ផ្នត់គំនិតសង្គម ជាបញ្ហាប្រឈមសម្រាប់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យ

បញ្ហាកង្វះទឹកស្អាត និងអនាម័យនៅតាមជនបទ បានជះឥទិពលអវិជ្ជមានមួយចំនួនដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនោះ ដូចជាបញ្ហាសុខភាព ជំងឺរាករូស ជំងឺឆ្លងផ្សេងៗ និងកង្វះអាហារូបត្ថម្ភផងដែរ។ អ្នកស្រី មិត្ត សុមន្ថា ដែលជាអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ មើលឃើញថា បញ្ហាទាំងអស់នេះធ្វើឱ្យប៉ះពាល់ដល់ការអប់រំរបស់កុមារនៅតាមជនបទ ជាពិសេសគឺក្មេងស្រី ដែលរាំងស្ទះក្នុងការកាត់បន្ថយភាពក្រីក្រនៅជនបទ។

ក្នុងវ័យ៤១ឆ្នាំអ្នកស្រី មិត្ត សុមន្ថា ទើបតែកាន់តំណែងជាអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទនាឆ្នាំ២០២០ ពោលគឺនៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងបរិការណ៍នេះអ្នកស្រី សុមន្ថា មិនអាចបំពេញបេសកកម្មអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យនៅជនបទដោយផ្ទាល់បានច្រើនឡើយ។ ក្នុងអំឡុងពេលនេះអ្នកស្រី ចូលរួមធ្វើផែនការសុវត្ថិភាពទឹកឃុំ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗដល់សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីនៅតាមបណ្តាខេត្តនានា ដោយព្យាយាមលើកកម្ពស់ការចូលរួមរបស់ស្រ្តីផងដែរ។

ការចូលរួមរបស់ស្រ្តីក្នុងវិស័យទឹកស្អាត និងអនាម័យនៅមានចំនួនតិចតួច

បើទោះបីជាស្ត្រីមានតួនាទីសំខាន់នៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះក៏ដោយ ក៏ការចូលរួមរបស់ស្រ្តីក្នុងវិស័យមួយនេះនៅមានកម្រិតនៅឡើយ។ អ្នកស្រី មិត្ត សុមន្ថា សង្កេតឃើញថា បញ្ហាប្រឈមសម្រាប់ស្រ្តីក្នុងការចូលរួមក្នុងវិស័យទឹកស្អាត និងអនាម័យ​គឺផ្នត់គំនិតសង្គមខ្មែរ កង្វះឱកាស និងកង្វះភាពជឿជាក់លើខ្លួនឯងរបស់ស្រ្តី។

ផ្នត់គំនិតសង្គម បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរដែលបានបែងចែកតួរនាទីស្រ្តី និងបុរសនៅក្នុងសង្គម។ ផ្តត់គំនិតសង្គមមួយចំនួន មិនបានលើកទឹកចិត្តស្រ្តីឲ្យចូលរួមក្នុងកិច្ចការសង្គម និងអភិវឌ្ឍន៍ផ្សេងៗឡើយ។ ក្នុងពេលបំពេញការងារ អ្នកស្រី មិត្ត សុមន្ថា បានឮពាក្យបន្ទច់បង្អាក់ស្រ្តីជាច្រើន។ អ្នកស្រីបានប្រាប់ថា៖«អ្នកខ្លះបានចាត់ទុកស្ត្រីជាស្ត្រីមេផ្ទះដែលបង្វិលចង្ក្រានមិនជុំ។ ខ្លួនជាស្ត្រីសោះចង់ក្លាយជាអ្នកដឹកនាំធ្វើអី្វ ចង់ចូលរួមប្រជុំក្រុមប្រឹក្សាឃុំធ្វើអី្វ នៅតែផ្ទះដាំតែបាយមើលតែកូនទៅបានហើយ»។ អ្នកស្រីបានបន្ថែមថា ៖«មានមតិខ្លះទៀតថា ស្ត្រីជាភេទទន់ខ្សោយមិនអាចធ្វើការងារធំបាន ជាប់រវល់ការងារផ្ទះច្រើន ឈឺច្រើន រវល់តែមានផ្ទៃពោះ និងងាកឈប់ៗ»។

អ្នកស្រី មិត្ត សុមន្ថា ​​បញ្ចាក់ថាកត្តាឱកាសក្នុងការបញ្ចេញសមត្ថភាព ក៏ជាបញ្ហាប្រឈមសម្រាប់ស្រ្តីផងដែរ។ អ្នកស្រីលើកឡើងថា៖«តំណែងខ្លះសម្រាប់ស្រ្តីត្រូវបានបាត់បង់។ ផ្នត់គំនិតសង្គមធ្វើឱ្យស្ត្រីបាត់បង់ឱកាសរៀនសូត្រ និងការងារ។ អ្វីដែលរឹតតែសំខាន់ទៀតនោះ គឺស្ត្រីមិនអាចបញ្ចេញសមត្ថភាពរបស់ខ្លួនដូចបុរសបានទេ»។

ម្យ៉ាងទៀត កង្វះភាពជឿជាក់លើខ្លួនឯងដោយសារមិនទទួលបានការលើកទឹកចិត្តពីភាគីពាក់ព័ន្ធនានា​ ធ្វើឱ្យស្រ្តីមិនចាប់អាម្មណ៍ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យនេះ ឬមានតួនាទីជាអ្នកដឹកនាំក្នុងវិស័យមួយនេះឡើយ។ អ្នកស្រី បានបន្ថែមថា ស្រ្តីចំណាយពេលច្រើនលើការងារផ្ទះ និងការងារថែទាំដែលមិនទទួលបានប្រាក់កម្រៃ។ «ខ្លួនជាមនុស្សស្រីរវល់មើលកូន រៀបចំបាយទឹក ផ្ទះសម្បែង គិតគូរពីស្បៀងអាហារក្នុងគ្រួសារ និងកត្តាសុខភាព»។ នេះជាមូលហេតុដែលមិនលើកទឹកចិត្តស្ត្រីឱ្យចូលរួមក្នុងវិស័យទឹកស្អាត និងអនាម័យ។

តួនាទីជាម្តាយដែលធ្វើការងាររកប្រាក់កម្រៃក្នុងវិស័យទឹកស្អាតនិងអនាម័យ

មានស្រុកកំណើតនៅខេត្តតាកែវ អ្នកស្រី មិត្ត សុមន្ថា បានបញ្ច​ប់​ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅរាធានីភ្នំពេញកាលពីឆ្នាំ២០០២ និងថ្នាក់អនុបណ្ឌិតនៅប្រទេសថៃ ផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០០៨។ ជិត២០ឆ្នាំមកនេះអ្នកស្រីបានធ្វើការងារជាច្រើនទាក់ទងនឹងសមភាពយេនឌ័រ និងការគ្រប់គ្រងធនធានធម្មជាតិ។

រហូតមកដល់ដល់ឆ្នាំ២០២០ អ្នកស្រី សុមន្ថា បានទទួលតួនាទីជាអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ អ្នកស្រី មិត្ត សុមន្ថា បានប្រាប់ថា មុខតំណែងថ្នាក់ដឹកនាំនេះមិនបង្កបញ្ហាប្រឈមសម្រាប់អ្នកស្រីនោះទេនៅកន្លែងការងារ។ ផ្ទុយទៅវិញ បញ្ហាប្រឈមរបស់អ្នកស្រីនោះ គឺការថែមបន្ទុកការងារផ្ទះ និងមើលថែកូនតូចៗក្នុងអំឡុងពេល កូវីដ-១៩។ អ្នកស្រីមានកូនតូច៣នាក់ដែលត្រូវមើលថែ ទន្ទឹមនឹងការបំពេញការងារតាមអនឡាញនៅផ្ទះ ដោយសារវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ មិនធូរស្បើយ។

អ្នកស្រី មិត្ត សុមន្ថា បានប្រាប់ថាការរក្សាតុល្យភាពរវាងការងារ និងការមើលថែកូន ជាការងារដ៏លំបាកមួយ។ អ្នកស្រីទៅបំពេញការងារនៅការិយាល័យតែក្នុងករណីចាំបាច់ប៉ុណ្ណោះ ពីព្រោះអ្នកស្រីមានភារកិច្ចមើលថែកូន បង្រៀនកូន រៀបចំផ្ទះ និងដាំស្លផងដែរ។ អ្នកស្រី សុមន្ថា លើកឡើងដូច្នេះថា៖«ពេលដែលខ្ញុំផ្តោតលើការងារដែលធ្វើនៅផ្ទះ ហើយកូនងាកមកសួរពីការសិក្សារបស់គាត់ ខ្ញុំចាំបាច់ត្រូវតែឆ្លៀតមកមើលកូន ដូច្នេះធ្វើឱ្យខកខានការងាររបស់ខ្ញុំដែរ។ ប៉ុន្តែនៅពេលដែលត្រូវធ្វើការងារបន្ទាន់ណាមួយ គឺខ្ញុំត្រូវទុកកូនចោលសិន ហើយកូនក៏នាំគ្នាទៅលេងហ្គេម ព្រោះគាត់គិតថាម្តាយមិនរវល់ជាមួយគាត់។ នេះជាផលប៉ះពាល់មួយដល់កូនដែរ»។

អ្នកស្រីបានបន្ថែមថា ពេលខ្លះអ្នកស្រីមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំអាហារសម្រាប់កូនៗឡើយ ដែលធ្វើឲ្យប៉ះពាល់ការសិក្សារបស់ពួកគេ។ «ពេលខ្លះយើងត្រូវធ្វើជាវាគ្មិន ឬជាអ្នកធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំ ឬក៏វគ្គបណ្តុះបណ្តាល។ យើងមិនអាចចេញពីមុខកុំព្យូទ័របានទេ។ ជួនកាលក៏អត់មានពេលបង្រៀនកូន និងខកខានក្នុងការចាត់ចែងបាយទឹកឱ្យកូនផងដែរ»។ អ្នកស្រីបានប្រាប់ទៀតថា ប្រសិនបើអ្នកស្រីត្រឹមតែចូលរួមប្រជុំដែលមិនទាមទារឲ្យធ្វើបទបង្ហាញនោះ អ្នកស្រីដាក់កុំព្យូរទ័រក្បែរចង្រ្កានដើម្បីស្តាប់បណ្តើរ និងឆ្លៀតធ្វើម្ហូបបណ្តើរ។ អ្នកស្រី មិត្ត សុមន្ថា ពោលយ៉ាងដូច្នេះ៖«បញ្ហាកូវីដ-១៩នេះ វាប៉ះពាល់ខ្លាំងមែនទែនសម្រាប់យើងជាស្ត្រី ជាពិសេសស្ត្រីដែលធ្វើការផង និងជាមេផ្ទះផង»។

តើភាគីពាក់ព័ន្ធគួរធ្វើអ្វីខ្លះ ដើម្បីឱ្យមានស្ត្រីចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យកាន់តែប្រសើជាងមុន?

អ្នកស្រី មិត្ត សុមន្ថា បានធ្វើការងារលើវិស័យទឹកស្អាត និងអនាម័យនេះនៅក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អ្នកស្រីមានប្រសាសន៍ថា ៖«ត្រូវមានគោលនយោបាយឱ្យបានច្បាស់លាស់ពីថ្នាក់ជាតិ ក្នុងការលើកកម្ពស់ឱ្យមានសមភាពយេនឌ័រ។ ពេលដែលមានគោលនយោបាយពីខាងលើហើយ គឺយើងត្រូវអនុវត្តន៍គោលនយោបាយនោះឱ្យដល់ខាងក្រោម»។ អ្នកស្រី សុមន្ថា បានអធិប្បាយទៀតថា ដើម្បីអនុវត្តន៍គោលនយោបាយនោះបាន គឺត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីស្ត្រី និងក្មេងស្រី ព្រោះគាត់ទទួលរងនូវគំនាបសង្គម។  ភាគីពាក់ព័ន្ធត្រូវធ្វើការបន្ថែមទៀតដើម្បី ពង្រឹងសមត្ថភាពរបស់ស្រ្តី ទាំងចំណេះនិងជំនាញបច្ចេកទេស ដែលពាក់ព័ន្ធនឹងការងារទឹកស្អាត និងអនាម័យ   និងជំនាញផ្សេងៗ ដូចជាភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង និងការចរចារ ដើម្បីពួកគាត់អាចធ្វើការងារបាននៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះបានល្អប្រសើរ។

អ្នកស្រី មិត្ត សុមន្ថា ជំរុញលើកទឹកចិត្តដល់ស្ត្រី និងក្មេងស្រីយ៉ាងដូច្នេះ៖«ស្រ្តី និងក្មេងស្រី ត្រូវតែចូលរួមឱ្យសកម្មនៅក្នុងការលើកកម្ពស់ទឹកស្អាត និងអនាម័យនៅក្នុងសហគមន៍របស់ពួកគាត់។ កុំចេះតែគិតថាយើងធ្វើមិនបាន ដោយសារយើងរវល់ ដោយសារយើងមិនចេះ មិនអាចដឹកនាំគេបាន។ ស្ត្រីខ្លួនឯងត្រូវតែមានភាពជឿជាក់លើខ្លួនឯង យើងអាចធ្វើអ្វីៗបានដូច បុរសដែរ»។ អ្នកស្រី សុមន្ថា បានបន្ថែទៀតថា ៖«ស្ត្រី និងក្មេងស្រីត្រូវតែបញ្ចេញមតិ និងតម្រូវការជាក់លាក់របស់ខ្លួន ហើយតម្រូវការទាំងនោះត្រូវបានយកចិត្តទុកដាក់ ឬក៏ឆ្លើយតបពីអាជ្ញាធរមូលដ្ឋាន ឬអ្នកពាក់ព័ន្ធ។ ប្រសិនបើស្ត្រីមិនចូលរួមទេ បញ្ហារបស់គាត់មិនត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយទេ។​ បញ្ហានោះនឹងនៅតែបន្តមានរហូត»។

ទន្ទឹមនឹងនេះអ្នកស្រី មិត្ត សុមន្ថា ក៏បានផ្ញើសារទៅបុរសឱ្យលើកទឹកចិត្តដល់ស្ត្រីឱ្យចូលរួមក្នុងការធ្វើកិច្ចការងារនេះ និងគួរចូលរួមចែករំលែកការងារផ្ទះផងដែរ ដើម្បីឱ្យស្ត្រីមានពេលវេលាក្នុងការចូលរួមកិច្ចការសង្គមបានកាន់តែច្រើន និងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមទៀតសម្រាប់គ្រួសារ។  ម្យ៉ាងទៀត បុរសគួរបើកចិត្តទទួលយកនូវរបៀបធ្វើការសម័យថ្មីដែលឱ្យតម្លៃស្មើគ្នារវាងបុរស និងស្រ្តី៕

អត្ថបទនេះជាផ្នែកមួយនៃយុទ្ធនាការ​ HerRoles​​ ដែលប្រែជាភាសាខ្មែរថា​​ តួនាទីរបស់គាត់។​យុទ្ធនាការនេះធ្វើឡើងដើម្បីលើកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីតួនាទី និងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យទឹកស្អាតនិងអនាម័យ។ យុទ្ធនាការនេះសហការរៀបចំដោយអង្គការវ៉តធ័រអេត (WaterAid) និងកម្មវិធីស្រ្តីជំនាន់ថ្មី។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s