អ្នកស្រី សង់ ប័រណាឌីន ៖ បើយើងមានគោលដៅច្បាស់លាស់ យើងអាចរកវិធីធ្វើវា

អ្នកស្រី ប៊ែរណាឌីន មានតួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន ថៃហ្គ័រ វ៉តធ័រ សូលូសិន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផលិតអាងស្តុកទឹកសម្រាប់អតិថិជននៅប្រទេសអូស្ត្រាលីនិងតំបន់អាស៊ាន មានចំណុះពី១៨,០០០លីត្រ ដល់២,០០០,០០០លីត។​ មុនពេលកាន់តំណែងនេះ អ្នកស្រីបានបម្រើការជាមន្ត្រីរាជការ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលអស់ជាច្រើនឆ្នាំ។​

សុធារី៖ ស្វាគមន៍មកដល់កម្មវិធីស្ត្រីជំនាន់ថ្មី! ថ្ងៃនេះកម្មវិធីរបស់យើងសន្ទនាជាមួយអ្នកស្រី សង់ ប័រណាឌីន ដែលជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន ថៃហ្គ័រ វ៉តធ័រ សូលូសិន (ខេមបូឌា) ឯ.ក។ កិច្ចសម្ភាសនេះ គឺជាផ្នែកមួយនៃយុទ្ធការ Her Roles ដែលប្រែជាភាសាខ្មែរថា តួនាទីរបស់គាត់។ យុទ្ធនាការនេះសហការផលិតដោយអង្គការ WaterAid និងកម្មវិធីស្ត្រីជំនាន់ថ្មី ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនលើភាពជាអ្នកដឹកនាំ និងបទពិសោធជីវិតរបស់ស្ត្រីក្នុងវិស័យទឹកស្អាតនឹងអនាម័យ។

ជំរាបសួរអ្នកស្រី សង់ ប័រណាឌីន អរគុណដែលបានចូលរួមជាមួយកម្មវិធីរបស់យើង។ ជាកិច្ចចាប់ផ្តើមអ្នកស្រី ប័រណាឌីន ប្រាប់បានទេថា អ្នកស្រីចាប់ផ្តើមធ្វើការក្នុងវិស័យទឹកស្អាត និងអនាម័យនេះតាំងពីពេលណាមក?

អ្នកស្រី សង់ ប័រណាឌីន៖ ខ្ញុំគិតថាវាជារឿងដែលកើតឡើងដោយមិនមានផែនការទេ ដែលខ្ញុំចូលក្នុងវិស័យទឹកស្អាតនិងអនាម័យនេះ។ ឆ្នាំ២០១៨ ខ្ញុំចូលប្រជុំមួយដែលកាលនោះខ្ញុំបានជួបជាមួយតំណាងរបស់អង្គការ WaterAid នៅក្នុងកិច្ចប្រជុំនោះគាត់​និយាយថា គាត់ចង់ឱ្យមានស្ត្រីលើវិស័យទឹកស្អាត ហើយខ្ញុំដែលកំពុងធ្វើការនៅលើវិស័យនេះដែរក៏ចាប់អាម្មណ៍ទៅលើកិច្ចប្រជុំនានា ដែលពួកយើងរៀបចំ។ ពេលនោះហើយដែលខ្ញុំបានក្លាយជាសមាជិកស្នូលនៅក្នុងក្រុមទឹកស្អាតនិងអនាម័យ នេះគឺជារឿងរ៉ាវដែលខ្ញុំចាប់ផ្តើមរហូតមកដល់ពេលបច្ចុប្បន្ន។ ខ្ញុំគិតថាច្រើនឆ្នាំដែរហើយដែលខ្ញុំឈានជើងចូលក្នុងវិស័យទឹកស្អាតនិងអនាម័យ គ្រាន់តែខ្ញុំមិនមានការអាជីពនៅក្នុងវិស័យនេះទេ។

សុធារី៖ ហេតុអ្វីបានជាអ្នកស្រី សង់ ប័រណាឌីន ចូលរួមក្នុងវិស័យនេះ?

អ្នកស្រី សង់ ប័រណាឌីន៖ ខ្ញុំសួរខ្លួនឯងបញ្ច្រាស់គេបន្តិចថា អ្វីដែលខ្ញុំអត់ចូលចិត្ត និងចូលចិត្តធ្វើការ ព្រោះខ្ញុំភាគច្រើនមានគម្រោងឈប់ធ្វើការ ហើយចង់នៅផ្ទះធ្វើជាស្រ្តីមេផ្ទះ។ ខ្ញុំនៅផ្ទះបានតែមួយខែ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាធុញនឹងខ្លួនឯងតែម្តង។ ខ្ញុំចាប់ផ្តើមសួរខ្លួនឯងថា ម៉េចបានខ្ញុំធ្វើបែបនេះទៅវិញ? ដល់ពេលអ៊ីចឹងខ្ញុំមានអារម្មណ៍ថា សង្គមដែលមានតែប្តី និងកូននៅផ្ទះធ្វើតែមេផ្ទះមិនមែនជាសង្គម ដែលខ្ញុំចង់បានទេ ខ្ញុំប្រាប់ខ្លួនឯងថាសង្គមដែលខ្ញុំចង់បាន គឺជាសង្គមការងារដែលខ្ញុំអាចជួបមនុស្សបានច្រើន មានសង្គមរបស់ខ្លួនឯង មនុស្សយើងអាចនិយាយគ្នារឿងជំនួញ រឿងការងារ ចែករំលែកគ្នា មិនមែនចែករំលែកតែជាមួយប្តី និងជាមួយកូនទេ។ ហេតុផលនេះហើយដែលខ្ញុំចូលធ្វើការងារវិញ ហើយគ្រប់រឿងរ៉ាវដែលខ្ញុំអាចចូលធ្វើការក្នុងក្រុមហ៊ុនរបស់ខ្ញុំ គឺដោយសារបណ្តាញដែលខ្ញុំបានកសាងស្រាប់ អ៊ីចឹងខ្ញុំ ក៏មានទំនាក់ទំនង ខ្ញុំក៏បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុនថ្មីហ្នឹងទៅ។

