
អ្នកស្រី នៅ សុវត្ថា ជានាយិកាប្រត្តិបត្តិនៃអង្គការ CARE Cambodia។ អ្នកស្រីចាប់ផ្តើមធ្វើការលើវិស័យទឹកស្អាត និងអនាម័យក្នុងឆ្នាំ២០០៣។ មុនពេលក្លាយជានាយិកាប្រត្តិបត្តិនៃអង្គការ CARE Cambodia អ្នកស្រីសុវត្ថាធ្លាប់ជានាយិកាប្រត្តិបត្តិនៃអង្គការ WaterSHED ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់អង្គការនេះបញ្ចប់បេសកម្មនៅកម្ពុជាកាលពីដើមឆ្នាំ២០២១នេះ។ ក្នុងរយ:ពេលជិតពីរទសវត្សមកនេះ អ្នកស្រីសុវត្ថាក៏បានធ្វើការលើអភិបាលកិច្ចល្អ និងសមភាពយេនឌ័រផងដែរ។
សុធារី៖ ស្វាគមន៍មកាន់កម្មវិធីស្ត្រីជំនាន់ថ្មី ថ្ងៃនេះកម្មវិធីយើងសន្ទនាជាមួយអ្នកស្រី នៅ សុវត្ថា ដែលជានាយិកាប្រត្តិបត្តិនៃអង្គការ CARE Cambodia កិច្ចសម្ភាស៍នេះគឹជាយុទ្ធនាការមួយដែលហៅថា Her Roles ដែលប្រែជាភាសាខ្មែរថាតួនាទីរបស់គាត់ ដែលសហការផលិតដោយអង្គការ WaterAid និងកម្មវិធីស្ត្រីជំនាន់ថ្មី។ យុទ្ធនាការនេះធ្វើឡើង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនលើភាពជាអ្នកដឹកនាំ តួនាទីរបស់ស្ត្រីក្នុងវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា។ ជំរាបសួរអ្នកស្រី នៅ សុវត្ថា អរគុណដែលបានចូលរួមក្នុងកម្មវិធីយើង ជាកិច្ចចាប់ផ្តើមអ្នកស្រីអាចប្រាប់បានទេថា អ្នកស្រីចូលរួមក្នុងការអភិវឌ្ឍសង្គមតាំងតែពីពេលណាមក?
អ្នកស្រី នៅ សុវត្ថា៖ បើនិយាយពីការអភិវឌ្ឍសហគមន៍ ខ្ញុំធ្វើតាំងពីឆ្នាំ២០០៣ ជាពេលដែលខ្ញុំទើបនឹងរៀនចប់។
សុធារី៖ តាំងពីពេលនោះមក ហេតុអ្វីបានជាអ្នកស្រី នៅ សុវត្ថា ចាប់អារម្មណ៍ធ្វើការងារអភិវឌ្ឍន៍សហគមន៍?
អ្នកស្រី នៅ សុវត្ថា៖ ខ្ញុំរៀនពេទ្យសត្វ។ អ្នកដែលរៀនពេទ្យសត្វមានទំនោរធ្វើការជាមួយសហគមន៍ ហើយ អត់មានទៅធ្វើនៅក្នុងធនាគារអ្វីទេ។ យើងមានផែនការតាំងពីដើមថាធ្វើការអី្វដែលទាក់ទងនឹងវិស័យបង្កើនសមត្ថភាព បង្កើនផលិតកម្ម និងផលិតភាពកសិកម្ម គឺមានតែផ្លូវហ្នឹងទេ យើងអត់មានផ្លូវណាផ្សេងទេ។
សុធារី៖ តើអ្នកស្រី សុវត្ថា ចាប់ផ្តើមធ្វើការក្នុងវិស័យទឹកស្អាត និងអនាម័យតាំងពីពេលណា?
អ្នកស្រី នៅ សុវត្ថា៖ នៅក្នុងឆ្នាំ២០០៣ ខ្ញុំចាប់ធ្វើការជាអ្នកបកប្រែឱ្យជនជាតិហូឡង់ពីរនាក់ដែលគាត់ធ្វើការងារទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យ។ កាលនោះយើងជំរុញឱ្យសហគមន៍នៅក្នុងខេត្តឧត្តរមានជ័យ។ ឧត្តរមានជ័យជាខេត្តដំបូងដែលខ្ញុំចាប់ផ្តើមធ្វើការ។ កាលនោះយើងបង្កើតជាក្រុមផលិតពាង និងលក់ពាង។ ខ្ញុំធ្វើការងារពាក់ព័ន្ធនឹងទឹកស្អាតតាំងពីពេលនោះមក។ យើងបង្កើតក្រុមអាជីវករដែលផលិតឧបករណ៍ផ្ទុកទឹក មានពាងធម្មតា ពាងយក្សជាដើម។ ក្រោយមកទៀត ខ្ញុំក៏ធ្លាប់ធ្វើការជាមួយអង្គការ Oxfam ដែលទាក់ទងនឹងទឹកស្អាតនិងអនាម័យដែរ។ ភាគច្រើន អង្គការ Oxfam ធ្វើការនេះនៅពេលដែលមានគ្រោះមហន្តរាយធម្មជាតិ។ ហើយចុងក្រោយនេះខ្ញុំធ្វើការលើបញ្ហាទឹកស្អាតជាមួយអង្គការ WaterSHED ។ តាមពិតដំបូងឡើយ ខ្ញុំចាប់អារម្មណ៍នៅអង្គការ WaterSHED ហ្នឹង មិនមែនផ្តោតទៅលើទឹកស្អាត និងអនាម័យទាំងស្រុងទេ គឺផ្តោតសំខាន់ទៅលើអង្គការ WaterSHED។ អង្គការ WaterSHED ជាស្ថាប័នមួយ ដែលផ្តល់ឱកាសឱ្យយើងប្រើភាពច្នៃប្រឌិតរបស់យើងនៅក្នុងស្ថាប័នរបស់គេ។ ឃ្លាមួយហ្នឹងទាក់ទាញខ្ញុំខ្លាំងមែនទែន ឱ្យខ្ញុំចង់សាកល្បងក្នុងតំណែងមួយហ្នឹង ព្រោះខ្ញុំគិតថាស្ថាប័នដែលផ្តល់ឱកាសឱ្យខ្ញុំប្រើភាពច្នៃប្រឌិតរបស់ខ្ញុំ គឺខ្ញុំចង់ធ្វើការ។ នៅពេលដែលខ្ញុំទៅសម្ភាសន៍ ខ្ញុំចាប់អារម្មណ៍ត្រង់ថា អង្គការ WaterSHED អាចធ្វើឱ្យរដ្ឋាភិបាលថ្នាក់ក្រោមជាតិចូលរួមរៀនវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដោយបង់ថវិការក្នុងកម្មវិធីរៀនរបស់គេ។
