អ្នកស្រី សង់ ប៊ែរណាឌីន ប្រាប់ពីការជម្នះបញ្ហាប្រឈមក្នុងនាមជាអ្នកដឹកនាំមួយរូប ក្នុងវិស័យទឹកស្អាត និងអនាម័យ

អស់រយៈពេល៤ឆ្នាំមកហើយ ដែលអ្នកស្រី សង់ ប៊ែរណាឌីន ឈានជើងចូលក្នុងវិស័យទឹកស្អាតនិងអនាម័យ ប៉ុន្តែមិនមែនជាការងារដែលអ្នកស្រីបានព្រៀងទុកថានឹងប្រឡូកក្នុងវិស័យនេះទេ។ នៅឆ្នាំ២០១៨ អ្នកស្រី ប៊ែរណាឌីន ចូលរួមនៅក្នុងកិច្ចប្រជុំមួយ ដែលនិយាយអំពីការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យទឹកស្អាតនិងអនាម័យ។ កិច្ចប្រជុំមួយនោះធ្វើឱ្យអ្នកស្រីកាន់តែចាប់អាម្មណ៍លើវិស័យទឹកស្អាតនិងអនាម័យ និងលើកទឹកចិត្តអ្នកស្រី ឱ្យក្លាយជាសមាជិកស្នូលនៃបណ្តាញស្រីដែលធ្វើការក្នុងវិស័យនេះតាំងពីពេលនោះមក។

អ្នកស្រី ប៊ែរណាឌីន មានតួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន ថៃហ្គ័រ វ៉តធ័រ សូលូសិន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផលិតអាងស្តុកទឹកសម្រាប់អតិថិជននៅប្រទេសអូស្ត្រាលីនិងតំបន់អាស៊ាន មានចំណុះពី១៨,០០០លីត្រ ដល់២,០០០,០០០លីត។​ មុនពេលកាន់តំណែងនេះ អ្នកស្រីបានបម្រើការជាមន្ត្រីរាជការ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលអស់ជាច្រើនឆ្នាំ។​

កត្តាដែលជំរុញឱ្យអ្នកស្រី សង់ ប៊ែរណាឌីន ធ្វើកាងារនៅក្នុងវិស័យទឹកស្អាតនិងអនាម័យនេះ

ដើមឡើយការងារនៅក្នុងវិស័យទឹកស្អាតនិងអនាម័យនេះ មិនមែនជាការងារដែលអ្នកស្រី ប៊ែរណាឌីន ស្រមៃចង់ធ្វើនោះទេ។ ប៉ុន្តែអ្នកស្រីមិនចង់នៅតែក្នុងផ្ទះ មើលតែកូននិងគ្រួសារ ទើបអ្នកស្រីបន្តប្រឡូកនៅក្នុងជីវិតការងាររកប្រាក់ចំនូលជាថ្មីម្តងទៀត។ «ខ្ញុំធ្លាប់មានគម្រោងឈប់ធ្វើការ ចង់ធ្វើជាស្រីមេផ្ទះ។ ពេលដែលខ្ញុំអត់មានការងារធ្វើតែមួយខែហើយនៅតែផ្ទះ គឺខ្ញុំចាប់ផ្តើមធុញនឹងខ្លួនឯងតែម្តង។ សង្គមដែលមានតែប្តី ​និងមើលតែកូននៅផ្ទះ ធើ្វជាមេផ្ទះ មិនមែនជាសង្គមដែលខ្ញុំចង់បាននោះទេ»។ នេះជាអ្វីដែលអ្នកស្រី សង់ ប៊ែរណាឌីន បានឆ្លងកាត់។

អ្នកស្រី សង់ ប៊ែរណាឌីន​បានបន្តថា​ ការសម្រាកពីការងារ​មួយឬពីរខែ ធ្វើឱ្យអ្នកស្រីបាត់ព័ត៌មាននិងបណ្តាញនានា និងហាក់ដូចនៅឆ្ងាយពីពិភពលោករបស់មនុស្ស។ អ្នកស្រីប្រាប់ខ្លួនឯងដូច្នេះថា៖«សង្គមរបស់ខ្ញុំ គឺសង្គមការងារដែលអាចជួបមនុស្សបានច្រើន អាចនិយាយគ្នារឿងការធ្វើជំនួញ ការធ្វើការងារដែលមិនមែនចែករំលែកតែជាមួយប្តី ជាមួយកូននោះទេ»។ ឈប់ធ្វើការងារត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ អ្នកស្រី ប៊ែរណាឌីន ចាប់ផ្តើមធ្វើការងារឡើងវីញ ក្នុងតួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុនឯងជនមួយ ដែលផ្តោតលើទឹកស្អាត។ អ្នកស្រីក៏បានបន្ថែមថា អ្នកស្រីទទួលបានការងារនេះដោយសារបណ្តាញស្រីក្នុងវិស័យទឹកស្អាតដែលអ្នកស្រីបានកសាងកន្លងមក។