សុធារី៖ អ្នកស្រីអាចប្រាប់បានទេថា ហេតុអ្វីបានជាអ្នកស្រីចង់ឈប់ធ្វើម្តងម្កាលដែរ?

អ្នកស្រី សង់ ប័រណាឌីន៖ ពេលខ្លះខ្ញុំធ្វើការមានរឿងច្រើន ការងារមិនមែនសុទ្ធតែជាកន្លែងរលូត ជាឋានសួគ៌របស់យើងរហូតទេ ព្រោះការងារវាតែងមានបញ្ហាប្រឈម ហើយខ្ញុំតែងតែគិតថា ខ្ញុំគួរដល់ពេលមួយឈប់នៅផ្ទះហើយ។ បើតាមស្ថានភាពសេដ្ឋកិច្ចខ្ញុំគួរតែនៅផ្ទះបានហើយ ប៉ុន្តែនៅពេលដែលខ្ញុំគិតថា កូនខ្ញុំក៏នៅតូចដែរ បើខ្ញុំនៅផ្ទះបង្រៀនកូន ខ្ញុំក៏អាចជួយបានច្រើន ហើយមួយទៀតគ្រួសារខ្ញុំអត់នៅជិតខ្ញុំទេ គាត់ធ្វើការនៅខេត្ត អ៊ីចឹងភាគច្រើនការទទួលខុសត្រូវជាកាតព្វកិច្ចរបស់ខ្ញុំ។ ពេលខ្លះនៅពេលដែលខ្ញុំមានការងារច្រើននៅកន្លែងធ្វើការហើយ ស្រាប់តែមកដល់ផ្ទះថែមមួយរឿងទៀត ទៅជាស្ត្រេស ហើយនៅពេលនោះខ្ញុំក៏មិនអាចបោះបង់ដោយឈប់ធ្វើការងារផ្ទះ ឈប់មើលកូននោះទេ។ ប៉ុន្តែតែខ្ញុំអាចមានជម្រើសមួយថា ខ្ញុំគួរតែឈប់ធ្វើការទៅដើម្បីឱ្យខ្ញុំនៅផ្ទះអាចមានក្តីសុខបន្តិច កុំឱ្យហត់ពេក ព្រោះអត់មាន ១០ឆ្នាំមុន ២០ឆ្នាំមុន ដែលត្រូវហត់ខ្លាំងដើម្បីមកចិញ្ចឹមគ្រួសារទៀតទេ ស្ថានភាពហ្នឹងផុតហើយ អ៊ីចឹងយើងគួរតែនៅផ្ទះខ្លះ ប៉ុន្តែនៅផ្ទះតែមួយខែ ពីរខែ មានអារម្មណ៍ថាខ្លួនឯងឃ្លាតឆ្ងាយពីពិភពលោក តាមអត់ទាន់សង្គមគេតែម្តង នេះជាហេតុផងដែលខ្ញុំមិនអាចឈប់ធ្វើការងារបាន។

សុធារី៖ អ្នកស្រី ប័រណាឌីន បានលើកឡើងថាដោយសារមានបញ្ហាប្រឈម ក្នុងនាមជាស្ត្រីដែលធ្វើការក្នុងវិស័យទឹកស្អាតនិងអនាម័យ ជាពិសេសស្ត្រីដែលកាតន់តំណែងជាអ្នកដឹងនាំដូចអ្នកស្រីជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ?

អ្នកស្រី សង់ ប័រណាឌីន៖ បញ្ហាប្រឈមភាគច្រើន ខ្ញុំចែកចេញជាពីរ គឺបញ្ហាផ្ទាល់ខ្លួន និងបញ្ហាខាងក្រៅ។ ចង់និយាយថា ចូលធ្វើការក្នុងវិស័យទឹកស្អាត និងអនាម័យនេះ គឺខ្ញុំអត់មានសាវត្តារនៅក្នុងវិស័យហ្នឹងទេ។ សមត្ថភាពនៅក្នុងការនិយាយនិងយល់ដឹងពីគោលគំនិតនៅក្នុងវិស័យនេះក៏យល់មិនអស់ ពេលខ្លះធ្វើឱ្យខ្ញុំមិនមានសមត្ថភាពក្នុងកានិយាយឱ្យគេយល់ដែរ នេះជាបញ្ហាលំបាករបស់ខ្ញុំ។ មួយទៀត ខ្ញុំជាមនុស្សឆាប់អាណិតគេពេក ពេលខ្លះអ្នកដទៃអាចយកឱកាសពីក្នុងរឿងនេះដែរ នេះជាបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំគិតថា វាជាបញ្ហាប្រឈមនៅកន្លែងខ្ញុំខ្លួនឯង ទាំងនៅផ្ទះ និងនៅកន្លែងធ្វើការងារ។

