លោកស្រី ឌី ម៉ានី ចង់ឃើញស្ត្រីនិងយុវតីចូលរួមដោះស្រាយបញ្ហាទឹកស្អាតនិងអនាម័យ

ទឹក គឺ ជា ជីវិត។ ការ យល់ ដឹង ពី ទឹកស្អាត និង អនាម័យ របស់ ពលរដ្ឋ កម្ពុជា នៅមានកម្រិតនៅឡើយ ជាពិសេសប្រជាពលរដ្ឋនៅទីជនបទ។ ស្ត្រីដែលការចូលរួមដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យ នៅតែមានចំនួនតិចតួច ជាពិសេសនៅក្នុងតួនាទីជាថ្នាក់ដឹកនាំ។ លោកស្រ្តី ឌី ម៉ានី ជាស្ត្រីម្នាក់ដែលមានតួនាទីជាថ្នាក់ដឹកនាំក្នុងការចូលរួមអភិវឌ្ឍន៍វិស័យនេះ ប៉ុន្តែមុនឈានមកដល់តួនាតីនេះលោកស្រី បានជួបនឹងឧបសគ្គជាច្រើន រួមទាំត្រូវជម្នះនឹងផ្នត់គំនិតម្តាយដែលមិនចង់ឱ្យលោកស្រីធ្វើការងារនៅក្នុងតួនាទីធំៗបែបនេះ។ ទន្ទឹមនឹងនេះលោកស្រី ឌី​ ម៉ានី ក៏បានជំរុញលើកទឹកចិត្តឱ្យស្រីនិងយុវតី ចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទឹកស្អាតនិងអនាម័យនៅកម្ពុជា។

ទិដ្ឋភាពកង្វះទឹកស្អាត និងអនាម័យ នៅតាមសហគមន៍ជនបទដែលលោកស្រី ឌី ម៉ានី ជួបប្រទះ

«នៅតំបន់ខ្លះជួបគ្រោះរាំងស្ងួត ខ្ញុំបានទៅតាមសហគមន៍ដែលយើងជួយអភិវឌ្ឍន៍ គឺផ្ទះរបស់គាត់ខ្វះខាតទឹកប្រើប្រាស់ ជាពិសេសស្ត្រីយើងពេលចូលទៅក្នុងបន្ទប់ទឹក អត់មានទឹកចាក់ អត់មានទឹកលាងសម្អាត ហើយនេះជាការចាំបាច់ណាស់សម្រាប់ស្ត្រី, ហ្នឹងជាការលំបាក»។ នេះជាទិដ្ឋភាពដែលលោកស្រី ឌី ម៉ានី បានឃើញផ្ទាល់ភ្នែកនៅពេលចុះបំពេញបេសកកម្មការងារ នៅតាមសហគមន៍ជនបទមួយចំនួនតាំងពីឆ្នាំ២០០៥ មកម្ល៉េះ ខណៈដែលប្រជាសហគមន៍ផ្សេងៗទៀត រស់នៅដោយខ្វះទឹកស្អាតប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមផ្ទះខ្លះអត់មានបន្ទប់ទឹក ហើយអត់មានទាំងបង្គន់ប្រើប្រាស់ទៀត ដែលធ្វើឱ្យប្រជាជនមានការលំបាក ជាពិសេសស្ត្រី។

ក្រៅពីផ្ទះរបស់អ្នកភូមិដែលមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល រូបនេះ បានរៀបរាប់ នៅតាមសាលារៀនមួយចំនួននៅជនបទ ដែលលោកស្រី ឌី ម៉ានី បានធ្វើកម្មវិធីអប់រំស្តីពី«ទឹកស្អាត និងអនាម័យ»ជាមួយនឹងសិស្សសាលាតាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១១ ក្រោមគ្រោងមួយរបស់អង្គការអន្តរជាតិមួយ លោកស្រីមើលឃើញថា សាលាខ្លះគ្មានទឹកប្រើប្រាស់ ដែលធ្វើឱ្យបង្គន់ស្ទះប្រើលែងកើត។​