កាត្វកិច្ចថែទាំកូនក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ១៩ ខណៈពេលដែលអ្នកស្រី សង់ ប៊ែរណាឌីន មមាញឹកនឹងការងារជាថ្មី

ទំនួលខុសត្រូវលើការងារជារឿងមួយ ប៉ុន្តែឆ្លៀតពេលវេលាថែទាំ បង្រៀន និងតាមដានការសិក្សាតាមអនឡាញរបស់កូន និងរៀបចំទុកដាក់ផ្ទះសម្បែង គឺជារឿងមួយទៀតដែលធ្វើឱ្យអ្នកស្រី សង់ ប៊ែរណាឌីន កាន់តែស្មុគស្មាញ។ ខណៈដែលស្វាមីធ្វើការងារនៅតាមខេត្តទៅទៀតនោះ ការថែទាំកូនដែលមានអាយុខ្ទង់៧និង៨ឆ្នាំ ជាកត្តាព្វកិច្ចរបស់អ្នកស្រីតែម្នាក់ឯង។ «ពេលខ្ញុំមានការងារច្រើននៅកន្លែងធ្វើការហើយ ស្រាប់តែមកដល់ផ្ទះថែមួយរឿងទៀត គឺមានអារម្មណ៍តានតឹងនៅក្នុងស្ថានភាពមួយដែលខ្ញុំមិនអាចបោះបង់ការងារ ហើយនៅមើលតែកូនបាននោះទេ»។ នេះជាស្ថានភាពរបស់អ្នកស្រី ប៊ែរណាឌីន កំពុងជួបប្រទះដែលធ្វើឱ្យអ្នកស្រីគិតម្តងម្កាលថា ចង់ឈប់ពីការងារនៅតែផ្ទះមើលថែកូនវិញ។

កត្តាសេដ្ឋកិច្ចគ្រួសារមិនមែនជាបញ្ហាសម្រាប់អ្នកស្រីក្រោយពេលសម្រាកពីការងារនោះទេ។ អ្នកស្រីប្រាប់ទៀតថា ៖« បើឈប់ពីការងារឱ្យមានសេចក្តីសុខហើយនៅតែផ្ទះមើលថែកូន ក៏មិនប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារដែរ។»។ អ្នកស្រី ប៊ែរណាឌីន បញ្ជាក់ថាកាលពី១០ឆ្នាំមុន ឬ២០ឆ្នាំមុន អ្នកស្រីត្រូវហត់ខ្លាំងក្នុងការស្វែងរកថវិការផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែដូចអ្នកស្រី សង់ ប៊ែរណាឌីន បានរៀបរាប់ប្រាប់ម្តងជាពីរដងថា អ្នកស្រីមិនអាចបោះបង់សង្គមការងារ និងនៅតែផ្ទះមើលថែគ្រួសារដែលមានតែប្តី និងកូនៗបានឡើយ។

បុរសមានពេលវេលាច្រើនជាងស្រ្តីក្នុងការកសាងបណ្តាញ និងចូលរួមកម្មវិធីសង្គមផ្សេងៗ ដោយសារពួកគេមានបន្ទុកការងារផ្ទះ និងថែទាំសមាជិកគ្រួសារតិចជាងស្រ្តី។ អ្នកស្រី ​ប៊ែរណាឌីន បញ្ជាក់ថា បុរសមានពេលជួបជុំមិត្តភក្ភិជាងស្រ្តីដោយសារបន្ទុកការងារ[ថែទាំ]របស់គាត់តិចជាស្រ្តី។ អ្នកស្រីធ្លាប់ចែករំលែកបទពិសោធន៍ និងបញ្ហាដែលខ្លួនជួបប្រទះ ជាមួយស្វាមីដែលធ្វើការនៅតាមខេត្តឆ្ងាយពីអ្នកស្រីនិងកូនៗថា៖«បងឯងធ្វើការដូចខ្ញុំដែរ នៅពេលដែលចប់ការងារ បងឯងអាចទៅជួបពួកម៉ាកនិយាយគ្នាបាន ខ្ញុំចប់ការងារត្រូវនៅជាមួយកូនពីរនាក់នេះទៀត គឺត្រូវនាំគាត់ទៅហាត់ប្រាណ ឬក៏នាំគាត់ធ្វើកិច្ចការសាលា»។

អំពើបៀតបៀននៅកន្លែងការងារដែលអ្នកស្រី សង់ ប៊ែរណាឌីន ធ្លាប់ជួបប្រទះ និងវិធីសាស្រ្តដោះស្រាយនេះ

នៅកន្លែងការងារ​ បុរសខ្លះតែងតែនិយាយលេងសើចដែលទាក់ទងនិងកេរ៍ភេទ ឬបញ្ហាផ្លូវភេទ ហើយពួកគេគិតថាជារឿងធម្មតា។ សម្រាប់អ្នកស្រី សង់ ប៊ែរណាឌីន ដែលជាអ្នកធ្វើការងារលើកកម្ពស់សមភាពយែនឌ័រផងនោះ មិនពេញចិត្តនឹងការនិយាយអាសអាភាសបែបលេងសើចកំប្លុកកំប្លែង ដូចជា ប្រើជាពាក្យចំអូសចំអាស ពាក្យគន្លាស់សំដៅដល់កេរ្តិ៍ខ្មាស់ ឬផ្លូវភេទនោះទេ បើទោះការនិយាយបែបនេះ ជាមួយតែគ្នាឯងដែលជាក្រុមការងារក៏ដោយ។ អ្នកស្រី សង់ ប៊ែរណាឌីន ប្រាប់ថាការនិយាយលេងសើចបែបនេះ គឺជាអំពើបៀតបៀន។ អ្នកស្រីគិតថារឿងបែបនេះច្រើនតែកើតឡើងលើមនុស្សគ្រប់គ្នាៗ ជាពិសេសស្រ្តី។

អ្នកស្រី ​ប៊ែរណាឌីន លើកឡើងថាការមិនចូលរួមសើចជាមួយនឹងគេ គឺជាវិធីមួយដែលអ្នកស្រី សង់ ប៊ែរណាឌីន បង្ហាញថាអ្នកស្រីមិនពេញចិត្តនឹងអ្វីដែលបុរសទាំងនោះនិយាយនោះទេ។ អ្នកស្រី បែរណាឌីន ក៏ធ្លាប់ប្រាប់ទៅបុរសៗវិញដូច្នេះថា៖«ទោះគាត់ជាមេរបស់ខ្ញុំក៏ខ្ញុំនិយាយប្រាប់គាត់ដែរថា ខ្ញុំអត់ចូលចិត្តឮបែបហ្នឹងទេ ខ្ញុំនៅទីនេះដែរ កុំនិយាយរឿងហ្នឹងចេញមក។ ប៉ុន្តែ ពេលខ្លះគាត់ស្តាប់ខ្ញុំ ហើយពេលខ្លះគាត់ក៏អត់ស្តាប់ដែរ»។ អ្នកស្រី បញ្ជាក់ដូច្នេះថា៖«បើគាត់មិនស្តាប់ គាត់និយាយមកទៀត ជារឿងរប​ស់គាត់ ព្រោះខ្ញុំបាននិយាយរួចហើយ ខ្ញុំ អត់មានសិទ្ធិសម្រេចចិត្តថាឱ្យគាត់ស្តាប់ខ្ញុំទេ គ្រាន់តែថាយ៉ាងហោចណាស់ខ្ញុំបានបញ្ចេញសំឡេងពីក្នុងចិត្តប្រាប់គាត់វិញ»។

ការលើកទឹកចិត្តពីមិត្តភ័ក្ភ និងអ្នកនៅជុំវិញខ្លួន គឺជាកត្តាសំខាន់សម្រាប់អ្នកស្រី ​ប៊ែរណាឌីន ក្នុងការដោះស្រាយបញ្ហាប្រឈមមួយនេះនៅកន្លែងការងារ។ អ្នកស្រី ប៊ែរណាឌីន បានប្រាប់ថា អ្នកស្រីតែងរកមិត្តភក្តី អតីតគ្រូបង្រៀន អតីតប្រធាន ឬក៏អ្នកដែលធ្លាប់ធ្វើការងារជាមួយដែលអាចទុកចិត្តបាននិយាយរឿងក្នុងចិត្តទាំងនេះប្រាប់ពួកគាត់។ ការដែលចែករំលែករឿងរ៉ាវ និងបទពិសោធន៍ជាមួយអ្នកជិតស្និតទាំងនេះ ក៏បានផ្តល់ឱកាសដល់អ្នកស្រីធ្វើការឆ្លុះបញ្ចាំងបញ្ហា សកម្មភាពការងារ និងដំណោះស្រាយផ្សេងៗដែលធ្លាប់ធ្វើកន្លងមក។

