អ្នកស្រី នៅ សុវត្ថា៖ កុំនិយាយថាទេចំពោះឱកាស ការងារនឹងបង្រៀនយើង

ជីវិតមិនអាចរស់នៅដោយស្រស់ថ្លាបានទេ ប្រសិនបើមិនមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ពីព្រោះវាជារឿងសំខាន់សម្រាប់មនុស្ស។ «យើងអត់អាច ខ្វះទឹកងូត យើងក៏អត់អាចអត់បង្គន់ និងអត់ទឹកចាក់បង្គន់ដែរ។ អ៊ីចឹងរឿងនេះជាតម្រូវការប្រចាំថ្ងៃរបស់មនុស្ស ក្រៅពីការហូបចុក»។ នេះជាកត្តាមួយដែលជំរុញទឹកចិត្តឱ្យអ្នកស្រី នៅ សុវត្ថា ធ្វើការងារក្នុងវិស័យទឹកស្អាតនិងអនាម័យនៅកម្ពុជា។ ម្យ៉ាងទៀតអ្នកស្រី រីករាយនឹងការងារដែលខ្លួនធ្វើកន្លងមក  ដែលអាចផ្តល់ផលវិជ្ជមានដល់សង្គមជាតិ និងប្រជាពលរដ្ឋនៅតាមសហគមន៍។ ទាំងនេះជាការជំរុញទឹកចិត្តអ្នកស្រី នៅ សុវត្ថា អតីតនាយិកា​ប្រតិបត្តិនៃអង្គការ WaterSHED និងក្រុមការងាររបស់អ្នកស្រី ឱ្យធ្វើការងារយ៉ាងស្វិតស្វាញអស់ពីកម្លាំងកាយចិត្ត ដើម្បីបានបន្សល់ទុកនូវចំណេះដឹង ចំណេះធ្វើ និងយុទ្ធសាស្រ្តជាច្រើន ខណៈពេលដែលអង្គការមួយនេះបានសម្រេចគោលដៅរបស់ខ្លួន និងបានបញ្ចប់បេសកកម្មនៅប្រទេសកម្ពុជានៅដើមឆ្នាំ២០២១នេះ។

មុនពេលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យទឹកស្អាតនិងអនាម័យនេះ អ្នកស្រី នៅ សុវត្ថា ចាប់ផ្តើមការងារអភិវឌ្ឍន៍សហគមន៍ ដោយធ្វើជាអ្នកបកប្រែឱ្យជនជាតិហូឡង់ពីរនាក់ដែលធ្វើការងារលើវិស័យទឹកស្អាតនិងអនាម័យក្នុងឆ្នាំ២០០៣។ គ្រានោះអ្នកស្រីទើបតែបញ្ចប់ការសិក្សាផ្នែកបសុពេទ្យ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ បច្ចុប្បន្ននេះអ្នកស្រី សុវត្ថា ជានាយិការ​ប្រតិបត្តិនៃអង្គការ​ CARE ប្រចាំនៅប្រទេសកម្ពុជា ក្រោយពីបានបំពេញតួនាទីជានាយិការ​ប្រតិបត្តិនៃអង្គការ WaterSHEDអស់រយ:ពេលជាងបីឆ្នាំ។

មូលហេតុដែលមានស្ត្រីចូលរួមតិចតួច ក្នុងវិស័យទឹកស្អាតនិងអនាម័យ

បើទោះជាទទួលបាននូវសមិទ្ធផលជាច្រើននៅក្នុងការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យក៏ពិតមែន ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបនៅក្នុងវិស័យនេះ អ្នកស្រី នៅ សុវត្ថា មើលឃើញថាការចូលរួមរបស់ស្ត្រីនៅមានចំនួនតិចនៅឡើយ ជាពិសេសនៅក្នុងតួនាទីជាថ្នាក់ដឹកនាំ។ អ្នកស្រី សុវត្ថា ពន្យល់ពីមូលហេតុនេះថា៖«តួនាទីធ្វើជាអ្នកតស៊ូមតិ គឺជាតំណែងរបស់ប្រធានគម្រោង ប្រធានកម្មវិធី ឬក៏ប្រធានស្ថាប័ន។ អ៊ីចឹងនៅក្នុងតួនាទីហ្នឹងយើងឃើញថាមានស្រ្តីតិចខ្លាំងមែនទែន»។

