សារៈសំខាន់នៃការចូលរួមរបស់ស្រ្តី និងក្មេងស្រី​ក្នុងការរួមចំណែកដោះស្រាយបញ្ហាទឹកស្អាតនិងអនាម័យនៅជនបទ

ការចូលរួមរបស់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យទឹកស្អាត និងអនាម័យមាន សារៈសំខាន់ណាស់។ បើនិយាយពីស្រ្តី និងក្មេងស្រីនៅក្នុងគ្រួសារមួយ ពួកគាត់ដើរតួនាទីក្នុងការងារប្រើប្រាស់ គ្រប់គ្រងទឹក និងអនាម័យនៅក្នុងផ្ទះរបស់ពួកគាត់។ កត្តានេះបណ្តាលឱ្យស្ត្រីយល់ច្បាស់ពីការគ្រ​ប់គ្រងនិងប្រើប្រាស់ទឹក និងដឹងកាន់តែច្បាស់ពីតម្រូវការចាំបាច់លើផ្នែកអនាម័យ ដែលជាកត្តាសំខាន់សម្រាប់ស្ត្រីតែម្តង។ អ្នកស្រី ច័ន្ទថេត សុខាទេវា ដែលអនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ស្រ្តី និងក្មេងស្រីមានតម្រូវការយកទឹកច្រើនជាងក្មេងប្រុស ហើយមកដល់សព្វថ្ងៃនេះ គេក៏រកឃើញផងដែរថា ស្ត្រី និងក្មេងស្រីជុំវិញពិភពលោកប្រើពេល២០០លានម៉ោងដើម្បីយកទឹក។ បើនិយាយពីអនាម័យវិញ អ្នកស្រី សុខាទេវា បានមានប្រសាសន៍ថា កង្វះការទទួលបាននូវអនាម័យបានជិះឥទ្ធិពលយ៉ាងខ្លាំង ដែលធ្វើឱ្យស្រ្តីជួបការលំបាករួមមានអនាម័យពេលមករដូវ ក៏ដូចជាសុវត្ថិភាពផ្ទាល់ខ្លួន រងការរំលោភបំពាន និងអំពើហិង្សាជាដើម។ បញ្ហាទាំងនេះត្រូវបានអ្នកស្រី ច័ន្ទថេត សុខាទេវា បញ្ជាក់ដូច្នេះថា៖«ការចូលរួមរបស់ស្រ្តីមានសារៈសំខាន់ណាស់ គឺស្រ្តីយល់ពីស្រ្តីខ្លួនឯង ហើយនឹងជួយបង្កើននូវសមភាពយេនឌ័រ ក៏ដូចជាដោះស្រាយបញ្ហាកង្វះខាតទឹកស្អាត និងបង្គន់អនាម័យទៅដល់ស្រ្តីដែលកំពុងតែខ្វះខាត»។

បើទោះជាមើលឃើញពីសារៈសំខាន់យ៉ាងនេះក៏ដោយ ក៏នៅតែមានស្ត្រីតិចតួចប៉ុណ្ណោះ ចូលនៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះ។ ចំនួនដ៏តិចតួចនេះត្រូវបានអ្នកស្រី ច័ន្ទថេត សុខាទេវា កត់សម្គាល់ឃើញថាមានទាំងនៅកម្រិតថ្នាក់ដឹកនាំ និងកម្រិតបច្ចេកទេស។ អ្នកស្រី សុខាទេវា បានលើកពីករណីជាក់ស្តែងរបស់ខ្លួនថា អ្នកស្រីបានចូលរួមប្រជុំមួយទាក់ទងនឹងការងារទឹកស្អាត ដែលនៅក្នុងកិច្ចប្រជុំនោះសុទ្ធតែបុរស និងមានស្ត្រីតែ២នាក់ប៉ុណ្ណោះចូលរួម។

មួយវិញទៀត កង្វះខាតការយល់ដឹងអំពីអត្ថប្រយោជន៍របស់ទឹកស្អាត និងអនាម័យ និងសារប្រយោជន៍នៃការចូលរួម ក៏ជាមូលហេតុដែលមិនមានស្ត្រីចូលរួមអភិវឌ្ឍន៍វិស័យនេះផងដែរ។ អ្នកស្រី ច័ន្ទថេត សុខាទេវា ទទួលស្គាល់ថាការងារទឹកស្អាត និងអនាម័យនេះពិតជាត្រូវការបច្ចេកទេសច្រើន ដោយត្រូវធ្វើការនៅក្នុងបន្ទប់ពិសោធន៍ និងត្រូវចុះទៅសហគមន៍។ ដូច្នេះមិនមានស្ត្រីច្រើនប៉ុ​ន្មានទេ ដែលគាត់អាចធ្វើដំណើរឆ្ងាយចុះទៅធ្វើការនៅតាមសហគមន៍ ពីព្រោះគាត់ព្រួយបារម្ភពីសុវត្ថភាពផ្ទាល់ខ្លួនច្រើន។ អ្នកស្រី ច័ន្ទថេត សុខាទេវា ក៏សង្កេតឃើញថាចំនួនសិស្សដែលសិក្សាទៅលើទឹកស្អាត និងអនាម័យនេះ នៅមានចំនួនតិច ជាពិសេសស្ត្រីមិនសូវមានការចូលរួមតែម្តងដោយសារតែវាពាក់ព័ន្ធនឹងបច្ចេកទេសច្រើន។

ចំពោះស្រ្តីដែលជាថ្នាក់ដឹកនាំនៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះអ្នកស្រី សុខាទេវា មើលឃើញថា មានចំនួនតិចតួចណាស់ ពោលគឺប្រមាណមួយភាគរយប៉ុណ្ណោះ។ អ្នកស្រី ពន្យល់ពីមូលហេតុដែលធ្វើឱ្យស្ត្រីនៅក្នុងស្ថាប័នរដ្ឋមិនបានឈានជើង ឬក៏ហ៊ានទៅកាន់តួនាទីជាថ្នាក់ដឹកនាំ យ៉ាងដូច្នេះថា៖«ចំពោះស្រីខ្លួនឯងភាគច្រើន គឺគាត់មិនចង់ធ្វើការងារស្មុគស្មាញច្រើន ដោយសារគាត់នៅមានការងារមួយទៀត ធ្វើការងារជាមេផ្ទះ មើលថែកូន និងអប់រំកូន។ [ស្រ្តី]ធ្វើការងារនៅផ្ទះច្រើនជាជាងចាប់យកតួនាទីជាថ្នាក់ដឹកនាំកំពូលព្រោះអាចធ្វើឱ្យគាត់រវល់ច្រើន និងអាចឃ្លាតឆ្ងាយពីគ្រួសាររបស់គាត់»។

បើទោះជាមិនមានអ្នកចូលរួមច្រើននៅក្នុងវិស័យទឹកស្អាត និងអនាម័យក៏ដោយ ក៏អ្នកស្រី ច័ន្ទថេត សុខាទេវា មើលឃើញពីឱកាសច្រើននៅក្នុងវិស័យមួយនេះ

រៀនសូត្រឱ្យបានវែងឆ្ងាយជាគោលបំណងរបស់អ្នកស្រី ច័ន្ទថេត សុខាទេវា។ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រអក្សរសាស្រ្តភាសាអង់គ្លេស និងឯកទេសឱសថស្ថាន (ជំនាញឱសថការី) នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១ ។ នៅឆ្នាំ២០១៤ អ្នកស្រី សុខាទេវា ក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសុខភាពសាធារណៈនៅប្រទេសអូស្ត្រាលីរយៈពេល២ឆ្នាំទៀត ហើយនៅឆ្នាំ២០១៦ អ្នកស្រីបានចូលមកបម្រើការងារនៅក្នុងនាយកដ្ឋានថែទាំសុខភាពជន​បទនៃក្រសួងអភិវឌ្ឍន៍ជនបទវិញ។ អ្នកស្រី សុខាទេវា ពន្យល់ពីមូលហេតុដែលសម្រេចចិត្តបន្តយកជំនាញសុខភាពសាធារណៈនេះ ដោយសារតែអ្នកស្រីចង់ចូលរួមចំណែកលើកម្ពស់សុខភាពសាធារណៈរបស់ប្រជាជន ពីព្រោះអ្នកស្រីមើលឃើញចំណុចខ្វះខាតជាច្រើនៅក្នុងវិស័យសុខភាពសាធារណៈ។