ការទទួលស្គាល់សមត្ថភាព មតិយោបល់របស់ស្រ្តីនៅក្នុងវិស័យទឹកស្អាត និងអនាម័យមានតិចតួច

«មនុស្សស្រីទាល់តែធ្វើការច្រើនជាង ពូកែជាងបុរសទើបទទួលបានការសាទរ បើតិចជាង ឬប្រហាក់ប្រែល គឺគេមិនទទួលស្គាល់ ឬគេមិនទទួលយកតែម្តង»។ នេះជាអ្វីដែលអ្នកស្រី សង់ ប៊ែរណាឌីន ធ្លាប់បានឮកន្លងមកក្នុងពេលបំពេញការងារ ។ អ្នកស្រី ប៊ែរណាឌីន ក៏បានប្រាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនថា បើអ្នកស្រីចង់ឱ្យអ្នកជុំវិញខ្លួនទទួលស្គាល់ ទាល់តែអ្នកស្រីត្រូវធ្វើការងារច្រើនជាងគេ​​[បុរស] ពូកែជាងគេ​​[បុរស]។ បើអ្នកស្រីទទួលបានលទ្ធផលប្រហែលគេ​​[បុរស] គេ​​[បុរស]មិនខ្វល់ពីការខិតខំប្រឹងប្រែងរបស់អ្នកស្រី ហើយពេលពេលខ្លះគេ​​[បុរស]ថែមទាំងមិនទទួលយកទៀត។

ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន ថៃហ្គ័រ វ៉តធ័រ សូលូសិន (ខេមបូឌា) ឯ.ក រូបនេះក៏បានប្រាប់ថាការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យទឹកស្អាតនេះ នៅមានចំនួនតិចតួចនៅឡើយ។ អ្នកស្រីបានចែករំលែកបទពិសោធន៍កន្លងមក ដែលធ្វើការជាមួយអាជីវករថា ស្ត្រីមានប្រហែល១០ទៅ១៥ភាគរយប៉ុណ្ណោះ ក្នុងចំណោមអាជីវកប្រមាណ២០០នាក់។ អ្នកស្រីបន្តថា ម្ចាស់អាជីវកម្មដែលជាស្រ្តីមួយចំនួន គ្រាន់តែមានឈ្មោះជាម្ចាស់អាជីវកម្មប៉ុណ្ណោះ ប៉ុន្តែមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចចិត្តលើអាជីវកម្មទេ។ ការទទួលខុសត្រូវលើការងារគ្រប់គ្រងអាជីវកម្មផ្សេងៗភាគច្រើនធ្លាក់លើបុរសឬស្វាមីដដែល។ អ្នកស្រី ប៊ែណាឌីន ពន្យល់ពីមូលហេតុថា នៅក្នុងវិស័យការងារទឹកស្អាតនេះ ភាគច្រើនជាការងារបច្ចេកទេសទាក់ទងទៅនឹងការផលិតទឹកស្អាត តទុយោទឹកជាដើម ដែលខ្វះស្រ្តីដែលមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការបំពេញការងារនេះ។

បើទោះជាស្ថានភាពបច្ចុប្បន្នបែបនេះក៏ដោយ អ្នកស្រី សង់ ប៊ែរណាឌីន ចង់ឃើញស្ត្រីមិនថាតិច ឬច្រើនមានសំឡេងនៅក្នុងគោលនយោបាយ ផែនការ និងសេចក្តីសម្រេចនានា ហើយមតិយោបល់រប​ស់ស្រ្តី ត្រូវបានយកទៅពិភាក្សា និងអនុម័ត្ត។ អ្នកស្រីចង់ឃើញបែបនេះ ដោយសារតែអ្នកស្រីធ្លាប់ឃើញថា កន្លងមកយោបល់របស់ស្រ្តីមិនត្រូវបានទទួលយក បើទោះជាពួកគេមាវត្តមានក្នុងពេលប្រជុំក៏ដោយ។ «ពេលខ្លះអ្វីដែលពួកគាត់[ស្រ្តី]បានលើកឡើងត្រូវបានមេជាអ្នកសម្រេចដដែល»។ អ្វីដែលអ្នកស្រី ប៊ែរណាឌីន ចង់ឃើញទៀតនោះ គឺក្នុងនាមជាមនុស្សស្រីត្រូវតែពង្រឹងសមត្ថភាពខ្លួនទាំងជំនាញទន់ និងជំនាញរឹង និងត្រូវតែពូកែការងារនៅក្នុងបណ្តាញផងដែរ ដើម្បីឱ្យមានបណ្តាញកាន់តែច្រើន ជម្រើសក៏ កាន់តែច្រើនដូចគ្នា៕

អត្ថបទនេះជាផ្នែកមួយនៃយុទ្ធនាការ​ HerRoles​​ ដែលប្រែជាភាសាខ្មែរថា​​ តួនាទីរបស់គាត់។​យុទ្ធនាការនេះធ្វើឡើងដើម្បីលើកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីតួនាទី និងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យទឹកស្អាតនិងអនាម័យ។ យុទ្ធនាការនេះសហការរៀបចំដោយអង្គការវ៉តធ័រអេត (WaterAid) និងកម្មវិធីស្រ្តីជំនាន់ថ្មី។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a website or blog at WordPress.com

%d bloggers like this: