អ្នកស្រី មិត្ត សុមន្ថា៖ ស្រ្តីអាចធ្វើការងារគ្រប់យ៉ាងដែលបុរសអាចធ្វើបាន

អ្នកស្រី មិត្ត សុមន្ថា គឺជា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ។ អ្នកស្រីបានធ្វើការលើបញ្ហាយេនឌ័រ និងការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជាជិត២០ឆ្នាំមកហើយ។ អ្នកស្រី សុមន្ថា បានបញ្ចប់ ការសិក្សារថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០០២ និងថ្នាក់អនុបណ្ឌិតនៅប្រទេសថៃ ផ្នែកការអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០០៨។

សុធារី៖ ស្វាគមន៍មកាន់កម្មវិធីស្ត្រីជំនាន់ថ្មី ថ្ងៃនេះកម្មវិធីយើងសន្ទនាជាមួយ អ្នកស្រី មិត្ត សុមន្ថា ដែលជាអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចសម្ភាស៍នេះគឹជាផ្នែកមួយនៃយុទ្ធនាការ HerRoles ដែលប្រែជាភាសាខ្មែរថាតួនាទីរបស់គាត់ ដែលសហការផលិតដោយអង្គការ WaterAid Cambodia និងកម្មវិធីស្ត្រីជំនាន់ថ្មី។

យុទ្ធនាការនេះធ្វើឡើង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនលើភាពជាអ្នកដឹកនាំ តួនាទីរបស់ស្ត្រីក្នុងវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា។

សុធារី៖ តើអ្នកស្រី មិត្ត សុមន្ថា អាចប្រាប់បានទេថា តើអ្នកស្រីបានចូលធ្វើការក្នុងវិស័យទឹកស្អាត និងអនាម័យនេះតាំងពីពេលណាមក?

អ្នកស្រី មិត្ត សុមន្ថា៖ បើគិតពីការធ្វើការកន្លងមក ខ្ញុំមកពីនាយកដ្ឋានផ្សេង តែនៅក្នុងក្រសួងអភិវឌ្ឍជនបទដូចគ្នា។ ទើបតែឆ្នាំ២០២០នេះឯង ដែលប្តូរទៅនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ហើយតាំងពីពេលប្តូរទៅក្នុងអំឡុងពេលកូវីដ-១៩ តែម្តង អ៊ីចឹងដូចជាមិនមានអីច្រើនក្នុងការរៀបរាប់ទេ ប៉ុន្តែអំឡុងពេលដែលខ្ញុំទៅធ្វើការងារនៅនាយកដ្ឋានថ្មីនោះ ខ្ញុំបានរៀនសូត្រច្រើនដែរទាក់ទងនឹងការផ្គត់ផ្គង់ទឹកជនបទ។

សុធារី៖ តើកត្តាអ្វីដែលជំរុញលើកទឹកចិត្តអ្នកស្រី សុមន្ថា ឱ្យប្តូរពីនាយកដ្ឋានផ្សេងមកនាយកដ្ឋានផ្គត់ផ្គង់ទឹកជន?

អ្នកស្រី មិត្ត សុមន្ថា៖ កត្តាដែលជំរុញហ្នឹង គឺខ្ញុំមើលឃើញថាបច្ចុប្បន្ននេះ ការងារផ្គត់ផ្គង់ទឹកជនបទ ក៏ដូចជាអនាម័យហ្នឹងជាការងារសំខាន់ ពីព្រោះថាក្រសួងអភិវឌ្ឍន៍ជនបទ គឺជាក្រសួងដែលយើងអភិវឌ្ឍនៅតំបន់ជនបទ ហើយបញ្ហាផ្គត់ផ្គង់ទឹកនិងអនាម័យ ក៏យើងមើលឃើញនៅមានកម្រិតនៅឡើយ ជាពិសេសនៅតាមតំបន់ជនបទតែម្តង។ មួយទៀតក៏ខ្ញុំគិតថាវាជាវិស័យសំខាន់ និងជាឱកាសមួយប្រសិនបើខ្ញុំបានផ្លាស់ប្តូរពីនាយកដ្ឋានចាស់ទៅនាយកដ្ឋានថ្មីនេះ ហើយជាសំណាងល្អដែលខ្ញុំអាចផ្លាស់ប្តូរទៅធ្វើការនៅទីនោះបាន។

សុធារី៖ តើអ្នកស្រី មិត្ត សុមន្ថា អាចប្រាប់បានទេថា កន្លងមកអ្នកស្រីបានធ្វើអ្វីខ្លះក្នុងការចូលរួមលើកកម្ពស់ចូលរួមរបស់ស្រ្តីក្នុងវិស័យទឹកស្អាត និងអនាម័យនេះ?

អ្នកស្រី មិត្ត សុមន្ថា៖ ការងារនេះរៀងថ្មីសម្រាប់ខ្ញុំដែរ ដោយសារតែខ្ញុំបានប្តូរពីនាយកដ្ឋានផ្សេងក្នុងឆ្នាំ ២០២០នេះ គឺចំពេលកូវីដ-១៩តែម្តង ដែលកំពុងរីករាលដាលទាំងនៅក្នុងស្រុកយើង និងសាកលលោក។ អ៊ីចឹងការចូលរួមមិនជាច្រើនប៉ុន្មានទេ។ ប៉ុន្តែជារួមមកខ្ញុំបានចូលរួមច្រើនតាមរយៈការធ្វើផែនការសុវត្ថិភាពទឹកដោយព្យាយាមឱ្យមានការចូលរួមរបស់ស្ត្រីក្នុងការៀបចំនិងការកសាងផែនការ ហើយតាមរយៈការបណ្តុះបណ្តាលផ្សេងៗដល់ឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមន្រ្តីមន្ទីរផ្សេងៗនៅតាមខេត្ត។ យើងព្យាយាមឱ្យមានការលើកកម្ពស់ការចូលរួមរបស់ស្រ្តីផងដែរ។

សុធារី៖ តាមរយៈការងារដែលអ្នកស្រី មិត្ត សុមន្ថា បានធ្វើកន្លងមកជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ តើអ្នកស្រីមើលឃើញថាការចូលរួមរបស់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យទឹកស្អាត និងអនាម័យមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះ?

អ្នកស្រី មិត្ត សុមន្ថា៖ ទាក់ទងនឹងបរិបទស្រុកខ្មែរយើងក៏ដូចជាប្រទេសភាគច្រើននៅក្នុងអាស៊ី គឺស្ត្រីជាអ្នកទទួលបន្ទុកសន្តិសុខស្បៀងនៅក្នុងគ្រួសារ ទាំងការទៅរកទឹកមកប្រើប្រាស់ ទាំងការដាំបាយ ធ្វើម្ហូប ថែទាំកូន ថែទាំចាស់ជរានៅក្នុងផ្ទះ ជាពិសេសគឺគាត់ធានាពីអនាម័យ និងសុខភាពសម្រាប់សមាជិកគ្រួសារ។ ប៉ុន្តែយើងមើលឃើញពីការចូលរួមរបស់គាត់នៅក្នុងការងារទឹកស្អាតនិងអនាម័យនេះ គឺនៅមានកម្រិតទៅឡើយ។ ការចូលរួមរបស់គាត់ គឺមានសារៈសំខាន់ណាស់ជាមួយតួនាទីរបស់គាត់ ដែលខ្ញុំបានរៀបរាប់ពីខាងដើមមកនេះ។ ដូច្នេះហើយយើងក៏គិតថានេះ គឺជាបញ្ហាមួយសម្រាប់យើង ដើម្បីឲ្យយើងទាំងអស់គ្នាដោះស្រាយដែរ។

សុធារី៖ តាមការសង្កេតរបស់អ្នកស្រី សុមន្ថា កន្លងមកនេះឃើញថាស្ត្រី និងក្មេងស្រីមានការចូលរួមច្រើនដែរឬទេ ទាំងចូលរួមជាសមាជិក ទាំងថ្នាក់មូលដ្ឋាន និងចូលរួមជាថ្នាក់ដឹកនាំនៅតាមសហគមន៍ ឬក៏នៅតាក្រសួង មន្ទីរជាដើម?

អ្នកស្រី មិត្ត សុមន្ថា៖ បើនិយាយពីការចូលរួមរបស់ស្រ្តីវិញ មិនមានច្រើនទេ ដូចដែលខ្ញុំបានជំរាបពីខាងដើមអ៊ីចឹង ទោះបីជាយើងមើលឃើញថាតួនាទីស្ត្រីសំខាន់ក្នុងវិស័យទឹកស្អាត និងអនាម័យនេះក៏ដោយ ក៏ចំនួននៃការចូលរួមរបស់គាត់នៅមានកម្រិតដែរ។

សុធារី៖ អ្នកស្រី សុមន្ថា អាចប្រាប់បានទេថាហេតុអ្វីបានជាការចូលរួមរបស់ស្ត្រី និងក្មេងស្រីនៅមានកម្រិត?

អ្នកស្រី មិត្ត សុមន្ថា៖ ខ្ញុំគិតថាការចូលរួមនៅមានកម្រិតនេះ អាចបណ្តាលមកពីទីមួយ យើងមើលឃើញថាផ្នត់គំនិតសង្គមទៅលើស្ត្រីនៅក្នុងបរិបទសង្គមខ្មែរតែម្តង គឺវាបានចាក់ឬសយ៉ាងជ្រៅពីមុនមកដល់ពេលបច្ចុប្បន្ននេះតែម្តង។ វាជាគំនិតដែលមនុស្សយើងគ្រប់គ្នាគិតថាឱ្យតម្លៃទៅស្ត្រីបែបម៉េច? ឧទាហរណ៍ថាស្ត្រី និងក្មេងស្រីត្រូវមានអាកប្បកិរិយាបែបនេះ ត្រូវមានការទទួលខុសត្រូវបែបនេះ តួនាទីបែបនេះ បែបនោះ អ៊ីចឹងគឺជាផ្នត់គំនិតរបស់ពួកគាត់ថាត្រូវរៀនបែបនេះ ត្រូវរៀនមុខវិជ្ជានេះ ត្រូវធ្វើនេះ ត្រូវធ្វើនោះ។ អ្នកខ្លះទៀតគាត់គិតថាស្ត្រីធ្វើជាអ្នកដឹកនាំអីទេ បង្វិលចង្រ្កានមិនជុំផងហ្នឹង! ស្ត្រីសោះចង់ចេះ ចង់ចូលរួមប្រជុំក្រុមប្រឹក្សាឃុំអីដែរទេ! ដាំតែបាយ មើលតែកូននៅផ្ទះទៅ។ ហើយអ្នកខ្លះទៀតក៏គាត់គិតថា ស្ត្រីមានភេទទន់ខ្សោយមិនអាចធ្វើជាមេឃុំបាន ឬក៏មិនអាចកាន់កាប់ការងារធំបាន ស្ត្រីគាត់មានការងារផ្ទះច្រើន ឧទាហរណ៍ថាឲ្យធ្វើធំទៅងាកឈប់ៗ ឲ្យធ្វើមេឃុំទៅងាកឈប់ៗ តិចទៅកូនឈឺ តិចទៅចេះតិចទៅចុះ សូម្បីគេឲ្យកាន់ការងារទឹកផ្នែកសហគមន៍ក៏គាត់គិតថា វាអាចមានផលរំខានច្រើនដែរ។ អ៊ីចឹង តំណែងខ្លះត្រូវបានបាត់បង់ដោយសារផ្នត់គំនិតខាងលើហ្នឹងឯង ហើយធ្វើឲ្យស្ត្រីនឹងបាត់បងឱកាសរៀនសូត្រ បាត់បង់ឱកាសការងាររបស់គាត់ដែលធ្វើឱ្យគាត់អត់អាចបញ្ចេញសមត្ថភាពខ្លួនឯងឱ្យដូចបុរសបានទេ។ សំខាន់មួយទៀតនោះ គឺគាត់មិនអាចបង្ហាញសមត្ថភាពរបស់គាត់ជាក់ស្តែងដែលគាត់អនុវត្តបាន។

ទីពីរ គឺស្ត្រីខ្លួនឯងតែម្តងដែលគាត់មិនសូវឱ្យតម្លៃខ្លួនឯងប៉ុន្មានទេ គាត់មិនមានភាពជឿជាក់លើខ្លួនឯង គាត់គិតថាខ្លួនឯងរវល់ណាស់ រវល់មើលថែកូន រវល់គិតគូរអនាម័យនៅផ្ទះ រវល់រឿងសន្តិសុខស្បៀងរបស់គាត់នៅផ្ទះ។ អ៊ីចឹងហើយគាត់នៅតែគិតថាបើគាត់ធ្វើការងារនេះ ប្រហែលជាពិបាកដោយសារតែគាត់មិនមានពេលវេលាគ្រប់គ្រាន់ ហើយស្ត្រីខ្លះគាត់និយាយថា ខ្ញុំប្រហែលជាមិនអាចធ្វើមេឃុំ ឬក៏ប្រធានក្រុមអ្នកប្រើប្រាស់ទឹកបានទេ ពីព្រោះខ្ញុំរវល់ការងារផ្ទះ ណាមួយខ្ញុំមិនសូវចេះ មិនសូវដឹង ខ្ញុំមិនហ៊ាន ខ្ញុំមិនសូវដឹង អ៊ីចឹងខ្ញុំធ្វើមិនបានទេ។ ដូចអ្វីដែលខ្ញុំបានលើកឡើង ទីមួយគឹបញ្ហាផ្នត់គំនិតសង្គម ហើយទីពីរគឺស្ត្រីខ្លួនឯងដែលគាត់មិនសូវមានភាពជឿជាក់។ ទស្សនៈទាំងអស់ហ្នឹងហើយដែលធ្វើឱ្យមានការរារាំងក្នុងការធ្វើឱ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យអនាម័យ និងទឹកស្អាតនេះ។

សុធារី៖ អ្នកស្រី មិត្ត សុមន្ថា ដែលជាស្ត្រីម្នាក់ធ្វើការក្នុងវិស័យនេះ ហើយមានតួនាទីជាថ្នាក់ដឹកនាំម្នាក់ដែរ តើអ្នកស្រីបានជួបប្រទះបញ្ហាប្រឈមអ្វីខ្លះកន្លងមក?

អ្នកស្រី មិត្ត សុមន្ថា៖ បញ្ហាប្រឈមបើគិតពីកន្លែងធ្វើការវិញ ដូចជាមិនសូវមានបញ្ហាប្រឈមទេចំពោះខ្លួនខ្ញុំផ្ទាល់។ ទីមួយគឺ ខ្ញុំបានទទួលឱកាសពីលោកប្រធាននាយកដ្ឋានដែលគាត់បានផ្តល់ឱកាសច្រើនមកដល់ខ្ញុំ ទោះបីខ្ញុំថ្មីទើបតែចូលធ្វើការ ហើយខ្ញុំជាស្ត្រីក៏ដោយ ក៏គាត់នៅតែផ្តល់ឱកាសឱ្យដូចបុរសដែរ។ អ៊ីចឹងនេះជាការលើកទឹកចិត្តមួយដែរពីខាងថ្នាក់ដឹងនាំរបស់យើង។ បញ្ហាប្រឈមដែលខ្ញុំបានជួបកន្លងមកដូចជាមិនមានអីជាធំដុំទេ។ ពេលខ្លះទៅយើងមានអារម្មណ៍ថា ខ្លួនជាស្រីទៅធ្វើការបច្ចេកទេស គ្រាន់តែគិតតែខ្លួនឯងទេ បើខ្ញុំមើលពីសហការីរបស់ខ្ញុំទាំងបុរសនិងស្ត្រីដូចជាមិនមានបញ្ហាទេ។

សុធារី៖ ចុះផ្នែកដែលអ្នកស្រី សុមន្ថា បានលើកឡើងខាងដើមថា ស្ត្រីត្រូវមានតួនាទីមើលថែកូន មើលថែគ្រួសារ តើនេះជាបញ្ហាប្រឈមសម្រាប់អ្នកស្រីទេ ជាពិសេសក្នុងអំឡុងពេលកូវីដ១៩ ដែលម្តាយភាគច្រើនត្រូវមើលថែកូនដែលកូនត្រូវរៀនពីផ្ទះទៅ?

អ្នកស្រី មិត្ត សុមន្ថា៖ យើងមានបញ្ហាប្រឈមអំឡុងពេលកូវីតនេះ ហើយលក្ខណៈធ្ងន់ធ្ងរតែម្តង ដោយសារទីមួយ យើងមានកូននៅផ្ទះហើយកូនត្រូវរៀនអនឡាញ។ ខ្ញុំមានកូនដល់ទៅ៣នាក់ ហើយនៅតូចៗទៀត ដែលគាត់រៀនទាំង៣នាក់ ខ្ញុំក៏មិនអាចទុកគាត់ចោល។ អ៊ីចឹងអំឡុងពេលកូវីដនេះខ្ញុំទៅធ្វើការផ្ទាល់នៅការិយាល័យលុះត្រាតែករណីចាំបាច់។ បើមិនសូវចាំបាច់ទេ ខ្ញុំធ្វើការពីផ្ទះ ព្រោះខ្ញុំអាចធ្វើការផង ជួយបង្រៀនកូនផង មើលកូនផង ហើយក៏យើងអាចដាំបាយ ឬក៏ធ្វើម្ហូបចាត់ចែងរឿងបញ្ហាហូបចុកផង។ អ៊ីចឹងបញ្ហានេះគឺជាបន្ទុកសម្រាប់យើងតែម្តង។ ឧទាហរណ៍ថា យើងកំពុងតែផ្តោតលើការងារបន្ទាន់ស្រាប់តែកូនគាត់ស្រែកមកថា ម៉ាក់កូនធ្វើការនេះមិនចេញទេ ម៉ាក់កូនធ្វើការងារនេះមិនកើតទេ អ៊ីចឹងយើងចង់មិនចង់ក៏ត្រូវតែដកខ្លួនបន្តិចមកមើលគាត់ដែរ និយាយទៅវាអាចខកខានការងារយើង ។

ពេលខ្លះយើងគិតថាការងារនឹងវាសំខាន់ជាង ដោយសារតែវាបន្ទាន់ អ៊ីចឹងទោះបីជាកូនមកសួរអី្វក៏ដោយ ក៏យើងអត់ឆ្លើយទេ យើងប្រាប់ថាម៉ាក់រវល់។ អ៊ីចឹងទៅកូនពេលខ្លះបានម៉ាក់រវល់គាត់លេងហ្គេម ឬមួយគាត់ធ្វើអ្វីផ្សេងដែលគាត់គិតថាម៉ាក់អត់រវល់ជាមួយគាត់ ពេលខ្លះក៏ជាផលប៉ះពាល់មួយដែរ ដោយសារយើងអត់មានពេលទៅឱ្យកូន។ ហើយមួយទៀតបញ្ហាហូបចុកទាក់ទងនឹងការធ្វើម្ហូបដាំបាយ ចាត់ចែងរឿងសន្តិសុខស្បៀងសម្រាប់កូនយើងផង គ្រួសារយើងផង។ អ៊ីចឹងយើងធ្វើការផង យើងត្រូវប្រាកដថាយើងមានម្ហូបគ្រប់គ្រាន់។ ពេលខ្លះរវល់មែនទែន តែយើងត្រូវតែឆ្លៀតមកធ្វើម្ហូប ពីព្រោះដល់ម៉ោងកូនហូបបាយ ហើយបន្ទាប់ពីហូបបាយ ត្រូវដល់ម៉ោងរៀនទៀត ដូច្នេះទោះបីយើងរវល់យ៉ាងម៉េចក៏ដោយ ក៏យើងត្រូវតែឆ្លៀតមកចាត់ចែងរឿងបាយទឹកកូន។

មួយរយៈនេះដោយសារស្ថានភាពកូវីដ អ៊ីចឹងការប្រជុំ ការបណ្តុះបណ្តាលផ្សេងៗ គឺយើងធ្វើតាមអនឡាញ ប្រជុំខ្លះគឺសំខាន់មែនទែន ប្រជុំខ្លះយើងត្រូវធ្វើជាវាគ្មិន ប្រជុំខ្លះយើងត្រូវធ្វើជាអ្នកធ្វើបទបង្ហាញ អ៊ីចឹងយើងអត់អាចចេញពីមុខកុំព្យូទ័របានទេ។ ពេលខ្លះក៏យើងអត់មានពេលដើម្បីទៅបង្រៀនកូនដែរ ហើយក៏យើងមានការខកខានខ្លះក្នុងការចាត់ចែងបាយទឹក ម្ហូបអាហារឱ្យគាត់ដែរ។ ពេលខ្លះទៀតបើយើងគ្រាន់តែជាអ្នកចូលរួមធម្មតានៅក្នុងកិច្ចប្រជុំ គឺឆ្លៀតស្ពាយកុំព្យូទ័រដាក់ក្បែរចង្ក្រាន គ្រាន់តែយើងអាចស្តាប់និងយល់បាន ហើយយើងអាចមានពេលដើម្បីធ្វើម្ហូបអាហារឱ្យកូនដែរ។ ប៉ុន្តែ បើយើងជាវាគ្មិន ជាអ្នកធ្វើបទបង្ហាញ យើងអត់អាចទៅធ្វើអ៊ីចឹងបានទេ។ ដូច្នេះពេលខ្លះវាធ្វើឲ្យយឺតយ៉ាវក្នុងការធ្វើម្ហូបអាហារឲ្យកូន ជួនទៅប៉ះពាល់ដល់ម៉ោងរៀនគ្នាទៀត។ បញ្ហាកូវីដនេះវាប៉ះពាល់យ៉ាងខ្លាំងសម្រាប់ស្ត្រី ជាពិសេសសម្រាប់ស្ត្រីដែលគាត់ធ្វើការផង គាត់ជាមេផ្ទះផង។

សុធារី៖ អ្នកស្រី មិត្ត សុមន្ថា គិតថាតើភាគីពាក់ព័ន្ធគួរធ្វើអ្វីទៀត ដើម្បីឱ្យមានការចូលរួមរបស់ស្ត្រី និងក្មេងស្រីបានល្អប្រសើរជាងមុន?

អ្នកស្រី មិត្ត សុមន្ថា៖ ដើម្បីលើកទឹកចិត្តឲ្យមានស្ត្រី ឬក៏ក្មេងស្រីចូលរួមច្រើននៅក្នុងវិស័យនេះ ខ្ញុំគិតថាទីមួយ គឺយើងត្រូវមានគោលនយោបាយច្បាស់លាស់ពីថ្នាក់ជាតិទៅ គឺថាគោលនយោបាយនោះលើកកម្ពស់ឲ្យមានសមភាពយេនឌ័រតែម្តង។ នៅពេលដែលយើងមានគោលនយោបានពីខាងលើហើយ គឺយើងត្រូវអនុវត្តគោលនយោបាយហ្នឹងទៅខាងក្រោមម្តង។ ហើយ ដូចខ្ញុំបាននិយាយពីខាងលើ ដោយសារឬសគល់[ផ្នត់គំនិតសង្គម] ហើយវាមិនងាយផ្លាស់ប្តូរបានភ្លាមៗទេ វាត្រូវការពេលវេលាដើម្បីអនុវត្តគោលនយោបាយហ្នឹងបាន។ ទន្ទឹមនឹងនេះ គឺយើងត្រូវលើកទឹកចិត្តឲ្យមានការចូលរួមពីស្ត្រី និងក្មេងស្រីដែរ  ដោយសារតែបញ្ហាដែលខ្ញុំបានលើកឡើងបីខាងលើ គឺគាត់អត់ទុកចិត្តខ្លួនឯង និងដោយសារផ្នត់គំនិតពីសង្គមថាស្ត្រីធ្វើការធំមិនកើត គាត់ធ្វើការនោះមិនបាន ការនេះមិនសូវបាន ស្ត្រីធ្វើតែការងារផ្ទះបានហើយគឺវានៅតែជាផ្នត់គំនិតអ៊ីចឹង។ ដូច្នេះទន្ទឹមនឹងការអនុវត្តគោលនយោបាយ គឺត្រូវតែលើកទឹកចិត្តស្ត្រីឲ្យគាត់ចូលរួមផងដែរ។

ទន្ទឹមនឹងនេះក៏យើងត្រូវពង្រឹងសមត្ថភាពពួកគាត់ដែរ ពីព្រោះថាពាក់ព័ន្ធជាមួយនឹងការងារអនាម័យ និងទឹកស្អាតនេះ វាមានការពង្រឹងទាំងជំនាញទន់ និងជំនាញរឹង ពិសេសការផ្គត់ផ្គង់ទឹកនេះឯង។ បញ្ហាទឹកពេលខ្លះត្រូវការជំនាញទន់ផងដែរ ដើម្បីឲ្យគាត់យល់ពីភាពជាអ្នកដឹកនាំ ពីទំនាក់ទំនង ការចរចាផ្សេងៗ ធ្វើយ៉ាងណាឲ្យគាត់ចេះបត់បែន ហើយឱ្យគាត់ចេះធ្វើការនៅក្នុងវិស័យនេះ។ មួយទៀត គឺយើងត្រូវផ្តល់ឱកាសឲ្យពួកគាត់ពីព្រោះដើម្បីយើងអាចលើកកម្ពស់សមភាពយេនឌ័របាន ស្ត្រីគឹយើងត្រូវតែផ្តល់ឱកាសឲ្យគាត់ ហេតុអីបានផ្តល់ឱកាស ដូចអ្វីដែលខ្ញុំបានលើកមកពីខាងដើម ដោយសារគាត់ខ្លាច គាត់គិតថាខ្លួនឯងធ្វើមិនកើត ហើយសង្គមក៏រឹងត្បិតថែមទៀត គឺគាត់អត់ចង់ គាត់អត់ហ៊ានធ្វើ។

ទន្ទឹមនឹងផ្តល់ឱកាសហើយគឺយើងត្រូវវិនិយោគបន្ថែមដែរទៅលើស្ត្រី ឧទាហរណ៍ថាយើងធ្វើការងារអី្វមួយនៅថ្នាក់ក្រោមជាតិ យើងធ្វើយូរទៅវាបានផលហើយ បើគិតពីការទទួលផលវិញទាំងបុរស នឹងស្ត្រី ប៉ុន្តែយើងក៏ត្រូវវិនិយោគទៅលើស្ត្រីបន្ថែម ដើម្បីឲ្យចំនួនស្ត្រីកាន់តែកើនឡើង។ សូម្បីជាលក្ខណៈការពង្រឹងសមត្ថភាពក៏យើងត្រូវពង្រឹងមានលក្ខណៈពិសេសដែរ បើសិនជាយើងប្រៀបធៀបទៅបុរសវិញ។ ម្យ៉ាងទៀត​ ស្រ្តីគាត់ប្រហែលជាមានពេលវេលាតិចជាងបុរសហើយ ដូចខ្ញុំលើកឡើងពីខាងលើដែលគាត់ត្រូវទទួលខុសត្រូវសន្តិសុខស្បៀងសម្រាប់គ្រួសាររបស់គាត់ គាត់ត្រូវថែទាំកូន គាត់ត្រូវថែទាំមនុស្សចាស់ជរានៅផ្ទះផង អ៊ីចឹងយើងក៏ត្រូវរកពេលវេលាសមស្របសម្រាប់ស្ត្រី ដើម្បីធ្វើយ៉ាងណាលើកទឹកចិត្តឲ្យគាត់ចូលរួម។ បន្ថែមពីនោះក៏ត្រូវវិនិយោគលើចំណេះដឹង ឬក៏ជំនាញអ្វីពិសេសតែម្តង ដើម្បីឲ្យមានសមធម៌ ដែលបុរសគាត់ទទួលបានកន្លងមកហើយ អ៊ីចឹងយើងវិនិយោគបន្ថែមលើស្ត្រីដើម្បីឱ្យស្ត្រីទទួលបានស្មើនឹងបុរស។

សុធារី៖ តើអ្នកស្រី សុមន្ថា មានសារអី្វចង់ផ្តាំផ្ញើទៅយុវតី ឬក៏ស្ត្រីផ្សេងទៀត ឬក៏យុវជនដែលគាត់កំពុងតែស្តាប់?

អ្នកស្រី មិត្ត សុមន្ថា៖ ខ្ញុំចង់ផ្តាំផ្ញើទៅឱ្យបងប្អូននារីយើង ក៏ដូចជាកុមារីទាំងអស់ថា វិស័យទឹកស្អាត និងអនាម័យ គឺមានសារៈសំខាន់ណាស់។ បើយើងមើលទៅស្ថានភាពនៅក្នុងប្រទេសយើងវិញ គឺយើងមើលឃើញថាមានបញ្ហាកង្វះទឹកស្អាត និងអនាម័យនៅតំបន់ជនបទបានជះឥទ្ធិពលមួយចំនួនដូចជា ប៉ះពាល់ដល់សុខភាព ហើយពេលប៉ះពាល់សុខភាពហើយ វានឹងប៉ះពាល់ដល់ការអប់រំ ហើយពេលប៉ះពាល់ដល់ការអប់រំហើយ វានឹងចូលរួមបន្តភាពក្រីក្រ។ អ៊ីចឹងបញ្ហាការអប់រំ និងភាពក្រីក្រហ្នឹងគឺវាភ្ជាប់គ្នាទៅនឹងសុខភាព ដែលបណ្តាលមកពីកង្វះទឹកស្អាត និងអនាម័យ ហើយវាបង្ករឱ្យមានជម្ងឺរាករូស ជំងឺក្រិនផ្សេងៗ ទាំងខ្វះអាហារូបត្ថម្ភ និងជម្ងឺផ្សេងៗទៀត។ ដូច្នេះការសិក្សារបស់កុមារា កុមារីក៏អាចថយចុះ ដោយសារសុខភាពរបស់គាត់ទន់ខ្សោយ ហើយជាពិសេសគឺគាត់បានបោះបង់ការសិក្សា ហើយពេលបោះបង់ការសិក្សាភាគច្រើន គឺក្មេងស្រីនៅតាមជនបទ។ ប្រសិនបើមានបញ្ហានេះហើយវានឹងធ្វើឲ្យមានការចំណាយកាន់តែច្រើន ចំណាយទាំងលើសុខភាព ទាំងការប្រើប្រាស់ បានន័យថាទៅទិញទឹកអីផ្សេងៗ ក៏ដូចជាពេទ្យព្យាបាល។ល។

ពេលចំណាយច្រើនហើយ លទ្ធភាពចំណូលក៏វាមិនសូវច្រើនដែរ ដោយសារសុខភាពយើងខ្សោយ​ អ៊ីចឹងវាអាចប៉ះពាល់ដល់ឱកាសការងារអីផ្សេងៗ រួមទាំងប្រាក់ចំណូល ហើយនៅពេលមានបញ្ហាដូចខ្ញុំបានជំរាបជូនពីខាងលើ ដោយសារស្ត្រីជាអ្នកទទួលបន្ទុកខាងសន្តិសុខស្បៀង អ៊ីចឹងស្ត្រីគាត់ទទួលបន្ទុកធ្ងន់ធ្ងរណាស់។ អ៊ីចឹងធ្វើឱ្យស្ត្រីមានពេលវេលាតិចតួចក្នុងការរកប្រាក់កម្រៃផ្សេងៗ។

ខ្ញុំចង់បញ្ជាក់ថាអនាម័យ នឹងទឹកស្អាត គឺវាសំខាន់មែនទែនៅតំបន់ជនបទ។ ដូច្នេះហើយបងប្អូននារីយើង ក៏ដូចជាកុមារីត្រូវចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់អនាម័យ និងទឹកស្អាតក្នុងសហគមន៍យើង។ ជាពិសេស គឺគាត់ត្រូវតែបញ្ចេញមតិ សំឡេង ឬក៏តម្រូវការជាក់លាក់របស់គាត់ ដើម្បីធានាថាសំឡេងរបស់គាត់ត្រូវបានឮ ហើយតម្រូវការជាក់លាស់របស់ពួកគាត់ត្រូវបានឆ្លើយតបពីអាជ្ញាធរមូលដ្ឋាន ឬក៏ពីអ្នកពាក់ព័ន្ធ។ បើគាត់អត់បានចូលរួមទេ បើមតិនិងបញ្ហាដែលគាត់បានជួបប្រទះនឹងមិនត្រូវបានជជែកវែកញែក បានគេដឹង ឬបានដោះស្រាយនោះទេ បញ្ហានឹងនៅតែបន្តមានរហូត។

សារពិសេសមួយទៀតដែលខ្ញុំចង់ផ្ញើជូនបងប្អូននារីៗ គឺត្រូវតែជឿជាក់លើខ្លួនឯងថាស្ត្រីយើងអាចធ្វើអ្វីៗបានដូចបុរសអ៊ីចឹង។ បុរសធ្វើអី្វបាន យើងក៏អាចធ្វើបានដែរ។ កុំចេះតែគិតថាយើងធ្វើមិនបានទេ ដោយសារតែយើងរវល់ យើងធ្វើមិនបានទេដោយសារយើងមិនចេះរឿងហ្នឹង យើងដឹកនាំគេមិនបានទេដោយសារយើងមិនធ្លាប់ធ្វើការងារហ្នឹងសោះ។ ខ្ញុំចង់ឱ្យលប់បំបាត់ពាក្យថា«មិនបាន មិនបានហ្នឹងចេញ» អ្វីដែលបុរសធ្វើបានគឺយើងធ្វើបានដូចគ្នា។

ហើយមួយទៀតក៏ចង់ផ្តាំផ្ញើរទៅបុរសដែរ កុំឱ្យតែថាស្រ្តីធ្វើបាន គឺគាត់អត់ខ្វល់ អត់ជួយលើកទឹកចិត្ត អត់ជួយធ្វើការងារផ្ទះទេ។ អ៊ីចឹងពេលដែលយើងលើកទឹកចិត្តឲ្យស្ត្រីចូលរួមការងារសហគមន៍និងការងារអនាម័យ និងទឹកស្អាត វាទៅជាបន្ទុកការងារសម្រាប់ស្រ្តីទៅវិញ ព្រោះគាត់ធ្វើការងារខាងក្រៅផង និងការងារក្នុងផ្ទះផង។ អ៊ីចឹងសារពិសេសមួយនេះផ្ញើទៅដល់បុរសៗ គឺគាត់ត្រូវចេះលើកទឹកចិត្តស្ត្រីយើងទីមួយ។ ទីពីរ គឺឲ្យគាត់បើកចំហរគំនិតថ្មីទទួលយករបៀបធ្វើការសម័យថ្មី គឺឲ្យតម្លៃទាំងបុរសនិងស្ត្រីស្មើរគ្នា ហើយស្ត្រីគាត់អាចធ្វើការដូចបុរសបានដែរ។ បុរសត្រូវចេះចែករំលែកការងារក្នុងផ្ទះទៀត ដូចជាដាំបាយ បោកខោអាវ មើលថែកូន ថែទាំចាស់ជរាក្នុងផ្ទះអ៊ីចឹងទៅ។ ទល់តែមានការចូលរួមពីបុរសឲ្យកាត់បន្ថយការងាររបស់ស្ត្រី ទើបស្ត្រីអាចមានពេលវេលាក្នុងការចូលរួមធ្វើកិច្ចការក្នុងសង្គមបានកាន់តែច្រើន និង អាចពង្រឹងសមត្ថភាពខ្លួនគាត់បាន។ នៅពេលដែលស្ត្រីមានចំណេះដឹង គាត់មានសមត្ថភាពទាំងនេះហើយ គាត់អាចមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមទៀតសម្រាប់គ្រួសារ។ នៅពេលដែលមានប្រាក់ចំណូលមក គឺយើងចូលរួមកាត់បន្ថយភាពក្រីក្ររបស់យើងទាំងអស់គ្នា រួមទាំងគ្រួសារ ទាំងសហគមន៍ ហើយក៏ដូចជាប្រទេសជាតិយើងទាំងមូលតែម្តង។

សុធារី៖ ចា៎អរគុណច្រើនអ្នកស្រី មិត្ត សុមន្ថា ដែលចូលរួមជាមួយនឹងកម្មវិធីយើង។

អ្នកស្រី មិត្ត សុមន្ថា៖ ចា៎ អរគុណច្រើន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s