បើទោះជាបញ្ហាបច្ចេកទេសគឺជាកត្តាមួយដែលរារាំងស្រ្តីក្នុងការចូលរួមក្នុងវិស័យទឹកស្អាត អ្នកស្រី នៅ សុវត្ថា​ លើកឡើងថា​កង្វះការលើកទឹកចិត្តដល់ស្រ្តីឱ្យចូលរួមក្នុងវិស័យនេះ​គឺជាកត្តាសំខាន់មួយដែរ។ អ្នកស្រីបន្ថែមថា​យុវជនដែលរៀនជំនាញទាក់ទងនឹងទឹកស្អាតនិងអនាម័យ ដូចជាផ្នែកវិស្វករទឹក មិនមែនងាយស្រួលទេ តែមានមនុស្សមួយចំនួនបានធ្វើឱ្យអ្នករៀនជំនាញបច្ចេកទេស ដែលលំបាកទាំងនេះកាន់តែបាត់បង់ទំនុកចិត្ត។ មួយវិញទៀត ការផ្តល់ឱកាសដល់ស្ត្រីក្នុងការចាប់យកតំណែងជាថ្នាក់ដឹកនាំនៅក្នុងវិស័យទឹកស្អាតនិងអនាម័យនេះក៏នៅមានកម្រិតដែរ។

ចំណេះដឹងដែលអ្នកស្រី នៅ សុវត្ថា បានរៀនសូត្រពីវិស័យទឹកស្អាត និងអនាម័យ

ពេលចាប់ផ្តើមធ្វើការងារនៅអង្គការ WaterSHED ដំបូង អ្នកស្រី នៅ សុវត្ថា បានរៀនសូត្របន្ថែមជំនាញជាច្រើន ជាពិសេសជំនាញបច្ចេកទេសដូចជា ការសាងសង់បង្គន់ ការបន្សុទ្ធទឹក ការគ្រប់គ្រងកាកសំណល់លាមក ដែលជំនាញទាំងនេះសុទ្ធតែជាជំនាញថ្មីសម្រាប់អ្នកស្រី។ ការងាររបស់អ្នកស្រី រួមមានទាំងការស្រាវជ្រាវពាក់ព័ន្ធនឹងទឹកស្អាត និងអនាម័យបែបស៊ីជម្រៅ ដែលអ្នកស្រីពុំមានបទពិសោធន៍គ្រប់គ្រាន់នៅឡើយនាគ្រានោះ។ «សម្រាប់ខ្ញុំគឺបើកបេះដូងឱ្យអ្នកពាក់ព័ន្ធគាត់ដឹងថាមានអ្វីខ្លះ ដែលយើងត្រូវរៀន? អ្វីខ្លះដែលជាចំណុចខ្វះខាតរ​បស់យើង នោះអ្នកពាក់ព័ន្ធនឹងជួយគាំទ្រមកយើង។ កន្លែងណាក៏ដូចកន្លែងណាដែរ សំខាន់យើងបើកចិត្តថា យើងអត់ចេះអី្វខ្លះ ដើម្បីឱ្យគេផ្តល់ការគាំទ្រមកយើង»។ នេះជាការបើកចិត្តគំនិតទទួលយកយោបល់និងរៀនសូត្របន្ថែមពីអ្នកជំនាញ និងសហការីទាំងអស់ ដែលធ្វើការជាមួយអ្នកស្រី នៅ សុវត្ថា។

អ្នកស្រី នៅ សុវត្ថា ក៏បានចែករំលែកថា​ បច្ចុប្បន្ននេះការរៀនសូត្រពីវិស័យទឹកស្អាតនិងអនាម័យនេះ កាន់តែងាយស្រួលជាងមុន ពីព្រោះមានបណ្តាញស្រ្តីនៅក្នុងវិស័យមួយនេះ។ អ្នកស្រី​យល់ឃើញថាបណ្តាញស្រ្តីនៅក្នុងវិស័យនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រទាំងចំណេះ និងជំនាញបច្ចេកទេសដល់ស្ត្រីដែលកំពុងជួបនូវបញ្ហាប្រឈម និងស្ត្រីដែលទើបនឹងឈានជើងចូលក្នុងវិស័យទឹកស្អាតនិងអនាម័យនេះផងដែរ។ បច្ចេកទេសទាំងនោះមានដូចជា បច្ចេកទេសសាងសង់បង្គន់ គ្រប់គ្រងកាកសំណល់លាមក គោលការណ៍ណែនាំលើបញ្ហាទឹកស្អាតនិងអនាម័យ ទីផ្សារអនាម័យ និងគុណភាពទឹកជាដើម។

គំរូភាពរបស់ម្តាយបានជំរុញឱ្យអ្នកស្រី នៅ សុវត្ថា ក្លាយជាស្ត្រីរឹងមាំ និងមានតួនាទីជាអ្នកដឹកនាំមកដល់បច្ចុប្បន្ន

ភាពអង់អាចរបស់ម្តាយអ្នកស្រីបានជំរុញទឹកចិត្តឱ្យអ្នកស្រី សុវត្ថា ចង់ក្លាយជាស្រ្តីរឹងមាំ និងមានគោលដៅច្បាស់លាស់។ អ្នកស្រី សុវត្ថា បានប្រាប់ថាម្តាយរបស់អ្នកស្រី ក្លាយជាបង្គោលគ្រួសារ ក្រោយពីឪពុករបស់អ្នកស្រីជួបគ្រោះថ្នាក់ចរាចរតាំងពីអ្នកស្រី សុវត្ថា នៅកុមារភាព។ ក្រោយជួបហេតុការណ៍នោះមកអ្នកស្រី សុវត្ថា បានឱ្យដឹងថាម្តាយរបស់អ្នកស្រីទទួលអម្រែកគ្រប់បែបយ៉ាង ដើម្បីឱ្យអ្នកស្រីនិងបងស្រីរបស់អ្នកស្រី បានរៀនសូត្រខ្ពង់ខ្ពស់ និងត្រូវមើលថែឪពុករបស់អ្នកស្រី​ដែលរងផលប៉ះពាល់យ៉ាងច្រើនដោយគ្រោះថ្នាក់មួយនោះ។ ក្រោយឆ្លងកាត់នូវរឿងរ៉ាវបែបនេះ អ្នកស្រី នៅ សុវត្ថា មើលឃើញថានៅពេលស្ត្រីស្ថិតនៅក្នុងសង្គមគ្រួសារ​មួយ ដែលគ្មានជំហរឹងមាំខ្លួនឯង និងពុំអាចធ្វើការងាររកប្រាក់កម្រៃដើម្បីជួយដល់ក្រុមគ្រួសារទេ នោះស្រ្តីអាចប្រឈមនឹងបញ្ហាច្រើន នៅពេលមានបញ្ហាណាមួយកើតឡើងដោយមិនបានគ្រោងទុក។ បទពិសោធជីវិតទាំងអស់នេះជាកត្តាជំរុញចិត្តធ្វើឱ្យអ្នកស្រី នៅ សុវត្ថា កាន់តែប្រឹងប្រែងរៀនសូត្រ ដើម្បីជួយខ្លួនឯងនិងម្តាយពីការលំបាកនេះបាន។ «ខ្ញុំចង់ក្លាយជាមនុស្សស្រីដូចម្តាយខ្ញុំ ប្រសិនជាមានរឿងអ្វីកើតឡើងក្នុងគ្រួសារខ្ញុំ​​​ ក្នុងនាមខ្ញុំជាស្ត្រី ជា​ប្រពន្ធ ជាម្តាយ ហើយអាចឈរជាលំនឹងគ្រួសារបាន ព្រោះយើងអត់ដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេនៅថ្ងៃអនាគត»។ នេះជាការលើកឡើងរបស់អ្នកស្រី នៅ សុវត្ថា ដោយអ្នកស្រីលើកជាឧទាហរណ៍ដូច្នេះថា «ចុះបើថ្ងៃក្រោយយើងលែងស្អាត ស្វាមីទៅមានស្រីថ្មី ​ឬក៏មានរឿងអ្វីកើតឡើងដែលយើងពុំអាចរំពឹងស្វាមីជួយចិញ្ចឹមផ្តត់ផ្គង់ក្នុងក្រុមគ្រួសារបាន ហើយប្រសិនបើខ្ញុំអត់ចេះអ្វីសោះ ក្រុមគ្រួសារខ្ញុំក្លាយទៅជាអ្វី»? ទាំងនេះជាមេរៀនជីវិតដែលធ្វើឱ្យអ្នកស្រី នៅ សុវត្ថា បានរៀនសូត្រ ដើម្បីក្លាយជាជំហរដ៏រឹងមាំសម្រាប់គ្រួសារ។