បើនៅខាងក្រៅវិញ  បរិយាកាសជុំវិញខ្លួនឯង ស្ត្រីនៅតែជាស្ត្រី ខ្ញុំគិតថាស្ត្រីណាក៏ដូចគ្នាដែរ គឺទាំងខ្ញុំទាំងគេ ឱ្យតែមានក្រុមគ្រួសារគឺមានបន្ទុក ហើយដោយសារគ្រួសារខ្ញុំនៅខេត្ត បើទោះខ្ញុំមានអ្នកជួយធ្វើការងារនៅផ្ទះជួយដាំស្លយ៉ាងស្រួល ប៉ុន្តែកូនប្រុសពីរនាក់របស់ខ្ញុំ គាត់មិនអាចជួយខ្ញុំក្នុងការមើលថែបានទេ។ ក្នុងរយៈពេល២ឆ្នាំនេះជាពេលលំបាកដោយសារយើងជួបនូវបញ្ហារាតត្បាតនៃជំងឺកូវីដ។ ​ ស្ត្រីដូចខ្ញុំ ជាម្តាយដែលធ្វើការងារផង ត្រូវទទួលខុសត្រូវមើលកូនរៀនតាមអនឡាញផង។ ក្មេងប្រុសដែលមានអាយុ៧-៨ឆ្នាំ គឺត្រូវការប្រាប់ជាប្រចាំ[រៀនតាមអនឡាញ] បើមិនអ៊ីចឹងទេ ខ្ញុំបង់លុយហើយខាតអត់បានប្រយោជន៍ទេ។ ក្រៅពីជាអ្នកធ្វើការម្នាក់ ខ្ញុំត្រូវទទួលបន្ទុកមើលកូនរៀនពេលថ្ងៃហើយ នៅពេលយប់ត្រូវរម្លឹកនិងមើលគាត់ធ្វើកិច្ចការសាលាទៀត បន្ទុករបស់ខ្ញុំមានរឿងច្រើន ដោយសារគ្រួសារខ្ញុំគាត់នៅខេត្ត អ៊ីចឹងគាត់អត់អាចជួយខ្ញុំបានទេ។

រឿងមួយទៀតនៅទីណាក៏ដោយពាក្យហ្នឹង ខ្ញុំជឿថាដោយសារខ្ញុំធ្លាប់ធ្វើការជាមួយស្រ្តីក្រុមប្រឹក្សាឃុំ ខ្ញុំចាំពាក្យមួយដែលគាត់និយាយថា មនុស្សស្រីទាល់តែពូកែជាងបុរស ធ្វើការច្រើនជាងបុរសទើបទទួលបានការសាទ។ បើតិចជាង បើប្រហែលគឺរឿងហ្នឹងមិនអាចបានអ្នកណាសាទរបានទេ។ គេនឹងបដិសេធយើងចោលតែម្តង ការងារខ្ញុំក៏អ៊ីចឹងដែរ បើសិនជាខ្ញុំចង់ឱ្យគេសាទរ ខ្ញុំត្រូវធ្វើការច្រើនជាងគេ ពូកែជាងគេ តែបើសិនជាខ្ញុំធ្វើប្រហែលគេក៏ត្រូវបានទទួលការសាទរដែរ គេមិនខ្វល់ពីយើងផង ពេលខ្លះគឺគេបដិសេធយើងតែម្តង ហើយទុកយើងចោលទៀត។

សុធារី៖ គួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងការងារផ្ទះ ការងាររបស់ម្តាយក្នុងកំឡុងពេលកូវីដ ម្តាយដែលគាត់មានមុខរបរ និងការងារខាងក្រៅ អ្នកស្រីអាចប្រាប់ខ្ញុំបន្ថែមបានទេថាប្រឈមនឹងអ្វីខ្លះ?

អ្នកស្រី សង់ ប័រណាឌីន៖ ពេលខ្លះខ្ញុំប្រឈមនឹងពេលវេលា ការបែងចែកពេលវេលារបស់ខ្ញុំ។ ឧបមាថាខ្ញុំ កំពុងតែប្រជុំ ឬក៏ពេលខ្លះកំពុងតែផ្តោតលើការងារ កូនមករកខ្ញុំភ្លាម គឺត្រូវតែដាច់ការផ្តោតអស់ ហើយទោះពេលខ្ញុំប្រាប់ថាពេលម៉ាក់ប្រជុំ កុំមករញ៉េរញ៉ៃ ប៉ុន្តែនៅពេលដែលយើងកំពុងតែប្រជុំក៏ជាពេលមួយដែលគាត់ទៅមានពេលទំនេរ លួចលេង iPaid ដែរ។ ហ្នឹងជាពេលវេលាលំបាកដោយសារខ្ញុំត្រូវធ្វើការហើយមើលគាត់ទៀត អ៊ីចឹងខ្ញុំពិបាកចែងពេលវេលានឹងមែនទែន។ នៅពេលខ្លះខ្ញុំរអ៊ូជាមួយគ្រួសារខ្ញុំថា បងឯងធ្វើការដូចខ្ញុំដែរ នៅពេលដែរចប់ការងារបងឯងអាចទៅជួបពួកម៉ាក់និយាយគ្នា។ បើខ្ញុំចប់ការងារគឺត្រូវនៅជាមួយ២នាក់នេះទៀត គឺត្រូវតែនាំគាត់ទៅហាត់ប្រាណ ឬក៏ត្រូវនាំគាត់ធ្វើកិច្ចការសាលា ត្រូវមើលថាគាត់ធ្វើរួចឬនៅ ព្រោះនៅពេលដែលគាត់នៅរៀនយើងរវល់ធ្វើការ មិនមែនមានន័យថា គាត់ធ្វើការងារគាត់បានទេ។ យើងត្រូវទៅមើលការងារគាត់និងពិនិត្យមើលទៀតថាគាត់ធ្វើរួចនៅ។ មនុស្សប្រុសភាគច្រើនគាត់មានពេលទំនាកទំនងជាមួយបណ្តាញច្រើនជាងមនុស្សស្រី ដោយសារបន្ទុកការងារ[ការងារថែទាំ]គាត់តិចជាងមនុស្សស្រី។ គាត់អាចនិយាយថា គាត់អត់ទទួលខុសត្រូវជាង សូម្បីតែគ្រួសារខ្ញុំ ក៏ខ្ញុំអាចឆ្លើយតបថាធ្វើការដូចគ្នាប៉ុន្តែគាត់នៅតែមានឱកាសទំនាក់ទំនងតាមបណ្តាញច្រើនជាងខ្ញុំ តែខ្ញុំអត់សូវទេដោយសារបន្ទុកការងារនេះវាច្រើនជាង។