រឿងទីពីរ អង្គការ WaterSHEDអាចឱ្យមនុស្សទិញបង្គន់បាន។ គេសួរខ្ញុំថា តើយើងអាចផលិតបង្គន់ហើយលក់ឱ្យប្រជាពលរដ្ឋបានអត់? ខ្ញុំថាអត់បានទេ ព្រោះខ្ញុំធ្វើការច្រើនស្ថាប័នហើយពាក់ព័ន្ធជាមួយទឹកស្អាតនិងអនាម័យ យើងអត់អាចលក់ទេ។ ភាគច្រើនយើងមានតែផ្តល់ដោយឥតគិតថ្លៃ។ ហើយគេក៏សួរខ្ញុំទៀតពីវគ្គបណ្តុះបណ្តាលដែលបង់ថ្លៃ ខ្ញុំថាខ្ញុំអត់ដែលឃើញមានស្ថាប័នណាអាចឱ្យគេបង់លុយបានទេ។ អ្នកសម្ភាសន៍ខ្ញុំ និយាយប្រាប់ខ្ញុំថាអង្គការ WaterSHED អាចធ្វើឱ្យគេបង់លុយទិញបង្គន់ បង់លុយចូលរៀនវគ្គបណ្តុះបណ្តាលបាន។ តាំងពីពេលនោះមក ខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំត្រូវធ្វើការអង្គការមួយហ្នឹងឱ្យបាន។ ខ្ញុំចង់ដឹងថាហេតុអ្វីបានជាស្ថាប័នមួយនេះ អាចធ្វើឱ្យអ្នកទទួលផលរបស់ខ្លួន ប្រើប្រាស់ថវិការបស់ខ្លួនឯងមកទិញផលិតផល ដូចជា បង្គន់ដែលជាតម្រូវការចាំបាច់របស់ខ្លួន ហើយអាចឱ្យមេឃុំ ឬក្រុមប្រឹក្សាឃុំបង់លុយរៀនវគ្គបណ្តុះបណ្តាលហ្នឹងបានទៀត។ ដូច្នេះហើយបានជាខ្ញុំចាប់អារម្មណ៍ការងារនៅអង្គការ WaterSHED ខ្លាំង។ ហើយនៅពេលដែលចូលមកកាន់ការងារពិតប្រាកដ វាជួយឱ្យខ្ញុំរឹតតែផ្តោតយកចិត្តទុកដាក់ជាមួយការងារហ្នឹងខ្លាំង ដោយសារវាជាការងារមួយដែលផ្តល់ផលវិជ្ជមានលើជីវិតប្រជាពលរដ្ឋ ជាពិសេសស្ត្រី។ ស្ត្រីដែលមានវត្តមានមកធ្វើរឿងទឹកស្អាត និងអនាម័យហ្នឹង គឺពិតជាតិចមែនទែន ជាពិសេសតួនាទីនៅថ្នាក់ជាតិ ដូចជាតួនាទីតស៊ូមតិជំរុញឱ្យមានទឹកស្អាតនិងអនាម័យ។
សុធារី៖ នៅថ្នាក់ជាតិដែលអ្នកស្រី នៅ សុវត្ថា ធ្វើការជាមួយ តើអ្នកស្រីឃើញថាមានចំនួនស្ត្រីនៅទាបនៅឡើយក្នុងការចូលរួមក្នុងកម្មវិធីទឹកស្អាត និងអនាម័យនេះ ដោយសារមូលហេតុអ្វី?
អ្នកស្រី នៅ សុវត្ថា៖ ដូចតួនាទីធ្វើជាអ្នកតស៊ូមតិថ្នាក់ជាតិហ្នឹង គឺជាតួនាទីរបស់អ្នកដែលមានតំណែងជាប្រធានគម្រោង ប្រធានកម្មវិធី ឬក៏ប្រធានស្ថាប័ន។ យើងឃើញថាតួនាទីនេះមានស្រ្តីដើរតួតិចមែនទែន។ បើមានហើយជួនកាល នៅស្ថាប័នមួយចំនួនគាត់បានធ្វើតួនាទីហ្នឹងហើយ គាត់ប្រឈមមុខជាមួយហ្នឹងការលំបាកជាច្រើនទាក់ទងជាមួយនឹងបច្ចេកទេសរឿងទឹកស្អាតនិងអនាម័យ។ ដូច្នេះវាជាកត្តារារាំងដែលធ្វើឱ្យស្រ្តីគិតថា ការធ្វើរឿងបច្ចេកទេសទឹកស្អាត និងអនាម័យ វាមានរឿងច្រើនដែរគាត់ត្រូវរៀនសូត្រ។ អ៊ីចឹងគាត់គិតថា គាត់អត់អាចធ្វើបាន ឬក៏គាត់គិតថា វាជាការងារដែលត្រូវការបច្ចេកទេសពាក់ព័ន្ធនឹងការសាងសង់ច្រើន ដែលមិនមែនជាជំនាញរបស់គាត់ ដែលគាត់អត់អាចធ្វើបាន។ ប្រហែលជានេះជាមូលហតុពីក្រោយ។ នេះក៏ប្រហែលជាឱកាសដែរ តួនាទីហ្នឹងនៅក្នុងរដ្ឋាភិបាល គឺមានតិចតួចហើយប្រហែលជាឱកាសដែលផ្តល់ជូនពួកគាត់នៅមានកម្រិត។
សុធារី៖ ចុះហេតុអ្វីបានជាជំនាញ ឬក៏ឱកាសផ្តល់ឱ្យស្ត្រីនៅតែជាបញ្ហាប្រឈមសម្រាប់ស្ត្រីដែលចូលរួមក្នុងវិស័យទឹកស្អាត និងអនាម័យ?
អ្នកស្រី នៅ សុវត្ថា៖ ខ្ញុំធ្លាប់ធ្វើជាអ្នកប្រឹក្សាយោបល់ដល់ស្រី្តមួយក្រុមតូច ដែលគាត់រៀនជំនាញទឹកនៅមហាវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញ។ ខ្ញុំចាំសម្តីរបស់គាត់ថា គ្រូរបស់គាត់ប្រាប់ថារៀនចប់ផ្នែកវិស្វករទឹកនេះ ចេញទៅមិនដឹងធ្វើការងារអ្វីទេ។ វាធ្វើឱ្យក្មេងស្រីម្នាក់ហ្នឹង បាក់ទឹកចិត្តខ្លាំងមែនទែន។ តើមានស្ត្រីប៉ុន្មាននាក់ដែលគាត់រៀនជំនាញវិស្វករទឹក? ហើយខ្ញុំគ្រាន់តែនិយាយត្រឡប់ទៅវិញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងជួនកាលអ្នកដែលធ្វើការលើជំនាញអ្វីមួយ គាត់គិតថាអ្នកដែលរៀនជំនាញមួយហ្នឹង គឺគាត់អាចធ្វើការបានតែជំនាញហ្នឹងទេ គាត់អត់មើលឱ្យទូលំទូលាយទេ។ ខ្ញុំឧទាហរដូចគាត់រៀនជំនាញវិស្វករទឹក ការងារមានច្រើនមែនទែន ហើយជំនាញហ្នឹងក៏មិនមែនជាជំនាញដែលងាយស្រួលដែរ ប៉ុន្តែក៏មិនមែនបានន័យថា ធ្វើការងារតែនៅលើគុណភាពទឹក ឬសំណង់ទឹកដែរ គាត់អាចធ្វើការតស៊ូមតិជំរុញរឿងសាងសង់ប្រកបដោយនិរន្តរភាព ឬក៏ការសាង់សងដោយអត់មានផលប៉ះពាល់ទៅលើបរិស្ថាន។ ការងារគឺច្រើនមែនទែន។ ប៉ុន្តែមនុស្សមួយចំនួនគាត់បានធ្វើឱ្យអ្នកដែលរៀនជំនាញបច្ចេកទេស ដែលលំបាកអស់ហ្នឹងកាន់តែមានអារម្មណ៍ធ្លាក់ចុះទៀត។ គាត់បាត់បង់ទំនុកចិត្ត។ គាត់សួរថាហេតុអ្វីបានមករៀនជំនាញហ្នឹង?ជំនាញវិស្វករទឹកហ្នឹងចំណាយពេលរហូតទៅដល់៥ឆ្នាំ។ នៅពេលដែលគាត់អត់ទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ ឬសាស្ត្រាចារ្យដែលបង្រៀនគាត់ទៀត វាមិនធ្វើឱ្យគាត់មើលឃើញផ្លូវវែងឆ្ងាយ។ នេះមិនចម្លែកទេ ដែលយើងជាស្ត្រី យើងជាយុវជនក៏ដោយ យុវនារីក៏ដោយជួនកាលគាត់អាចបោះបង់កណ្តាលទី។ ជួនកាលគាត់បាត់បង់ទស្សនវិស័យវែងឆ្ងាយទៅលើអ្វីដែលគាត់ធ្វើ។ អ៊ីចឹងការជំរុញទឹកចិត្តក៏ជារឿងសំខាន់ ឱកាសការងារដែលយើងត្រូវផ្តល់ឱ្យស្ត្រី ឬក៏បុរសក៏ដោយ តែជាពិសេសលើស្ត្រីធ្វើការលើវិស័យហ្នឹងរឹតតែជារឿងសំខាន់ទៀត។
សុធារី៖ ដោយសារតែអ្នកស្រី សុវត្ថា ជាអ្នកប្រឹក្សាយោបល់ឱ្យក្មេងស្រី ដែលគាត់រៀនមុខវិជ្ជាវិស្វករទឹក កន្លងមក តើអ្នកស្រីមើលឃើញថាផ្នត់គំនិតសង្គម វប្បធម៌ ប្រពៃណីបានលើកទឹកចិត្តឱ្យស្ត្រីចូលរួមធ្វើការក្នុងវិស័យនេះទេ?
អ្នកស្រី នូវ សុវត្ថា៖ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាវាមិនមែនជារឿងថាក្មេងស្រីគាត់អត់ចូលចិត្តចុះទៅធ្វើការងារនៅសហគមន៍ជនបទទេ។ ឧទាហរណ៍ថា ខ្ញុំខ្លួនឯងជាពេទ្យសត្វ ប្រសិនបើឱ្យឪពុកម្តាយខ្ញុំជាអ្នករើសឱ្យខ្ញុំ គាត់ប្រាកដជាអត់ចង់ឱ្យខ្ញុំធ្វើជាពេទ្យសត្វទេ ពីព្រោះថាវាជាជំនាញដែលចុះធ្វើការនៅតាមសហគមន៍ជនបទ ប៉ុន្តែយើងត្រូវត្រលប់គិតទៅវិញថា ក្មេងចូលចិត្តអី្វ ដូចជាយុវជន យុវនារី ជាពិសេសស្ត្រីដែលគាត់រៀន មុខវិជ្ជាប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ដែលគាត់ត្រូវកាន់កាមេរ៉ា ស្ពាយកាមេរ៉ា ជើងកាមេរ៉ា ឧបករណ៍អស់ហ្នឹងច្រើនមែនទែន។ គាត់ត្រូវស្ពាយចុះសហគមន៍នៅតាមជនបទច្រើន ដើម្បីគាត់អាចសម្ភាសន៍ភ្ញៀវ យកវីដេអូ ថតរូបឱ្យបានស្អាត។ ប៉ុន្តែបើជាចំណង់ចំណូលចិត្ត ឬក៏ទេពកោសល្យរបស់គាត់ នោះវាមិនមែនជាកត្តារាំងស្ទះសម្រាប់គាត់ចាប់អាជីពហ្នឹងទេ។ អ៊ីចឹងដូចគ្នាជាមួយវិស្វករទឹកដែរ បើសិនជាគាត់ចូលចិត្តការងារវាស់វែង ការងារចុះទៅដើម្បីធ្វើការវិភាគ ពិនិត្យទៅលើសំណង់ទាំងអស់ហ្នឹង។ អ៊ីចឹងហើយឱ្យតែយើងគាំទ្រផ្តល់ឱកាស ហើយផ្តល់ការលើកទឹកចិត្ត អាជីពអី្វក៏ស្ត្រីអាចធ្វើបានដែរឱ្យតែគាត់ចូលចិត្ត។ ខ្ញុំក៏មានប្អូនស្រីដែលគាត់ធ្វើជាវិស្វករសំណង់ដែរ ហើយគាត់ចូលចិត្ត មកដល់ថ្ងៃនេះគាត់មានមោទនភាពខ្លាំងមែនទែនដែលគាត់ជ្រើសរើសជំនាញមួយហ្នឹង។ ក្នុងចំណោមមនុស្សទាំងអស់ គឺគាត់ស្រីតែម្នាក់ឯងដែលជ្រើសរើសជំនាញមួយហ្នឹង។ អ៊ីចឹងខ្ញុំគិតថាប្អូនៗដែលខ្ញុំប្រឹក្សាយោបល់ ឬក្មេងស្រីដ៏ទៃទៀត គាត់ក៏ចូលចិត្តអី្វដែលជាទេពកោសល្យរបស់គាត់។ អ៊ីចឹងខ្ញុំគិតថា វាមិនមែនជារឿងផ្នត់គំនិត ឬក៏ចុះទៅធ្វើការនៅតាមសហគមន៍ជនបទហ្នឹងលំបាក យើងចង់ដកថយទេ។
សុធារី៖ ខ្ញុំចង់សួរអ្នកស្រី នៅ សុវត្ថា ទាក់ទងជាមួយការងាររបស់អ្នកស្រីវិញ នៅពេលដែលអ្នកស្រីធ្វើការក្នុងវិស័យទឹកស្អាត និងអនាម័យ កត្តាអី្វដែលជំរុញចិត្ត ផ្តល់កម្លាំងចិត្តឱ្យអ្នកស្រីបន្តធ្វើការងារក្នុងវិស័យហ្នឹងឱ្យល្អប្រសើរ?
អ្នកស្រី នៅ សុវត្ថា៖ បើពាក់ព័ន្ធថាទឹកស្អាតនិងអនាម័យ សំខាន់ប៉ុណ្ណាសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ខ្ញុំគិតថាខ្ញុំមិនបាច់ជំរាបទេ ពីព្រោះខ្ញុំគិតថាអ្នកស្តាប់របស់យើងទាំងអស់រួមទាំងសុធារី ក៏ប្រហែលជាដឹងហើយថាទឹកស្អាត បង្គន់អនាម័យ ការលាងដៃស្អាត មានទឹកប្រើប្រាស់គ្រប់គ្រាន់ គឺជារឿងគ្រប់បែបយ៉ាងរបស់មនុស្ស។ ប្រសិនបើអត់មានទាំងអស់នេះ ក៏យើងមិនអាចរស់នៅដោយស្រស់ថ្លាដែរ យើងអត់អាចអត់ទឹកងូត យើងក៏អត់អាចអត់បង្គន់ចូលដែរ យើងក៏អត់អាចអត់ទឹកចាក់ចូលបង្គន់យើងដែរ។ រឿងហ្នឹងគឺជាតម្រូវការចាំបាច់ ប្រចាំថ្ងៃរបស់មនុស្សក្រៅពីការហូបចុក អ៊ីចឹងបើហូបចុកចូលហើយអត់បានបញ្ចេញមកវិញក៏ជាបញ្ហាដែរ។ អ៊ីចឹងរឿងហ្នឹងគឺជារឿងសំខាន់ដែលខ្វះអត់បាន នេះជារឿងកត្តាជំរុញទីមួយ។ កត្តាជំរុញទីពីរ គឺស្ថាប័នដែលយើងធ្វើហ្នឹងគឺជាស្ថាប័នដែលផ្តល់ទំនុកចិត្តថា អ្វីដែលខ្ញុំធ្វើហ្នឹងមានផលប៉ះពាល់វិជ្ជមានទៅលើសង្គមជាតិ ហើយប្រជាពលរដ្ឋទទួលផលបានច្រើនលើសពីអ្វីដែលខ្ញុំគ្រោងទុក។ ទាំងនេះវាជំរុញទឹកចិត្តខ្ញុំ ហើយនិងក្រុមការងាររបស់ខ្ញុំទាំងអស់ឱ្យធ្វើការងារកាន់តែស្វិតស្វាញ កាន់តែជឿងជាក់ជាងមុន បានន័យថាប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទោះបីជាយើងបានចាកចេញហើយបន្សល់ទុកនៅចំណេះដឹង ចំណេះធ្វើ និងផែនការយុទ្ធសាស្ត្រជាច្រើន ដើម្បីឱ្យអ្នកបន្តពីយើងអាចធ្វើបន្តទៀត។ អ៊ីចឹងទាំងអស់ហ្នឹងហើយជាកត្តាជំរុញពួកយើង មិនមែនសម្រាប់តែខ្ញុំទេ តែដល់ក្រុមការងារយើងទាំងអស់ក៏ជាអ្នកជំរុញលើកទឹកចិត្តខ្ញុំឱ្យកាន់តែប្រឹងប្រែងដែរ។
សុធារី៖ ដោយសារតែអ្នកស្រី នៅ សុវត្ថា មិនមានបទពិសោធន៍ទាក់ទងនឹងទឹកស្អាត និងអនាម័យពីមុនទេ ប៉ុន្តែអ្នកស្រីចូលទៅកាន់តំណែងជាថ្នាក់ដឹងនាំនៅក្នុងស្ថាប័នដែលធ្វើការលើវិស័យនេះ។ តើអ្នកស្រីបានរៀនសូត្រពីការងារបានយ៉ាងម៉េច និងចាប់ផ្តើមការងារយ៉ាងម៉េច?
អ្នកស្រី នៅ សុវត្ថា៖ ត្រឡប់ទៅពេលដែលខ្ញុំទើបនឹងចាប់ផ្តើមការងារជាមួយអង្គការ WaterSHED ដំបូង គិតទៅអ្វីក៏ត្រូវរៀនដែរ ដោយសារជំនាញក្នុងការសាសងសង់បង្គន់ យើងអត់មានជំនាញក្នុងការបន្សុទ្ធទឹកទេ ឬក៏ជំនាញដែលទាក់ទងការគ្រប់គ្រងកាកសំណល់លាកម។ នេះសុទ្ធតែជារឿងថ្មីទាំងអស់សម្រាប់ខ្ញុំ ហើយស្ថាប័នហ្នឹងគឺជាស្ថាបនិកដែលផ្តោតសំខាន់ទៅលើការស្រាវជ្រាវពាក់ព័ន្ធជាមួយទឹកស្អាត និងអនាម័យហ្នឹង។ វាជ្រៅមែនទែន ដែលយើងត្រូវស្វែងយល់ឱ្យច្រើន។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថានៅពេលដែលយើងបើកបេះដូងឱ្យអ្នកពាក់ព័ន្ធរបស់យើងដឹងថា មានអ្វីខ្លះដែលយើងត្រូវរៀនសូត្រ អ្វីខ្លះគឺជាចំណុចខ្វះខាតរបស់យើង នោះអ្នកពាក់ព័ន្ធរបស់យើង គាត់ផ្តល់ការគ្រាំទ្រមកយើង។ កន្លែងណាក៏ដូចកន្លែងណាដែរ សំខាន់យើងបើកចិត្តថាយើងអត់ចេះអី្វ ដើម្បីឱ្យគេផ្តល់ការគាំទ្រមកយើង អ៊ីចឹងកាលនៅអង្គការ WaterSHED ហ្នឹងខ្ញុំរៀនសូត្របានច្រើនមែនទែនពីសហការីទាំងអស់ ដែលធ្វើការជាមួយខ្ញុំ រួមទាំងអ្នកពាក់ព័ន្ធដែលគាត់មានបទពិសោធន៍នៅលើវិស័យទឹកស្អាត។ ឥឡូវវារឹតតែងាយស្រួលជាងមុនទៅទៀត ដោយសារក្រុមស្ត្រីដែលធ្វើការរឿងទឹកស្អាត និងអនាម័យ គាត់បង្កើតទៅជាបណ្តាញមួយដែលហៅថា ស្រ្តីនៅក្នុងវិស័យទឹកស្អាតនិងអនាម័យ។ អ៊ីចឹងបើខ្ញុំត្រូវវិញត្រឡប់ទៅក្នុងវិស័យទឹកស្អាត និងអនាម័យជាថ្មីវិញម្តងទៀត មានក្រុមដែលចាំជួយយើង។ ខ្ញុំគិតថាវាកាន់តែមានភាពងាយស្រួល ព្រោះបណ្តាញហ្នឹងបន្តជួយជាចំណេះដឹង ទាំងចំណេះរឹង និងចំណេះទន់ដល់ក្រុមស្ត្រីទាំងអស់ដែល ទើបនឹងឈានជើងចូលមកក្នុងវិស័យទឹកស្អាតនិងអនាម័យ ហើយកំពុងជួបប្រទះបញ្ហាលំបាក ជាពិសេសរឿងចំណេះរឹងដូចជាបង្គន់គេសាងសង់បច្ចេកទេសអី្វ? តើបង្គន់ភ្លោះនឹងគេធ្វើម៉េច? ការគ្រប់គ្រងកាកសំណល់លាមកគេធ្វើម៉េច? ហើយថាយើងមានគោលការណ៍អ្វីខ្លះ? លើរឿងទឹកស្អាតនិងអនាម័យ ទីផ្សារអនាម័យ រឿងពាក់ព័ន្ធពីគុណភាព និងអី្វៗទាំងអស់ហ្នឹង។ ស្រ្តីនៅក្នុងវិស័យទឹកស្អាតនិងអនាម័យ បានត្រៀមជាស្រេចក្នុងការផ្តល់ការគាំទ្របច្ចេកទេសហ្នឹងទៅដល់ស្ត្រីដទៃទៀត ដែលទើបនឹងឈានជើងចូលក្នុងវិស័យទឹកស្អាត និងអនាម័យ។ អ៊ីចឹងឥឡូវខ្ញុំគិតថា មានភាពងាយស្រួលច្រើនជាងមុន។
សុធារី៖ ខ្ញុំចង់សួរស្រី សុវត្ថា ខ្លះពីកុមារភាព តើបរិយាកាសនៅជុំវិញខ្លួនបានជំរុញឱ្យអ្នកស្រីក្លាយអ្នកស្រីដូចបច្ចុប្បន្នយ៉ាងម៉េចទៅ?
អ្នកស្រី នៅ សុវត្ថា៖ តាមពិតទៅឪពុកម្តាយខ្ញុំគាត់សុទ្ធតែជាអ្នករៀនសូត្រ បើទោះបីជាគាត់មិនបានរៀនសូត្រច្រើន តែគាត់គឺសុទ្ធតែជាអ្នករៀនសូត្រ។ ហើយកាលហ្នឹងខ្ញុំមានតែពីរនាក់បងប្អូនសុទ្ធតែស្រីៗដូចគ្នាទៀត អ៊ីចឹងការរៀនសូត្រ គឺជាជម្រើសមួយដែលម្តាយខ្ញុំគិតថា យើងអាចឆ្លងផុតភាពក្រីក្របាន។ តាំងពីខ្ញុំនៅរៀនកាលពីតូចជីវភាពគ្រួសារធូរធារបន្តិច ប៉ុន្តែពេលឪពុកគាត់ជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ កាលពីខ្ញុំនៅតូច បានធ្វើឱ្យគ្រួសារខ្ញុំធ្លាក់ចុះជាងមុន។ អ៊ីចឹងបញ្ហាគ្រប់បែបយ៉ាងគឺផ្តោតសំខាន់ទៅលើម្តាយ ជាបុគ្គលធំនៅក្នុងគ្រួសារបន្ទាប់ពីឪពុកខ្ញុំទទួលគ្រោះថ្នាក់ចរាចរណ៍។ ម្តាយខ្ញុំក្នុងនាមគាត់ជាស្ត្រីម្នាក់ គាត់ប្រឹងធ្វើការងារគ្រប់បែបយ៉ាងដើម្បីឱ្យកូនពីរនាក់រៀនសូត្រ និងជួយដល់ប្តីដែលកំពុងមានបញ្ហាដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលមានរងនូវផលប៉ះពាល់ច្រើន។
ដូច្នេះធ្វើឱ្យខ្ញុំមើលឃើញថាស្ត្រីយើងនៅពេលដែលសង្គមគ្រួសារមួយដែលមិនមានស្ត្រីឆ្នើម ខ្លាំង មានជំហររឹងមាំ ដើម្បីជួយដល់ក្រុមគ្រួសារទេ នោះស្រ្តីអាចប្រឈមនឹងបញ្ហាច្រើន នៅពេលមានបញ្ហាណាមួយកើតឡើងដោយមិនបានព្រាងទុក។ អ៊ីចឹងការលំបាកទាំងអស់ហ្នឹងទៅជាកត្តាជំរុញចិត្តធ្វើឱ្យខ្ញុំកាន់តែប្រឹងប្រែងរៀនសូត្រ ហើយខ្លួនឯងត្រូវធ្វើម៉េចឱ្យចាក់ចេញពីការលំបាក និងជួយម្តាយឱ្យបានឆ្លងផុតពីការលំបាកបាន។ អ៊ីចឹងដោយសាឃើញពីស្ថានភាពគាត់កាលពីខ្ញុំនៅតូច មានឪពុកហើយម្តាយធ្វើការដូចគ្នា រកស៊ីដូចគ្នា ពេលនោះជីវិតគ្រួសារបស់យើងមានការរីកចម្រើន។ ប៉ុន្តែគ្រាន់តែឪពុកធ្លាក់ខ្លួនឈឺម្តាយខ្ញុំគាត់ត្រូវធ្វើការឈប់រកស៊ី ដើម្បីជួយមើលឪពុក ពេលហ្នឹងគ្រប់បែបយ៉ាងបានផ្លាស់ប្តូរ។ អ៊ីចឹងខ្ញុំចង់ឱ្យខ្លួនខ្ញុំក្លាយជាមនុស្សស្រីខ្លាំងដូចម្តាយខ្ញុំអ៊ីចឹង។ បើមានរឿងអី្វកើតឡើងក្នុងគ្រួសារខ្ញុំក្នុងនាមជាស្ត្រី ជាប្រពន្ធ ជាម្តាយរឹងមាំ ត្រៀមខ្លួន ហើយអាចឈជាលំនឹងសម្រាប់គ្រួសារបាន។ យើងមិនអាចដឹងថាមានរឿងអី្វកើតឡើងទេនាថ្ងៃអនាគត។ ចុះបើចៃដន្យថ្ងៃក្រោយយើងលែងស្អាត ស្វាមីយើងទៅមានស្រីថ្មី ឬក៏មានរឿងអី្វ កើតឡើងដែលធ្វើឱ្យយើងអត់អាចរំពឹងស្វាមីជួយផ្គត់ផ្គង់ក្នុងក្រុមគ្រួសារបាន បើខ្ញុំអត់ចេះអី្វសោះក្រុមគ្រួសារខ្ញុំនឹងទៅជាអី្វ? អ៊ីចឹងនេះហើយវាទៅជាមេរៀនជីវិតដែលធ្វើឱ្យខ្ញុំ ហើយនឹងបងស្រីខ្ញុំ គឺដឹងតែប្រឹងប្រែងរៀន ហើយដើម្បីថ្ងៃក្រោយក្លាយទៅជាជន្ទុលមួយក្នុងក្រុមគ្រួសារសម្រាប់ឪពុកម្តាយហើយ ជាបង្គោលក្នុងក្រុមគ្រួសារខ្លួនឯងទៀត។
ហើយវាចៃដន្យដែរ ដែលស្វាមីខ្ញុំគាត់ជាមនុស្សដែលគាំទ្រការរៀនសូត្រទៀត។ គាត់តែងតែជំរុញឱ្យខ្ញុំ ទៅរៀន ឱ្យខ្ញុំធ្វើការអី្វដែលខ្ញុំចូលចិត្ត។ អ៊ីចឹងខ្ញុំក៏ចង់ឱ្យស្ត្រី ជាពិសេសក្មេងស្រី ដែលគាត់គិតសម្រេចចិត្តថាឈប់រៀន ចង់ឱ្យគាត់គិតមកវិញដែរថា បើសិនជាក្នុងក្រុមគ្រួសារយើងអត់មានអ្នកជំរុញឱ្យយើងរៀនសូត្រទេ ប៉ុន្តែយ៉ាងហោចណាស់គិតពីខ្លួនឯង។ ឧទាហរណ៍ថាយើងស្អាតប៉ុណ្ណឹងអាយុ១៦-១៨ឆ្នាំ យើងឈប់រៀនបាត់ ហើយយើងទៅនៅជាមួយក្រុមគ្រួសារខាងប្រុស សង្ឃឹមប្តីគេចិញ្ចឹមយើងសុទ្ធ ចុះបើសិនជាពេលដែលយើងឈប់ស្អាតច្រើនឆ្នាំក្រោយមក ឬក៏គេមិនបោះបង់យើង តែមានករណីដូចឪពុកខ្ញុំ អ៊ីចឹងយើងត្រូវធ្វើម៉េចកូនយើងនឹងត្រូវឈប់រៀន ដោយសារតែយើងអត់អាចជួយក្រុមគ្រួសារយើងបាន ឬក៏យើងត្រូវធ្វើម៉េច។ អ៊ីចឹងយើងត្រូវត្រៀមខ្លួន។ ក្រុមគ្រួសារប្តីហើយនិងប្រពន្ធប្រៀបដូចសត្វស្លាប អ៊ីចឹងបើមានស្លាបតែមួយចំហៀងហោះ ហោះអត់លឿនទេ ប៉ុន្តែបើស្លាបទាំងពីរនឹងហោះទាំងពីរ គឺហោះដូចគ្នាយើងនឹងហោះលឿន អ៊ីចឹងយើងក្នុងខ្សែជីវិតយើងត្រូវត្រៀមខ្លួនទុកជាមុន ថាបើទោះបីជាមានរឿងអី្វកើតឡើងក្នុងគ្រួសារយើង យើងនៅតែអាចជាជន្ទុលមួយដែលអាចឱ្យកូនចៅយើង ក្រុមគ្រួសារយើងបន្តដំណើរទៅមុខ ដោយជោគជ័យបាន។ អ៊ីចឹងខ្សែជីវិតម្តាយខ្ញុំគាត់ជាកត្តាជំរុញឱ្យពួកខ្ញុំទាំងអស់គ្នាប្រឹងប្រែងរៀនសូត្រ។
សុធារី៖ នៅសាលាភាគច្រើនគេនិយាយពីតួនាទីស្ត្រី តួនាទីបុរស អ្នកស្រី សុវត្ថា ធ្លាប់ពិភាក្សាគ្នា ឬក៏ធ្លាប់ដឹងរឿងហ្នឹង ឬក៏ខ្លួនឯងធ្លាប់មានបទពិសោធន៍ដែរឬទេ នៅពេលដែលគេនិយាយថាស្ត្រីគួរធ្វើតួនាទីនេះ ឬក៏គួរធ្វើនោះ បុរសគួរធ្វើបែបនេះ ឬបែបនោះ?
អ្នកស្រី នៅ សុវត្ថា៖ ដូចយើងដឹងស្រាប់ហើយថា នៅស្រុកខ្មែរយើងមិនចម្លែកទេរឿងហ្នឹង។ ធ្លាប់មានអ្នកជិតខាងគាត់ថា ខ្ញុំមិនសូវមានសំណាងទេ ពោះធំប៉ុណ្ណឹងហើយនៅបើកឡានទៅធ្វើការត្រុកៗទៀត។ ម្តាយខ្ញុំគាត់បានឮរឿងនេះពីអ្នកជិតខាង ហើយក៏យកមកប្រាប់ខ្ញុំ។ ខ្ញុំក៏បានប្រាប់ម្តាយខ្ញុំវិញថា ម៉ាក់បើសិនជាខ្ញុំមានប្តីធ្វើការងារដល់ប៉ុណ្ណឹងក៏ដោយ ទោះប្តីខ្ញុំឧកញ៉ា ឬឯកឧត្តមក៏ដោយ រដ្ឋមន្ត្រីក៏ដោយ ក៏ខ្ញុំនៅតែធ្វើការងាររបស់ខ្ញុំដែរ។ ហេតុអី្វខ្ញុំរៀនដល់កម្រិតហ្នឹងហើយ ខ្ញុំទៅរៀនអស់ជាច្រើនឆ្នាំ ហេតុអ្វីក៏ខ្ញុំត្រូវទុកចំណេះដឹងខ្ញុំនៅក្នុងផ្ទះ ហើយឱ្យខ្ញុំមកធ្វើតែការងារផ្ទះសុទ្ធ។ វាអត់ចំណេញទេ។ វាអត់ចំណេញទាំងខ្លួនខ្ញុំ ហើយអត់ចំណេញទាំងប្រទេសជាតិទៀត។ អ៊ីចឹងបើខ្ញុំទៅធ្វើការបាន ខ្ញុំទៅធ្វើការហើយ។ បើខ្ញុំចង់ដាក់ច្បាប់សម្រាកបានដោយសារពេលខ្ញុំអត់ស្រួលខ្លួន ខ្ញុំនឹងសម្រាក។ ស្ថាប័នគេឱ្យយើងសម្រាក តែសំខាន់យើងធ្វើការបាន។ យើងទម្ងន់មានផ្ទៃពោះ មិនមែនថាយើងមានជំងឺទេ យើងគ្រាន់តែមានកូនមួយទៀតនៅក្នុងពោះយើង ដែលត្រូវការការថែទាំជាពិសេស ប៉ុន្តែការធ្វើការវាអត់ធ្ងន់ធ្ងរដល់ថ្នាក់ថាមានទម្ងន់ហើយត្រូវឈប់ធ្វើការទេ ជួនកាលយើងក៏ត្រូវតែប្រយុទ្ធត្រលប់ទៅវិញជាមួយនឹងមតិយោបល់មួយចំនួនរបស់អ្នកពាក់ព័ន្ធដែរ។
ម្យ៉ាងយើងក៏កុំខ្វល់ជាមួយនឹងអ្វីដែលគេនិយាយ។ អ្វីដែលយើងចង់ធ្វើវាជាការស្រលាញ់របស់យើង យើងធ្វើទៅ។ កូនស្រីខ្ញុំរាល់ថ្ងៃនេះ គាត់តែងតែប្រាប់ខ្ញុំថា អូនចង់ធ្វើជាអ្នកធ្វើនំ Cake។ អូនចង់បើកហាងនំ Cake។ ហើយនំ Cake អូនត្រូវតែពិសេសមានភាពច្នៃប្រឌិត។ ប៉ុន្តែមានអ្នកប្រាប់ថា ការធ្វើតែប៉ុណ្ណឹង អត់ល្អទេ គួរតែឱ្យកូនទៅរៀនជំនាញដូចជាខ្ញុំ ដូចម៉ាក់ធម៌វា ធ្វើតំណែងល្អៗ។ វាមកយំថាអត់ទេអូនចង់ធ្វើនំ Cake ។ អ្វីដែលខ្ញុំប្រាប់ទៅកូនវិញថា អត់អីទេកូនស្រលាញ់អី្វ កូនធ្វើហ្នឹងទៅ សំខាន់ឱ្យតែកូនធ្វើបានល្អបំផុតកូនធ្វើហ្នឹងទៅ។ បើសិនជាអ្វីដែលកូនស្រីខ្ញុំចង់រៀន មិនមែនធ្វើនំ Cake ហើយគាត់ចង់ធ្វើអីដែលគ្រោះថ្នាក់ជាងនេះ ឬក៏លំបាកជាងនេះ ដូចជាការធ្វើអ្នកបើកយន្តហោះ ក៏ខ្ញុំនៅតែគាំទ្រកូនរបស់ខ្ញុំដែរ ព្រោះនេះជាអី្វដែរគេចង់ ហើយគេស្រលាញ់ ហើយគេមានទេពកោស្យរឿងហ្នឹង។ ខ្ញុំនឹងឱ្យកូនខ្ញុំទៅធ្វើអីដែលគេចង់ធ្វើ។ កូនមួយទៀតគេចង់ធ្វើជាវិចិត្រករ ហើយខ្ញុំក៏ចូលចិត្តដែរ។ អ៊ីចឹងគេធ្វើអី្វដែលគេចង់ធ្វើទៅ សំខាន់បន្តរៀនទៅ ហើយចង់ធ្វើអីក៏ធ្វើទៅ។ សង្គមយើងគួរតែបញ្ឈប់ការកំណត់អ្វីដែលខ្លួនឯងចង់ឃើញមានជោគជ័យរបស់កូនចៅយើង។ ហើយយើងពុំគួរឱ្យកូនចៅយើងធ្វើទៅតាមអ្វីដែលយើងចង់ឱ្យគាត់ធ្វើនោះទេ ពីព្រោះជួនកាលវាមិនមែនជាក្តីស្រលាញ់របស់គាត់ទេ។ អ៊ីចឹងហើយគាត់អត់អាចមានភាពច្នៃប្រឌិតគ្រប់គ្រាន់ដើម្បីទៅធ្វើការងារហ្នឹងទេ។
សុធារី៖ ជាចុងក្រោយតើអ្នកស្រី នៅ សុវត្ថា មានសារអី្វសម្រាប់យុវជនយុវតី ដើម្បីឱ្យគាត់ត្រៀមខ្លួនក្នុងការចាប់ឱកាសការងារ ឬចូលប្រឡូកក្នុងវិស័យទឹកស្អាត និងអនាម័យនេះ?
អ្នកស្រី នៅ សុវត្ថា៖ សម្រាប់យុវតីដែលគាត់ត្រៀមខ្លូន ហើយគាត់អត់បានរៀនជំនាញទឹកស្អាតអនាម័យក៏ដោយ ខ្ញុំក៏ចង់ឱ្យគាត់គិតឡើងវិញថា វិស័យទឹកស្អាត និងអនាម័យ គឺជារឿងទូទៅជាតម្រូវការរបស់យើងគ្រប់គ្នា។ អ៊ីចឹងគាត់មិនចាំបាច់ថាទាល់តែរៀនរឿងទឹកស្អាតនិងអនាម័យ បានមកធ្វើការនៅទឹកស្អាតនិងអនាម័យបានទេ។ ជំនាញខាងវិស្វករទឹកបានអាចធ្វើការទឹកស្អាតនិងអនាម័យបាន គឺមិនមែនទេ។ រឿងសុខភាពសាធារណ: ទើបអាចធ្វើការទឹកស្អាតនិងអនាម័យបាន គឺមិនមែនទេ។ ដូចខ្ញុំអ៊ីចឹង ខ្ញុំរៀនពេទ្យសត្វ ប៉ុន្តែខ្ញុំនៅតែអាចធ្វើការខាងទឹកស្អាតនិងអនាម័យបាន សំខាន់គឹការប្រឹងប្រែងថាយើងបើកបេះដូងក្នុងការរៀនសូត្រ។ ហើយសម័យឥឡូវរឿងទឹកស្អាតនិងអនាម័យ មានក្រុមស្ត្រីដែលធ្វើការជាបណ្តាញស្រ្តីក្នុងវិស័យទឹកស្អាតនិងអនាម័យ គឺជាអ្នកដែលជំរុញផ្តល់ជួយយើងទាំងបច្ចេកទេសទន់ និងបច្ចេកទេសរឹង ឱ្យយើងរៀននៅខាងទឹកស្អាត និងអនាម័យហ្នឹងឱ្យជោគជ័យ។ អ៊ីចឹងបើកបេះដូងធ្វើការទៅ។ ហើយបើសិនជាមានឱកាសធ្វើការហើយ មានឱកាសបានគេឡើងដំណែងកាន់តែធំទៅៗ ទោះដល់ប្រធានស្ថាប័នក៏ដោយ ដំបូងបំផុតកុំបដិសេធត្រូវទទួលយកសិន ការងារជាបង្រៀនយើងទេ។ បើមានឱកាសសូមកុំបដិសេធ ខ្ញុំជួបជាមួយនឹងស្ត្រីដែលគាត់ត្រូវបានគេជំរុញឱ្យឡើងដំណែង ច្រើនគាត់បដិសេធ ដោយសារភាគច្រើនគាត់គិតថាលំបាក ទទួលខុសត្រូវការងារដែលខុសពីសមត្ថភាព។ ប៉ុន្តែដល់បុរសអត់អញ្ចឹងទេ នៅពេលដែលយើងផ្តល់ឱកាសជូនគាត់ គាត់នឹងចាប់ឱកាសនោះទាំងដៃពីរ ហើយឱ្យយើងផ្តល់ការគាំទ្រទៅគាត់។ តែស្ត្រីមិនធ្វើដូច្នេះទេ។ អ៊ីចឹងខ្ញុំចង់ឱ្យស្ត្រីទាំងអស់បើកបេះដូងថាទទួលការងារហ្នឹងសិន ប៉ុន្តែរកឃើញចំណុចខ្សោយខ្លូនឯងផងថា ខ្លួនឯងខ្សោយអី្វ ដើម្បីឱ្យថ្នាក់ដឹងនាំយើងបណ្តុះបណ្តាលលើការខ្វះខាតរបស់យើង អ៊ីចឹងគេមើលឃើញគេឱ្យដំណែងធំទៅយើង គេមើលឃើញចំណុងខ្លាំងរបស់យើងហើយ អ៊ីចឹងយើងប្រាប់តែចំណុចបណ្តុះបណ្តាលបន្ថែមទៅ គេនឹងផ្តល់ការគាំទ្រទៀត អ៊ីចឹងការងារហ្នឹងយើងធ្វើបានដោយពេញដៃពេញជើង ដូច្នេះកុំនិយាយថាទេ ត្រូវចាប់ឱកាស។
សុធារី៖ ចាសូមអរគុណអ្នកស្រី នៅ សុវត្ថា ដែលចូលរួមជាមួយកម្មវីធីរបស់យើងខ្ញុំ។
អ្នកស្រី នៅ សុវត្ថា៖ ចាអរគុណសុធារី។
សុធារី៖ អរគុណលោកអ្នកស្តាប់ដែលបានស្តាប់ក្នុងម្មវិធីរបស់យើង។ យើងនឹងការចាក់ផ្សាយបទសម្ភាស ជាមួយស្ត្រីដែលធ្វើការក្នុងវិស័យទឹកស្អាត និងអនាម័យជាបន្តបន្ទាប់ទៀត។ ជួបគ្នានៅសប្តាហ៍ក្រោយ!!!