កុំនិយាយថាទេចំពោះឱកាសដែលចាប់បាន ការងារជាអ្នកបង្រៀនយើង

ទោះជាអ្នកស្រី នៅ សុវត្ថា បានបញ្ចប់បេសកកម្មក្នុងវិស័យទឹកស្អាតនិងអនាម័យនៅអង្គការ WaterSHED ប្រកបដោយផ្លែផ្លា និងបច្ចុប្បន្នអ្នកស្រីបានមកធ្វើការងារជានាយិកាអង្គការ CARE ប្រចាំនៅប្រទេសកម្ពុជាក៏ពិតមែន អ្នកស្រីនៅតែជំរុញទឹកចិត្តដល់យុវតីឱ្យចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាតនិងអនាម័យនៅកម្ពុជា ជាបន្តទៀត។ អ្នកស្រី នៅ សុវត្ថា ពោលយ៉ាងដូច្នេះ៖«មិនមែនទាល់តែពួកគាត់រៀនជំនាញទឹកស្អាតនិងអនាម័យទេ ទើបអាចធ្វើការងារនៅក្នុងវិស័យនេះបាន។ សម្រាប់យុវតីដែលគាត់ត្រៀមខ្លួន ឬក៏គាត់អត់​បានរៀនជំនាញទឹកស្អាតនិងអនាម័យក៏ដោយ ខ្ញុំចង់ឱ្យគាត់គិតឡើងវិញថា វិស័យទឹកស្អាតនិងអនាម័យគឺសម្រាប់អ្នកទាំងអស់គ្នា។ ដូច្នេះអ្វីដែលសំខាន់គឺត្រូវប្រឹងប្រែងនិងបើកចិត្តរៀនសូត្របន្ថែម»។

អ្នកស្រី នៅ សុវត្ថា បន្ថែមថា ស្រ្តីនិងយុវតីពុំគួរនិយាយថា​«ទេ»ចំពោះឱកាស ក្នុងការក្លាយខ្លួនជាអ្នកដឹកនាំនោះទេ ពីព្រោះការងារនឹងបង្រៀនយើងឱ្យកាន់តែប្រសើរឡើង។ «កុំនិយាយថាទេចំពោះឱកាសដែលចាប់បាន! ខ្ញុំចង់ឱ្យស្ត្រីទាំងអស់បើកបេះដូងទទួលការងារសិន ប៉ុន្តែត្រូវរកចំណុចខ្សោយរបស់ខ្លួន ដើម្បីឱ្យថ្នាក់ដឹកនាំបណ្តុះបណ្តាលនូវចំណុចខ្វះខាត ទើបយើងធ្វើការងារនោះដោយពេញដៃពេញជើង»។ អ្នកស្រី នៅ សុវត្ថា បញ្ជាក់ដូច្នេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s