សុធារី៖ តើអ្នកស្រី ប័រណាឌីន ដោះស្រាយបញ្ហាប្រឈមទាំងនេះដូចម្តេច?

អ្នកស្រី សង់ ប័រណាឌីន៖ មនុស្សយើងមានការលំបាករៀងខ្លួន អ៊ីចឹងក៏មានដំណោះស្រាយរៀងខ្លួនដែរ។ ពិតមែនខ្ញុំជាមនុស្សឃើញអ្វីនិយាយហ្នឹង តែខ្ញុំអត់ដែលទុកបញ្ហានៅក្នុងចិត្តទេ។ នៅពេលដែលខ្ញុំមានបញ្ហាអីកើតឡើង ដែលមិនសប្បាយចឹត្តនៅកន្លែងធ្វើការ ឬក៏នៅផ្ទះក៏ដោយ នៅទីណាក៏ដោយ ខ្ញុំនិយាយចេញភ្លាម ទោះជារឿងដែលមានបញ្ហាជាមួយមេខ្ញុំក៏ដោយ ក៏ខ្ញុំប្រាប់គាត់ដែរ ប៉ុន្តែជាការសម្រេចចិត្តរបស់គាត់។ ឧទាហរណ៍មួយនេះ គឺដូចជាថាតាំងពីក្នុងកន្លែងធ្វើការមានឃើញទាក់ទងនឹងការបៀតបៀន ដែលពួកគាត់ចូលចិត្តនិយាយលេងណាស់ គាត់គិតថានឹងជារឿងធម្មតា ច្រើនតែរឿងហ្នឹងកើតឡើងគ្រប់តែគ្នា។ ខ្ញុំគិតថាមនុស្សស្រីណាក៏ជួបរឿងហ្នឹងដែរ មិនថាកូនចៅគេ មេគេទេនិយាយលេងជារឿងការបៀតបៀន គ្រាន់តែគាត់គិតថាជារឿងធម្មតា ជាការលេងសើចគ្នាឯងអ៊ីចឹងទៅ។ ជារឿងធម្មតារបស់គាត់ ប៉ុន្តែខ្ញុំដែលជាអ្នកធ្វើការងារលើកកម្ពស់សមភាពយេនឌ័រផង នៅពេលដែលគេនិយាយរឿងអាសអាភាស កំប្លែងអ៊ីចឹងមក ខ្ញុំអត់ដែរចូលរួមសើចទេ ព្រោះខ្ញុំអត់ចូលចិត្តឮរឿងហ្នឹងទេ កុំនិយាយរឿងហ្នឹងចេញមក។

ទោះបីជាមេខ្ញុំ ក៏ខ្ញុំនិយាយប្រាប់ដែរ ប៉ុន្តែនៅពេលខ្លះគាត់ស្តាប់ ពេលខ្លះក៏គាត់មិនស្តាប់ទៅ បើគាត់នៅតែ និយាយមកទៀត ជារឿងរបស់គាត់ ព្រោះថាយើងបាននិយាយមកហើយ យើងអត់មានសិទ្ធិសម្រេចចិត្តថាឱ្យគាត់ស្តាប់យើងទេ ប៉ុន្តែគ្រាន់ថាយើងយ៉ាងហោចណាស់បានបញ្ចេញសំឡេងដែលយើងចង់មានអី្វក្នុងចិត្តប្រាប់គាត់។ មួយទៀតអាចគិតថាខ្ញុំសំណាងដែរ ដែលខ្ញុំមានអ្នកប្រឹក្សាជាច្រើន ខ្ញុំអត់ចេះទុករឿងក្នុងចិត្តទេឱ្យតែមានរឿងអី ខ្ញុំតែងតែរកអ្នកប្រឹក្សាហើយ ពេលខ្លះគាត់ជាមិត្តភក្តិ ពេលខ្លះគាត់អតីតគ្រូ ឬក៏អតីតប្រធាននៅទីណាដែលយើងធ្លាប់ការជាមួយគាត់ ឬក៏ពេលខ្លះអតីតដែលយើងធ្លាប់ធ្វើការជាមួយដែលយើងទុកចិត្តបាន យើងនិយាយជាមួយគាត់ នៅពេលដែលយើងនិយាយនៅជាមួយគាត់ប្រាប់បញ្ហាយើងទៅ ពេលខ្លះគាត់ផ្តល់យោបល់ឱ្យយើងជាច្រើនដែរ។ មានរឿងខ្លះអាចជារឿងកំហុសរបស់យើង មិនមែនជាកំហុសរបស់គេទេ នៅពេលដែលនិយាយជាមួយអ្នកណាម្នាក់ទៀតនោះ គឺយើងធ្វើឱ្យយើង បានមើលឃើញថាយើងពេលខ្លះក៏ខុសដែរ មិនមែនខុសតែគេទេ ចឹងយើងព្យាយាមកាត់បន្ថយការនិយាយឱ្យគេ ថាឱ្យគេខុសរហូតអ៊ីចឹងទៅ។ មួយទៀតដែលអាចជួយខ្ញុំច្រើន ខ្ញុំជាមនុស្សរហ័សភ្លេច ពេលខ្លះ រឿងរ៉ាវភាគច្រើន ២-៣ថ្ងៃក្រោយមកខ្ញុំអាចភ្លេចហើយ ខ្ញុំអត់នៅបៀមទុកទេ។ អ៊ីចឹងខ្ញុំគ្រាន់តែថា អត់ទេ រឿងហ្នឹងធ្លាប់លំបាករួចហើយ ចង់បំភ្លេចវាបានលឿនអ៊ីចឹងវាចប់ហើយ។ ហើយមួយទៀតពេលខ្លះនៅពេលដែលយើងរកអ្នកណានិយាយជាមួយអត់បាន យើងត្រូវនៅម្នាក់ឯងហើយ នៅពេលនៅម្នាក់ឯងសំនួរមួយដែលខ្ញុំតែងសួរខ្លួនឯង ដើម្បីដោះស្រាយបញ្ហាលំបាក និងរឿងរ៉ាវដែលកើតឡើងចំពោះខ្ញុំ។ មានសំណួរមួយដែលនៅជាប់ក្នុងបេះដូងខ្ញុំ តើខ្ញុំបានធ្វើអីទើបបានជាធ្វើឱ្យបញ្ហាហ្នឹងកើតឡើង ដែលខ្ញុំបានចូលរួមចំណែកទៅក្នុងបញ្ហាហ្នឹង? អ៊ីចឹងនៅពេលដែលយើងសួរសំណួរហ្នឹង យើងសួរមកខ្លួនឯងដែរ យើងអត់បានបន្ទោសអ្នកដទៃទេ យើងសួរសំណួរហ្នឹងមកខ្លួនឯងថា យើងធ្វើអី្វបានជាបញ្ហាហ្នឹងវាកើតឡើង។ ពេលយើងសួរសំណួរបែបនេះ យើងប្រាកដជាដឹងចម្លើយថា យើងនឹងរម្លឹកទៅស្ថានភាពហ្នឹងថា មកពីយើងមិនបាននិយាយចេញរឿងហ្នឹង ឬក៏ថាដោយសារយើងអត់បានប្រកែក យើងនិយាយខុសនៅត្រង់ចំណុចនេះបានជារឿងហ្នឹងវាកើតឡើងចំពោះយើង ឬថ្ងៃហ្នឹងយើងភ្លេចគោរពម្នាក់នេះ ហ្នឹងវាជារឿងមួយដែលយើងបានចូលរួមចំណែកនៅក្នុងហ្នឹងដែរ។ យើងបានធ្វើរឿងរ៉ាវហ្នឹងឱ្យវាកើតឡើង មិនមែនតែគេម្នាក់ឯងទេ យើងឆ្លុះបញ្ជាំងរឿងហ្នឹងមកខ្លួនឯង។ ហើយមួយទៀតខ្ញុំព្យាយាមសាងទំនាក់ទំនងជាមួយមនុស្សជាច្រើន ហើយការកសាងទំនាក់ទំនងជាច្រើនហ្នឹង គឹធ្វើឱ្យយើងបានជួបមនុស្សច្រើន អីចឹងក៏មានអ្នកគាំទ្រយើងច្រើនដែរ។ អ៊ីចឹងទៅវាធ្វើឱ្យការងាររបស់យើងមានកាន់តែប្រសើរឡើង ងាយស្រួលអ៊ីចឹងទៅ ហ្នឹងជាអ្វីដែលខ្ញុំធ្លាប់ដោះស្រាយបញ្ហាលំបាកកន្លងមក។

សុធារី៖ អ្នកស្រីបានលើកឡើងពីបញ្ហាបៀតបៀននៅកន្លែងធ្វើការងារ។ ខ្ញុំចង់រៀនសូត្របន្ថែមថា ការបៀតបៀនហ្នឹងក្រោមទម្រង់រូបភាពយ៉ាងម៉េចទៅ? ហើយហេតុអ្វីបានជាអ្នកផ្សេងគេអត់ថា នោះគឺជាការបៀតបៀន ឬក៏អត់មានការពិភាក្សាគ្នាច្រើនទាក់ទងជាមួយរឿងហ្នឹង?

អ្នកស្រី សង់ ប័រណាឌីន៖ ជាទូទៅនៅកន្លែងធ្វើការ ខ្ញុំគិតថាធម្មតាអ្នកណាក៏គិតអ៊ីចឹងដែរ ខ្ញុំអត់មានទម្រង់នៃការបៀតបៀនដល់អាក្រក់ពេកដល់ថ្នាក់លូកលាន់អីទេ។ នៅកន្លែងធ្វើការខ្ញុំអត់ដែលជួបរឿងរ៉ាវបែបអ៊ីចឹងទេ ប៉ុន្តែការបៀតបៀនដែលខ្ញុំគិតដូចជាការនិយាយលេងអាសអាភាសនៅកន្លែងធ្វើការ។ នៅពេលដែលយើងនៅទីនោះ គាត់និយាយជាមួយគ្នាគាត់ក៏យើងនៅទីនោះដែរ អ៊ីចឹងមានន័យថាយើងឮហើយ។ ខ្ញុំអត់ដែលសើចជាមួយក្នុងរឿងហ្នឹងទេ ខ្ញុំចង់ប្រាប់និងបង្ហាញថា ខ្ញុំអត់ចូលចិត្តរឿងហ្នឹងទេ អ្នកឯងនិយាយជារឿងរបស់អ្នកឯង ពីព្រោះអ្នកឯងមិនស្តាប់ខ្ញុំនិយាយ ប៉ុន្តែយើងមិនចូលរួមស្តាប់ជាមួយ គឺមានន័យថាយើងមិនពេញចិត្តក្នុងការដែលគេសើចហ្នឹងហើយ។ ខ្ញុំគិតថាប្រធានខ្ញុំមួយណាក៏ធ្លាប់ឮខ្ញុំនិយាយ ដែរ គាត់ស្តាប់មិនស្តាប់ជារឿងរបស់គាត់ ខ្ញុំមិនមានសិទ្ធិទៅកំណត់ឱ្យគាត់មកស្តាប់ខ្ញុំទេ ប៉ុន្តែយើងបាននិយាយចេញពីក្នុងចិត្តហើយ។

សុធារី៖ តើកត្តាអ្វីខ្លះដែលជំរុញទឹកចិត្តអ្នកស្រីឱ្យបន្តការងារ ទោះបីជាជួបបញ្ហាប្រឈមផ្សេងៗដូចជា ការមើលថែកូន ការបែងចែកពេលវេលា និងការបៀតបៀននៅកន្លែងការងារជាដើម?

អ្នកស្រី សង់ ប័រណាឌីន៖ អ្វីដែលជំរុញចិត្តខ្ញុំ ខ្ញុំចូលចិត្តមានសង្គមរបស់ខ្លួនឯង ខ្ញុំអត់ចូលចិត្តតែសង្គមនៅតែក្នុងផ្ទះទេ។ នៅពេលខ្លះខ្ញុំពិបាកយ៉ាងណាក៏ដោយ បើសិនជាខ្ញុំឈប់ធ្វើការប្រាកដជានៅផ្ទះមើលកូន នេះហើយជាកត្តាធំបំផុតដែលធ្វើឱ្យខ្ញុំត្រូវតែត្រលប់មកធ្វើការវិញ។ មួយទៀតមនុស្សខ្ញុំគឺចចេស បើអ្នកដទៃគិតថារឿងហ្នឹងខ្ញុំធ្វើមិនកើត ខ្ញុំនឹងធ្វើរឿងហ្នឹងឱ្យកើត ខ្ញុំនឹងរកគ្រប់វិធី ស្វែងរកនៃការគិត សុំការគាំទ្រពីនេះពីនោះគ្រប់គ្នា រឿងហ្នឹងគួរធ្វើ គួរដោះស្រាយយ៉ាងម៉េច? ខ្ញុំជាទូទៅទោះលំបាកយ៉ាងណាក៏ដោយ នៅពេលដែលយើងមានមនុស្សជួយគាំទ្រយើង យើងស្អីក៏យើងធ្វើបានដែរ។ ខ្ញុំជាមនុស្សសំណាង មិត្តភក្តិ គ្រួសារ ហើយសូម្បីតែអតីតមិត្តប្រធានគាត់នៅតែលើកទឹកចិត្ត។ ឧបមាថា ដូចជាជំនួញ ខ្ញុំថាធ្វើអត់កើតទេ អ្នកនៅជុំវិញខ្ញុំជឿជាក់ជាងខ្ញុំជឿជាក់លើខ្លួនឯងទៀត។ ខ្លះអ្នកជួយនេះ ខ្លះកន្លែងនោះ អ្នកនោះគេជួយ អ៊ីចឹងនៅជុំវិញខ្ញុំសម្បូរដោយធនធានទៅហើយ ដល់អ៊ីចឹងទៅយើងមានរឿងអ្វីដែលគួរឱ្យខ្លាច។ ដូចគ្នាពេលណាក៏ដោយឱ្យតែយើងដោះស្រាយបញ្ហាលំបាក បើយើងមានមនុស្សនៅលើកទឹកចិត្ត ហើយយើងមានគោលដៅថាយើងអត់ចង់ធ្វើរឿងនេះទេ តែរឿងផ្សេងទៀត រឿងលំបាកម៉េចក៏យើងអាចទ្រាំបាន។ ខ្ញុំមានគោលដៅថាអត់ចូលចិត្តនៅផ្ទះទេ ខ្ញុំអត់ចូលចិត្តដាច់ខាន ខ្ញុំរកអ្នក និយាយ រកវិធីសាស្ត្រអ្វីក៏ដោយ កុំឱ្យតែខ្លួនឯងនៅផ្ទះទៅបានហើយ ហ្នឹងហើយជារឿងរ៉ាវដែលយើងអាចដោះស្រាយបញ្ហាលំបាកយើងបាន។ បើសិនជាមនុស្សយើងមានគោលដៅកំណត់អី្វមួយច្បាស់លាស់ នៅពេលយើងចូលចិត្តអី្វ មិនចូលចិត្តអី យើងនឹងព្យាយាមគេចពីកន្លែងហ្នឹងកុំឱ្យយើងជួប យើងត្រូវតែមានវិធីទៅរកគោលដៅហ្នឹងឱ្យបាន។

សុធារី៖ អ្នកស្រី សង់ ប័រណាឌីន ធ្វើការនៅក្នុងវិស័យទឹកស្អាតនិងអនាម័យ៣៤ឆ្នាំហើយ តើអ្នកស្រីសង្កេតឃើញថាមានស្រ្តីចូលរួចច្រើនទេ និងគាត់មានតួនាទីជាងថ្នាក់ដឹកនាំច្រើនដែរឬទេ?

អ្នកស្រី សង់ ប័រណាឌីន៖ កាលពីខ្ញុំធ្វើលើវិស័យទឹកស្អាតនិងអនាម័យក្នុងនាមជាសមាគម ហើយខ្ញុំក៏មានអាជីវកម្មទឹកស្អាតដែលជាសមាជិករបស់ខ្ញុំ ប្រសិនបើប្រៀបធៀបអាជីវករជាង២០០នាក់ដែលខ្ញុំស្គាល់ ពួកគាត់ដែលជាម្ចាស់អាជីវកម្មជាស្ត្រីមានប្រហែល១០ទៅ១៥ភាគរយ។ ជាម្ចាស់អាជីវកម្មដែលជាស្រ្តីមួយចំនួន គ្រាន់តែមានឈ្មោះជាម្ចាស់អាជីវកម្មប៉ុណ្ណោះ ប៉ុន្តែមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចចិត្តលើអាជីវកម្មទេ។ ការទទួលខុសត្រូវលើការងារគ្រប់គ្រងអាជីវកម្មផ្សេងៗភាគច្រើនធ្លាក់លើបុរសឬស្វាមីដដែល។ នៅក្នុងវិស័យការងារទឹកស្អាតរបស់អាជីវកម្មឯកជននេះ ភាគច្រើនជាការងារបច្ចេកទេសទាក់ទងទៅនឹងការផលិតទឹកស្អាត តទុយោទឹកជាដើម ដែលខ្វះស្រ្តីដែលមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការបំពេញការងារនេះ។ នេះបើខ្ញុំមើលឃើញនៅក្នុងស្ថានភាពវិស័យទឹកស្អាតនិងអនាម័យនេះ។

សុធារី៖ តើអ្នកស្រី សង់ ប័រណាឌីន ចង់ឃើញបែបណានៅក្នុងវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា?

 អ្នកស្រី សង់ ប័រណាឌីន៖ ខ្ញុំចង់ឱ្យរាល់ថ្ងៃនេះមានស្ត្រីចូលរួមច្រើនក្នុងការងារទាំងតួនាទីភាពជាអ្នកដឹកនាំ និងតួនាទីជាអ្នកគ្រប់គ្រង និងបុគ្គលិកធម្មតានៅគ្រប់វិស័យ។ ប៉ុន្តែ ខ្ញុំចង់ឱ្យយើងចែកដាច់បន្តិច ឧទាហរណ៍ យើងទៅប្រជុំមានស្ត្រីចូលរួមច្រើនណាស់យើងថា នេះជោគជ័យហើយដោយសារយើងឃើញមានយេនឌ័រច្រើន។ តាមពិតពេលឃើញមានស្រ្តីចូលរួមច្រើនវាគ្រាន់តែបានឃើញថាមានស្រី្តមានប្រុស ប៉ុន្តែខ្ញុំចង់ឱ្យអ្នកមើលឱ្យឃើញលើសនេះបន្តិចថា ឧបមាថាឃើញមានស្រ្តីចូលរួមច្រើន ពេលខ្លះស្ត្រីចូលរួម២០នាក់ គាត់និយាយអត់ឈ្នះមនុស្សប្រុសម្នាក់ទេ គាត់គ្រាន់តែបានស្តាប់មនុស្សប្រុសម្នាក់និយាយទេ អ៊ីចឹងចូលរួមបានត្រឹមតែឱ្យគេថាបានចូលរួមប៉ុណ្ណោះ ដើម្បីឱ្យគេរាប់ចំនួនត្រូវ។ ខ្ញុំអត់ចង់ឃើញអ៊ីចឹងទេ ខ្ញុំចង់ឃើញថាស្ត្រីតិចក៏ដោយ ច្រើនក៏ដោយឱ្យតែពួកគាត់ចូលរួមគួរតែមានសំឡេងនៅទីនោះ។ មួយទៀតបើសិនជាគាត់មានសំឡេងហើយ មតិយោបល់របស់គាត់ហ្នឹងយកទៅពិភាក្សាឬអត់ ពីព្រោះពេលខ្លះនិយាយទៅមេជាអ្នកសម្រេចដដែល វាអត់បានប្រយោងជន៍។ ពិតមែនតែឥឡូវ បើយើងស្តាប់ៗទៅប្រធានស្ថាបន័ណាក៏ដោយពេលគាត់ឃើញគាត់ថាបានអនុវត្តន៍គោលការណ៍យេនឌ័រហើយ ដោយសារចំនួនស្ត្រីរបស់គាត់មាន៣០% ឬ២៥% នៃបុគ្គលិកគាត់ទាំងអស់។ ប៉ុន្តែយើងកុំភ្លេចរឿងមួយទៀតថា យើងត្រូវមើលលើសហ្នឹងថា ២៥% គាត់មានតួនាទីជាថ្នាក់ដឹកនាំប៉ុន្មាននាក់? ជួនកាល ២៥%  សុទ្ធតែថ្នាក់ក្រោមទេ អត់មានតួនាទីជាថ្នាក់ដឹកនាំម្នាក់ផង។ អ្នកខ្លះវាយតម្លៃយេនឌ័រទៅលើតែចំនួនគ្រប់ តែការពិតវាអត់អ៊ីចឹងទេ គឺថាតើគាត់សម្រេចចិត្តអត់ ឬយ៉ាងម៉េច សំឡេងគាត់ត្រូវបានគេរាប់អត់ ហ្នឹងហើយជារឿងដែលសំខាន់។ នៅពេលខ្លះយើងចង់បង្កើនចំនួន តែដល់ពេលពួកគាត់ទៅបែរជា និយាយភាសាឱ្យស្រួលស្តាប់ទៅគាត់ទៅជាទីងមោងឱ្យគេវិញ។ អ៊ីចឹងយើងយកគាត់មកធ្វើអី យកទៅឱ្យគាត់ខ្មាស់គេ ធ្វើឱ្យគាត់មានអារម្មណ៍ថា គាត់ទៅអត់ប្រយោជន៍។ នៅពេលដែលស្ត្រីម្នាក់ ឬស្ត្រីច្រើនអ្នកក៏ដោយ គាត់អត់បានចូលររួមប្រជុំ សំឡេងរបស់គាត់អត់ត្រូវបានគេទទួលស្គាល់ ហើយគាត់អត់ត្រូវបានគេលើកតម្កើង គោរពផង សូម្បីតែពេលគេនិយាយគេមិនឱ្យកាសគាត់ផង។ គាត់ចូលរួមទៅប្រជុំអី នេះជាការលើកទឹកគាត់ទេ តែបែរជាបំបាក់ទឹកចិត្តគាត់ទៅវិញ។ អ៊ីចឹងគាត់លេងចង់ទៅ គាត់ថាគេហៅអត់មានតម្លៃផង ហ្នឹងជារឿងសំខាន់។

សុធារី៖ អ្នកស្រី សង់ ប័រណាឌីន មានសារអី្វសម្រាប់ស្រ្តីនិងយុវតីដទៃទៀត ដែលគាត់ចង់ចូលរួមនៅក្នុងវិស័យទឹកស្អាតនិងអនាម័យនេះ?

អ្នកស្រី សង់ ប័រណាឌីន៖ ខ្ញុំគិតថាក្នុងនាមជាស្ត្រីនិងក្មេងស្រីក៏ដោយ នៅក្នុងវិស័យណាក៏ដោយ ការណ៍ដែលសំខាន់ គឺកត្តាខាងក្នុងរបស់គាត់ត្រូវតែក្លាហានក្នុងការនិយាយចេញនៅរឿងអ្វី ដែលគាត់មិនសប្បាយចិត្ត ប៉ុន្តែមិនមែនក្លាហានអត់ដឹងអ្វីនោះទេ ពោលគឺត្រូវមានហេតុផលសមស្រប់ទៅជាមួយផង។ ម្យ៉ាងទៀត ក្នុងនាមជាស្ត្រីត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងទាំងជំនាញរឹង និងជំនាញទន់ ពីព្រោះយើងដឹងហើយថា ជំនាញរឹងតែម៉្យាង អ្នកខ្លះគាត់ពូកែមែនទែនលើបច្ចេកទេស ប៉ុន្តែគាត់អត់មានទំនាក់ទំនងជាមួយអ្នកដទៃសោះ ហើយគាត់ពិបាកទៅធ្វើការជាមួយអ្នកដទៃក្នុងការទំនាក់ទំនង និងបង្កើតបណ្តាញរបស់ខ្លួនឯង។ នៅពេលដែលយើងមិនមានបណ្តាញ ជម្រើសរបស់យើងកាន់តែតិច ប៉ុន្តែបើបណ្តាញយើងកាន់តែច្រើន ជម្រើសយើងកាន់តែច្រើនដូចគ្នា។

សុធារី៖អរគុណច្រើនបងប័រ ណាឌីន ដែលបានចូលរួមក្នុងកម្មវិធីរបស់ពួកយើង

បងប័រណាឌីន៖ សូមអរគុណច្រើន សុធារី ដែលបានផ្តល់ឪកាសឱ្យខ្ញុំដូចគ្នា។

សុធារី៖ អរគុណលោកអ្នកស្តាប់ ដែលបានស្តាប់កម្មវិធីរបស់យើង យើងនឹងផ្សាយបទសម្ភាសន៍ជាមួយស្ត្រី ដែលធ្វើការវិស័យទឹកស្អាត និងអនាម័យជាបន្តបន្ទាប់ទៀត។ ជួបគ្នានៅសប្តាហ៍ក្រោយ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a website or blog at WordPress.com

%d bloggers like this: