្ត្រីចូលរួមនៅក្នុងការងារនេះឱ្យបានច្រើន។ មួយវិញទៀត គឺធ្វើការងារលើកកម្ពស់ និងបង្កើនការយល់ដឹងទាក់ទងជាមួយនឹងការងារទឹកស្អាត និងអនាម័យ ដែលយើងតែងតែគិតថាការងារវិស្វករត្រូវតែមានកាយសម្បទាមាំមួន ដូចជាចុះទៅធ្វើការងារនៅតាមសហគមន៍ជនបទ ចុះទៅជីកអណ្តូង ឬក៏ត្រួតពិនិត្យគុណភាពទឹក ជាការងាររប​ស់មនុស្សប្រុសនោះទេ។ ការងារនេះមិនមែនជាការចែងចែកយេនឌ័រនោះទេ គឺម​នុស្សស្រី និងមនុស្សប្រុសអាចធ្វើបានដូចគ្នា។

សុធារី៖ អ្នកស្រី ច័ន្ទថេត សុខាទេវា ចង់ឃើញអ្វីបន្ថែមទៀតនៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ ខ្ញុំសង្ឃឹមថាមានការចូលរួមរបស់ស្ត្រីកាន់តែច្រើនឡើងទាំងក្នុងកម្រិតការដឹកនាំ ការសម្រេចចិត្ត ទាំងកម្រិតបច្ចេកទេស ហើយសហគមន៍មានការអភិវឌ្ឍន៍ មានទឹកស្អាត និងបង្គន់អនាម័យមានគ្រប់ផ្ទះ។

សុធារី៖ ខ្ញុំចង់សួរអ្នកស្រី ច័ន្ទថេត សុខាទេវា ខ្លះពីកុមារភាពរបស់អ្នកស្រី តើអ្នកស្រីអាចប្រាប់បានទេថា បរិយាកាសនៅជុំវិញខ្លួនអ្នកស្រី ដែលអ្នកស្រីធំធាត់ឡើងបានជំរុញឲ្យអ្នកស្រីធ្វើការក្នុងវិស័យនេះ យ៉ាងដូចម្តេចខ្លះ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ ការពិតទៅដូចអ្វីដែលខ្ញុំបានលើកឡើងពីខាងដើម ការងារទឹកស្អាត និងអនាម័យ គឺជាការងារថ្មីរបស់ខ្ញុំ ពីព្រោះខ្ញុំរៀនខាងផ្នែកឱសថការី ហើយតទៅខាងផ្នែកសុខភាពសាធារណៈ។ តែក្រោយមកទៀត ពេលដែលខ្ញុំបានធ្វើការលើទឹកស្អាត និងអនាម័យនេះ ក៏ជាកត្តាមួយដែលជំរុញឱ្យខ្ញុំបន្តធ្វើការងារនេះទៀតព្រោះវាទាក់ទងនឹងកុមារភាពដែរ។ កាលពីជំនាន់នោះ យើងទៅលេងស្រុក គឺខ្វះខាតបង្គន់អនាម័យសម្រាប់ឱ្យយើងបត់ជើង។ អ៊ីចឹងដល់ពេលយើងមកធ្វើការ គឺយើងមកលើកកម្ពស់ឱ្យម្នាក់ៗសាងសង់បង្គន់។ អ៊ីចឹងក៏ត្រូវនឹងចិត្តយើងដែលចង់ពង្រីកឱ្យនៅគ្រប់ផ្ទះទាំងអស់មានបង្គន់ប្រើប្រាស់គ្រប់គ្នា មិនចង់ឲ្យបត់ជើងពាសវាលពាសកាល ដែលនាំឲ្យខូចដល់បរិស្ថាន បាត់បង់នៅសោភ័ណភាពនោះទេ។

កាលពីក្មេងខ្ញុំនៅផ្ទះម្តុំវត្តភ្នំទល់មុខផ្ទះខ្ញុំ គឺសួនច្បារប្រជាធិបតេយ្យ ហើយកាលជំនាន់ឆ្នាំ១៩៩០ជាងហ្នឹង មិនមានការសម្អាតទេ ហើយតែងមានអ្នកមកបត់ជើងពាសវាលពាសកាលនៅសួនច្បារមួយហ្នឹង ហើយយើងគិតមើលទៅ នៅសួនច្បារទីសាធារណៈដែលនៅកណ្តាលក្រុងភ្នំពេញ គួរតែជាកន្លែងយើងកម្សាន្ត គួរតែជាកន្លែងដែលយើងអាចរំសាយទុក្ខកង្វល់ បែរទៅជាមានក្លិនលាមក។ នេះក៏ជារឿងមួយដែលខ្ញុំធ្លាប់គិតពីក្មេងដែរ ដែលយើងគិតថាបើមានបង្គន់សាធារណៈត្រឹមត្រូវ យើងមានកន្លែងសមរម្យសម្រាប់ការបន្ទោរបង់គឺមិនមានប្រជាជន ឬពលរដ្ឋណាម្នាក់មកបត់ជើងពាសវាលពាសកាលនៅសួនច្បារទីសាធារណៈអ៊ីចឹងបានទេ ហើយយើងក៏អាចប្រើប្រាស់សួនសារធារណៈហ្នឹង បានដោយសប្បាយចិត្តហើយ។

សុធារី៖ អ្នកស្រី សុខាទេវា បានបន្តការសិក្សាផ្នែកសុខភាពសាធារណៈ។ តើកត្តាអីដែលជំរុញឱ្យអ្នកស្រីទៅរៀនបន្តផ្នែកសុខភាពសាធារណៈហើយនៅបន្តធ្វើការក្នុងវិស័យហ្នឹង?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ កត្តាដែលជំរុញឱ្យខ្ញុំបន្តការសិក្សាទៅមុខទៀត ដោយសារខ្ញុំចូលចិត្ត ស្រលាញ់ការរៀនសូត្រ អ៊ីចឹងខ្ញុំចង់ដឹងបន្តទៀត ហើយពេលដែលខ្ញុំបញ្ចប់បរិញាប័ត្រឱសថការីនៅក្មេងដែរទេ អ៊ីចឹងខ្ញុំគិតថា ខ្ញុំត្រូវការបន្តការសិក្សាឱ្យបានវែងឆ្ងាយ ហើយផ្នែកដែលខ្ញុំរៀនពេទ្យហ្នឹង គឺមានផ្នែកសុខភាពសាធារណៈដែរ ដែលវាមានការងារទូលំទូលាយ។ ពេលត្រឡប់មកវិញ ខ្ញុំក៏ចង់ចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាជនដែរ ព្រោះយើងមើលឃើញមានការខ្វះខាតជាច្រើននៅក្នុងផ្នែកសុខភាពសាធារណៈ ហើយទំហំការងារក៏មានច្រើននៅក្នុងសុខភាពសាធារណៈហ្នឹងដែរ តួយ៉ាងដូចការងារទឹកស្អាត និងអនាម័យដែលវាផ្សារភ្ជាប់ទាំងបច្ចេកទេស ការដឹកនាំ ការលើកកម្ពស់សុខភាពសាធារណៈហ្នឹងឯង។

សុធារី៖ ចុះខាងក្រុមគ្រួសារអ្នកស្រី ច័ន្ទថេត សុខាទេវា គាត់បានលើកទឹកចិត្តឱ្យអ្នកស្រីទៅរៀនបន្ត ហើយធ្វើការផ្នែកទឹកស្អាត និងអនាម័យទេ ព្រោះអ្នកស្រីបានលើកឡើងពីខាងដើមថា អ្នកដែលធ្វើការក្នុងវិស័យហ្នឹង ជាពិសេសស្ត្រីនៅពេលដែលគាត់ចុះខេត្តមានការលំបាកច្រើន?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ ការពិតទៅខ្ញុំទទួលបានការគាំទ្រពីគ្រួសារច្រើន ទោះបីជាខ្ញុំស្ថិតនៅក្នុងគ្រួសារដែរតឹងតែងបន្តិចក៏ដោយ។ ការធ្វើដំណើរមានការរឹតត្បិតដែរ តែដោយសារកត្តាការងារដែលតម្រូវឱ្យខ្ញុំទៅខេត្ត ខ្ញុំអាចប្រើប្រាស់យាន្តជំនិះខ្លួនឯង ឬក៏ទៅជាក្រុមជាដើម។

Photo provided by Chanthet Sokhadeva

សុធារី៖ ខ្ញុំធ្លាប់ឮទាក់ទងនឹងផ្នត់គំនិត វប្បធម៌ ប្រពៃណី ដែលគិតថាកាងារបែបនេះបានជាការងារស្ត្រី ការងារបែបនោះទើបការងារបុរស តើអ្នកស្រីខ្លួនឯងធ្លាប់ជួបប្រទះបញ្ហាប្រឈមបែបនេះទេ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ សម្រាប់ខ្ញុំខ្លួនឯងធ្លាប់មានបញ្ហាប្រឈមហ្នឹងដែរ តួយ៉ាងដូចជាកាលពេលដែលខ្ញុំចប់ថ្នាក់វិទ្យាល័យដំបូង យើងជ្រើសរើសមុខវិជ្ជារៀន ខ្ញុំចូលចិត្តផ្នែកបច្ចេកវិទ្យាច្រើន អ៊ីចឹងទៅខ្ញុំគិតថាខ្ញុំចាប់យកមុខវិជ្ជាហ្នឹងដែរ។ ប៉ុន្តែដោយឡែកផ្នត់គំនិតរបស់ម្តាយខ្ញុំ គាត់ថាការងារផ្នែក IT ហ្នឹងជាការងារបុរសវាមិនសមជាការងាររបស់យើងទេ អ៊ីចឹងក៏ឲ្យខ្ញុំចូលរៀនផ្នែកឱសថការីទៅ ហើយខ្ញុំខ្លួនឯងក៏ ស្រឡាញ់មុខវិជ្ជាពេទ្យដែរ ខ្ញុំក៏សម្រេចចិត្តថារៀនឱសថការី ផ្នែកពេទ្យវិញទៅ។ ចំពោះ IT ខ្ញុំអាចរៀនជា វគ្គសិក្សាខ្លីអ៊ីចឹងទៅ។ ទោះបីជាមានការរារាំង ការបែងចែកយេនឌ័រក៏ដោយ ក៏ខ្ញុំនៅតែអាចជម្នះ ឬក៏ស្វែងរកឱកាសធ្វើអ្វីដែលខ្លួនឯងស្រលាញ់ ឬក៏អាចធ្វើបាន។ ជម្នះត្រង់ថាការងារមិនបែងចែកស្រីប្រុសទេ គឺយើងអាចធ្វើបានទាំងអស់គ្នាឱ្យតែយើងខិតខំប្រឹងប្រែង។

សុធារី៖ តើមានស្ត្រីដែលមានតួនាទីជាថ្នាក់ដឹងនាំធ្វើការនៅក្នុងវិស័យទឹកស្អាត និងអនាម័យច្រើនទេ មិនសំដៅតែលើស្ថាប័នរដ្ឋនោះទេ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ បើយើងមើលទៅលើចំនួនស្ត្រី ដែលជាថ្នាក់ដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ គឺមានចំនួនតិចណាស់ប្រហែលជាមួយភាគរយ ប្រសិនជាយើងមើលដូចជានៅក្នុងទឹកស្អាត និងអនាម័យដែលខ្ញុំធ្វើការជាមួយមិនថាអង្គការដៃគូរ។ បើខាងផ្នែកអង្គការមិនមែនរដ្ឋាភិបាលមានការលើកទឹកចិត្តច្រើនដែលមានចំនួនស្ត្រីច្រើនទាំងកម្រិតថ្នាក់ដឹកនាំ មានដូចជាប្រធានថ្នាក់តំបន់ និងប្រធានគម្រោងច្រើន។ ចំណែកនៅក្នុងស្ថាប័នរដ្ឋយើងត្រូវការជំរុញទឹកចិត្តស្រ្តីច្រើន​ ដើម្បីបានចូលរួមក្នុងថ្នាក់ដឹកនាំ ពីព្រោះថាស្ត្រីនៅក្នុងការធ្វើសម្រេចចិត្តនៅមានចំនួនតិចតួចនៅឡើយ បើយើងប្រៀបធៀបទៅ ស្ថាប័នមិនមែនរដ្ឋាភិបាល។

សុធារី៖ ហេតុអ្វីបានជាការចូលរួមរបស់ស្ត្រីនៅក្នុងស្ថាប័នរដ្ឋនៅមានចំនួនតិចនៅឡើយ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ សម្រាប់ខ្ញុំមើលឃើញថាមិនមែនតែចំនួនស្ត្រីក្នុងស្ថាប័នរដ្ឋទេ គឺស្ត្រីដែលចូលរួមហ្នឹងក៏មានចំនួនតិចតួចដែរ។ ស្ត្រីខ្លួនឯងភាគច្រើនគាត់មិនចង់ធ្វើការស្មុគស្មាញច្រើន ដោយសារគាត់នៅមានការងារមួយទៀត គឺការងារជាមេផ្ទះ ការងារមើលកូន ឬមួយក៏អប់រំកូន និងការងារនៅផ្ទះ ច្រើនជាជាងចាប់យកតួនាទីអ្នកដឹកនាំកំពូលអ៊ីចឹងទៅ ពីព្រោះថាការដែលរវល់ច្រើនជាមួយនឹងការងារ អាចធ្វើឲ្យគាត់ឃ្លាតឆ្ងាយពីគ្រួសាររបស់គាត់។ នេះជាអ្វីដែលខ្ញុំគិតថាស្ត្រីដែលនៅក្នុងស្ថាប័នរដ្ឋមិនបានឈានជើង ឬមួយក៏ហ៊ានចាប់យកការងារជាថ្នាក់ដឹកនាំ។ ហើយមួយទៀតគឺការពង្រឹងសមត្ថភាពរបស់គាត់ និងជំនឿចិត្តរបស់គាត់។ អីចឹងនៅពេលដែលគាត់ចូលក្នុងវិស័យរដ្ឋគឺគាត់ធ្វើការ៨ម៉ោង ហើយយើងអាចមានពេលវេលាសម្រាប់គ្រួសារបានច្រើន។

សុធារី៖ កន្លងមកអ្នកស្រី សុខាទេវា គិតថាពេលដែលគេនិយាយពីបញ្ហាទឹកស្អាត និងអនាម័យ តើមានកង្វល់ និង ប្រឈមរបស់ស្ត្រីត្រូវបានយកទៅពិភាក្សាច្រើនទេ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ នៅពេលដែលគេនិយាយអំពីបញ្ហាទឹកស្អាត និងអនាម័យ ហើយនិយាយដល់បញ្ហារបស់ស្ត្រីយើងបាននិយាយ ហើយយើងក៏ព្យាយាមលើកទឹកចិត្តដូចជាមានផែនការ ឬក៏យុទ្ធសាស្រ្តដើម្បីលើកកម្ពស់សមភាពយេនឌ័រដែរ។ ប៉ុន្តែវាត្រូវការទាមទារពេលវេលាច្រើន ហើយទាមទារការចូលរួមច្រើនពីស្ត្រី តាមពិតយើងបានធ្វើជាជំហានៗហើយ គ្រាន់តែថាការចូលរួមនៅមានកម្រិតនៅឡើយ។ អ៊ីចឹងទាមទារពេលវេលាសម្របសម្រួលក្នុងការ តស៊ូមតិ និងលើកកម្ពស់ការយល់ដឹង ដើម្បីជំរុញឱ្យស្រ្តីចូលរួម។ ទោះបីជាយើងបានយកបញ្ហានោះមកជជែកគ្នា ប៉ុន្តែវាត្រូវការពេលវេលាមួយដើម្បីដោះស្រាយបញ្ហាហ្នឹង។

សុធារី៖ តើកម្ពុជាមានផែនការ ឬក៏គោលនយោបាយអ្វីខ្លះ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ បើតាមខ្ញុំដឹងយើងមានតែឯកសារទាក់ទងជាមួយនឹងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនៅកម្ពុជា វាមិនបានផ្តោតជាក់លាក់តែទៅលើទឹកស្អាត និងអនាម័យទេ។ ប៉ុន្តែវាផ្តោតទៅលើគ្រប់វិស័យទាំងអស់ពីព្រោះវាផ្សារភ្ជាប់ជាមួយនឹងគោលដៅចីវភាព SDGs ទី៥ ដែលបានបង្កើតឡើងដើម្បីសម្រេចសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីទាំងអស់ ដោយមិនលើសពីឆ្នាំ២០៣០។ ការកំណត់នេះដើម្បីអាចលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងទៅលើស្ត្រី និងក្មេងស្រីជាដើម។ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីវាជាជំហ៊ានសំខាន់មួយដើម្បីពន្លឿនដល់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលប្រទេសសមាជិកទាំងអស់គួរតែត្រូវបានអនុវត្ត។ មួយវិញទៀត គឺយើងមើលឃើញពីគោលនយោបាយពីការកម្ពស់ក្មេងស្រីទៅក្នុងក្របខណ្ឌច្បាប់ និងគោលនយោបាយជាតិ ដែលនិយាយថាការបង្កើនភាពអង់អាចដល់ស្ត្រី ជាពិសេសក្នុងវិស័យអប់រំដែលត្រូវបានគាំទ្រដោយច្បាប់ និងគោលនយោបាយជាច្រើននៅកម្ពុជារបស់យើងតាំងពីឆ្នាំ២០០៧ មកម្ល៉េះ។ ហើយបើយើងនិយាយពីច្បាប់នៅកម្ពុជាដែលបានអនុម័ត គឺទទួលស្គាល់ថាបុរស និងស្ត្រីមានសិទ្ធក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព និងមិនគិតថ្លៃសម្រាប់រយៈពេល៩ឆ្នាំក្នុងសាលារដ្ឋ។

ហើយក៏ដូចជាយុទ្ធសាស្ត្រចតុកោណនៅដំណាក់កាលទី៤ របស់រដ្ឋាភិបាល ក៏បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមភាពយេនឌ័រ ដែលកាត់បន្ថយគម្លាតយេនឌ័រនៅគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអប់រំ និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈទាំងផ្នែកបច្ចេកទេស ជំនាញ វិស្វកម្មជាដើម។ បន្ថែមពីនេះបើយើងមើលផែនការអភិវឌ្ឍជាតិ២០១៩-២០២៣ គឺមានគោលដៅបង្កើនចំនួនស្រ្តីចុះឈ្មោះចូលរៀន ក៏ដូចជាការចូលរួមលើមុខជំនាញជាពិសេសមុខវិទ្យាសាស្ត្រ  បច្ចេកវិទ្យា វិស្វកម្មទាំងអស់ហ្នឹង ជាពិសេសដូចបានលើកឡើងទឹកស្អាត និងអនាម័យនៅក្នុងផ្នែកវិស្វកម្ម ការច្នៃប្រឌិតក៏ដូចជាគណិតវិទ្យាជាដើម។ បើយើងមើលទៅលើផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ របស់ក្រសួងកិច្ចការនារី ក៏មានបំណងលើកកម្ពស់ ការទទួលបានការអប់រំ លើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈដែរ ដែលជំរុញការចូលរួម ការយល់ដឹង លក្ខខណ្ឌគ្រាំទ្ររបស់ស្ត្រីផងដែរ។ ហើយនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៤-២០១៨ ក៏ដូចជាគោលនយោបាយស្តីពីចក្ខុវិស័យឆ្នាំ២០៣០ របស់ក្រសួងអប់រំយុវជន និងកីឡាក៏មានគោលបំណងបន្តដោះស្រាយបញ្ហាយេនឌ័រនៅគ្រប់កម្រិត ក៏ដូចជាការរៀបចំកម្មវិធីអាហារូបករណ៍ថ្នាក់ជាតិ និងការអភិវឌ្ឍន៍សមត្ថភាពសម្រាប់ស្ត្រីផងដែរ។ ហើយចំពោះគោលនយោបាយសាលាកុមារមេត្រីដែលបានអនុម័យនៅឆ្នាំ២០០៧ គឺមានបំណងធានាការអប់រំតាមបែបបរិយាប័នសម្រាប់ក្មេងស្រី និងក្មេងប្រុស ដែលត្រូវប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងមានកិច្ចការពារកុមារ ក៏ឆ្លើយតបរវាងយេនឌ័រដែរ។

សុធារី៖ អ្នកស្រី ច័ន្ទថេត សុខាទេវា អាចប្រាប់បានទេថាក្នុងនាមជាស្ត្រីម្នាក់ធ្វើការនៅក្នុងវិស័យទឹកស្អាត និងអនាម័យ តើអ្នកស្រីបានជួបប្រទះនឹងបញ្ហាប្រឈមអ្វីខ្លះកន្លងមក?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ បញ្ហាប្រឈមដែលខ្ញុំបានជួបប្រទះពេលធ្វើការនៅក្នុងផ្នែកទឹកស្អាត និងអនាម័យនេះ គឺខ្ញុំធ្វើដំណើរភាគច្រើនចុះទៅសហគមន៍ជនបទជាមួយនឹងបុរសច្រើនជាង ដោយសារតែចំនួនស្ត្រីតិច ហើយពេលដែលខ្ញុំបបួលស្រ្តីចុះទៅសហគមន៍ជាមួយអីចឹង គាត់តែងតែថារវល់ត្រូវមើលថែកូន ហើយខ្ញុំត្រូវជម្នះជាមួយនឹងក្រុមគ្រួសារដែរ ពីព្រោះគាត់មិនជាចង់ឱ្យខ្ញុំចុះទៅច្រើនជាមួយនឹងការទៅខេត្តអីច្រើន ដោយសារតែគិតគូដល់បញ្ហាសុវត្ថភាពរបស់ខ្ញុំ។ ខ្ញុំត្រូវជម្នះឧបសគ្គមួយចំនួនពីការហាមឃាត់ពីគ្រួសារក៏ដូចជាការចូលរួមធ្វើការងារជាមួយនឹងបុរសច្រើន ហើយយើងតែម្នាក់ឯង។ ជាពិសេសការចូលរួមនៅក្នុងអង្គប្រជុំយើងត្រូវការបញ្ចេញមតិយោបល់ហើយយើងស្រីតែឯង។

សុធារី៖ ជាចុងក្រោយតើអ្នកស្រី ច័ន្ទថេត សុខាទេវា មានពាក្យពេចន៍អី្វចង់ផ្តាំផ្ញើទៅស្ត្រី យុវតី ឬក៏យុវជនផ្សេងៗដែលគាត់កំពុងតែស្តាប់ Podcast នេះទេ?

អ្នកស្រី ច័ន្ទថេត សុខាទេវា៖ ខ្ញុំសូមលើកទឹកចិត្តស្ត្រីឲ្យហ៊ានសាកល្បង ដើម្បីចាប់យកឱកាសអ្វីដែលថ្មីក្នុងការអភិវឌ្ឍខ្លួនឯងកាន់តែប្រសើរឡើង៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s