ឱកាសក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀត គឺជាកត្តាដែលជំរុញឱ្យស្ត្រីបន្តធ្វើការងារនៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះ។ អ្នកស្រីត្រូវបានតំឡើងតួនាទីជាអនុប្រធាននាយកដ្ឋានថែទាំសុខភាពជន​បទនៃក្រសួងអភិវឌ្ឍន៍ជនបទ ចាប់តាំងពីឆ្នាំ២០១៩រហូតមកដល់សព្វថ្ងៃ។ អ្នកស្រី សុខាទេវា បញ្ជាក់ថា៖«ការងារលើកកម្ពស់ទឹកស្អាត និងអនាម័យនេះ ជាការងារមួយដែលរីករាយណាស់សម្រាប់ខ្ញុំ។ ខ្ញុំក៏មានទស្សនចង់ឃើញការរីកចម្រើននៅក្នុងសហគមន៍ ដោយឱ្យប្រជាពលរដ្ឋមានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់គ្រប់គ្នាដែរ។ ​បើយើងជំរុញឱ្យគ្រប់ផ្ទះមានទឹកស្អាតនិងបង្គន់អនាម័យ យើងខ្លួនឯង ឬក៏បងប្អូនយើងទៅដល់ទីណាក៏មិនខ្វះទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់ដែរ»។

ការងារនៅក្នុងវិស័យទឹកស្អាត និងអនាម័យ គឺជាការងារថ្មីសម្រាប់អ្នកស្រី ច័ន្ទថេត សុខាទេវា ពោលគឺអ្នកស្រីបានបម្រើការប្រមាណជា៦ឆ្នាំ។ ការងារថ្មីនេះផ្តល់ឱកាសឱ្យអ្នកស្រីបានធ្វើការងារយ៉ាងជិតស្និទជាមួយនឹងក្រុមការងារថ្នាក់ជាតិ និងក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាក្នុងវិស័យទឹកស្អាត និងអនាម័យ។ ការងារទាំងអស់នេះក៏បានបង្រៀនអ្នកស្រីឱ្យបានយល់កាន់តែច្បាស់អំពីសារប្រយោជន៍ និងតម្រូវការក្នុងវិស័យ ដែលផ្សារភ្ជាប់រវាងសុខមាលភាពរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។ ទន្ទឹមនឹងនេះ អ្នកស្រីក៏ទទួលខុសត្រូវក្នុងគម្រោងគ្រប់គ្រងទិន្នន័យសម្រាប់វិស័យទឹកស្អាត និងអនាម័យផងដែរ។

បើទោះជាទទួលបានការគាំទ្រពីគ្រួសារឱ្យធ្វើការងារនៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះក៏ពិតមែន ប៉ុន្តែគ្រួសាររបស់អ្នកស្រីតែងតែព្រួយបារម្មនៅពេលដែលអ្នកស្រី សុខាទេវា ត្រូវចុះទៅនៅតាមសហគមន៍ជនបទម្តងៗ។ អ្នកស្រី ច័ន្ទថេត សុខាទេវា ពន្យល់យ៉ាងដូច្នេះ៖«បញ្ហាប្រឈមដែលខ្ញុំបានជួបប្រទះកន្លងមក គឺពេលចុះទៅសហគមន៍ភាគច្រើន ខ្ញុំចុះទៅជាមួយបុរសដោយសារតែចំនួនស្ត្រីតិច ហើយពេលដែលខ្ញុំបបួលស្រ្តីចុះទៅសហគមន៍ជាមួយ គឺគាត់តែងតែនិយាយថារវល់ត្រូវមើលថែកូន។ ហើយខ្ញុំត្រូវជម្នះជាមួយនឹងក្រុមគ្រួសារដែរ ពីព្រោះគាត់មិនចង់ឱ្យខ្ញុំចុះទៅធ្វើការងារនេះនៅខេត្តច្រើនទេ ដោយសារតែគិតគូដល់សុវត្ថិភាពរបស់ខ្ញុំ»។

ធ្វើដូចម្តេចដើម្បីឱ្យមានការចូលរួមពីស្រ្តី និងក្មេងស្រីនៅក្នុងវិស័យទឹកស្អាត និងអនាម័យកាន់តែប្រសើជាងមុន?

អ្នកស្រី ច័ន្ទថេត សុខាទេវា មើលឃើញថាការចូលរួមរបស់ស្ត្រីមានកម្រិតតិចតាំងពីនៅកម្រិតមហាវិទ្យានៅលើមុខវិជ្ជាទឹកស្អាត និងអនាម័យនេះ។ ដូច្នេះគួរតែលើកទឹកចិត្តឱ្យស្ត្រីចូលរៀនពាក់ព័ន្ធនឹងផ្នែកទឹកស្អាត និងអនាម័យនេះ។​ អ្នកស្រី សុខាទេវា បញ្ជាក់ថា៖«[យើង]គាំទ្រស្រ្តីទៅលើដំណើរការនៃការរៀនសូត្រ ដូចជាផ្តល់អាហារូបករណ៍ ឬជាប្រាក់ឧបត្ថម្ភសម្រាប់ស្រ្តី ដើម្បីបានរៀនទាក់ទងនឹងទឹកស្អាត និងអនាម័យនេះ ហើយផ្តល់ឱ្យមានការចុះកម្មសិក្សា។ ដូច្នេះពួកគាត់មានការងារធ្វើត្រឹមត្រូវ គាត់នឹងយល់ច្បាស់អំពីភាពចាំបាច់របស់ទឹកស្អាត និងអនាម័យ ក៏ដូចជាគាត់អាចពង្រឹងសមត្ថភាពខ្លួនឯង មានជំនឿជឿជាក់លើខ្លួនឯង ដើម្បីចូលរួមនៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះ​»។​

ការជំរុញឱ្យមានស្រ្តីចូលរួមកាន់តែច្រើននៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះ ទាមទារពេលវេលាច្រើន និងតម្រូវឱ្យមានការចូលរួមច្រើនពីស្ត្រី។ អ្នកស្រី ច័ន្ទថេត សុខាទេវា បញ្ជាក់ថា ការងារលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យនេះត្រូវបានធ្វើជាជំហ៊ានៗហើយ គ្រាន់តែការចូលរួមនៅមានកម្រិតនៅឡើយ។

អ្នកស្រី សុខាទេវា បានបន្ថែមទៀតថា ការលើកកម្ពស់សមភាពយេនឌ័រនៅកន្លែងការងារ មាន សុខភាពសាធារណៈណាស់ក្នុងការធ្វើឱ្យមានការចូលរួមរបស់ស្រ្តីកាន់តែច្រើន។ មួយវិញទៀត ការងារបង្កើនការយល់ដឹងលើសមភាពឱកាសការងារក្នុងទឹកស្អាត និងអនាម័យ រវាងបុរសនិងស្រ្តី អាចជំរុញឱ្យស្ត្រីចូលរួមនៅក្នុងការងារទឹកស្អាតនិងអនាម័យនេះកាន់ច្រើន។ អ្នកស្រី បានបញ្ជាក់បន្ថែមថា៖«ការងារនេះមិនមែនជាការចែងចែកយេនឌ័រនោះទេ គឺម​នុស្សស្រី និងមនុស្សប្រុសអាចធ្វើបានដូចគ្នា»៕

អត្ថបទនេះជាផ្នែកមួយនៃយុទ្ធនាការ​ HerRoles​​ ដែលប្រែជាភាសាខ្មែរថា​​ តួនាទីរបស់គាត់។​យុទ្ធនាការនេះធ្វើឡើងដើម្បីលើកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីតួនាទី និងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យទឹកស្អាតនិងអនាម័យ។ យុទ្ធនាការនេះសហការរៀបចំដោយអង្គការវ៉តធ័រអេត (WaterAid) និងកម្មវិធីស្រ្តីជំនាន់ថ្មី។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s