ទន្ទឹមនឹងនេះ លោកស្រី ឌី ម៉ានី ក៏សង្កេតឃើញថា ឪពុកម្តាយរបស់សិស្សានុសិស្សមួយចំនួនដាក់ទឹកឱ្យពួកគេសម្រាប់ផឹកនៅសាលា រីឯសិស្សមួយចំនួនទៀត​ មិនយកទឹកតាមខ្លួននោះទេ ខណៈដែលពួកគេត្រូវដើរមករៀនចម្ងាយ ៣-៤គីឡូម៉ែត្រ។​​ លោកស្រីលើកឡើងថា៖ «តើពួកគេមានការលំបាកប៉ុណ្ណា? ហើយក្មេងទាំងនេះត្រូវរង់ចាំរហូតដល់ទៅ៤-៥ម៉ោង ទម្រាំបានចេញពីសាលាធ្វើដំណើរទៅដល់ផ្ទះវិញ»។

បញ្ហាទាំងអស់នេះបានជំរុញទឹកចិត្តស្ត្រីវ័យ៤៦ឆ្នាំ ឌី ម៉ានី ឱ្យធ្វើការនៅតាមសហគមន៍ដោយមិនរួញរា  និងមិនខ្លាចនឿយហត់ ដើម្បីឱ្យប្រជាសហគមន៍ជនអាចមានទឹកស្អាតប្រើប្រាស់។ អ្នកស្រី ម៉ានី ចង់ឃើញអ្នករស់នៅតាមជនបទ ទទួលបានទឹកស្អាតប្រើប្រាស់ដូចអ្នកស្រី ដែលរស់នៅពីក្រុងភ្នំពេញដូច្នោះដែរ។ «ទឹកគឺជាជីវិត ហើយនៅកម្ពុជា គឺនៅកង្វះខាតការយល់ដឹងពីទឹកស្អាត និងអនាម័យច្រើន ហើយទាក់ទងនឹងការអនាម័យសម្អាតខ្លួនប្រាណក៏អ៊ីចឹងដែរ»។ នេះជាការមើលឃើញរបស់លោកស្រ្តី ឌី ម៉ានី ដែលធ្វើការលើវិស័យនេះជាច្រើនឆ្នាំ មកហើយ ហើយលោកស្រីនៅតែបន្តធ្វើការងារអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យនេះ រហូតមកដល់ពេលបច្ចុប្បន្ន ខណៈដែលមិនមានស្ត្រីច្រើនទេ ចូលរួមនៅក្នុងវិស័យមួយនេះ។

ហេតុអីបានជាមានស្ត្រីតិចតួចចូលរួមនៅក្នុងវិស័យទឹកស្អាត និងអនាម័យ?

លោកស្រី ឌី ម៉ានី មើលឃើញថា​ ការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យទឹកស្អាត និងអនាម័យ នៅមានចន្លោះខ្វះខាតច្រើន។ «ភាគច្រើនអ្នកដែលចូលរួមនិងមានសិទ្ធិសម្រេចចិត្តធំៗជាបុរស។ បុរសធ្វើការងារធំៗច្រើន ហើយចុះទៅតាមសហគមន៍ច្រើននៅតំបន់ដាច់ស្រយាលនិងលំបាកខ្លាំង។ រីឯស្ត្រីក៏គាត់មិនចង់ចុះទៅបែបហ្នឹងច្រើនដែរ លើកលែងតែស្រ្តីមួយចំនួនដែលគាត់មានឆន្ទៈខ្ពស់ប៉ុណ្ណោះ»។ នេះជាការលើកឡើងជាក់ស្តែងដែលលោកស្រី ឌី ម៉ានី បានឆ្លងកាត់និងធ្វើការងារជាមួយភាគីពាក់ព័ន្ធជាច្រើនៅក្នុងវិស័យនេះ។

ដោយឡែក បញ្ហាផ្នែកបច្ចេកទេសរបស់ស្ត្រីក៏នៅមានកម្រិតដែរ ហើយការជ្រើសរើសបុគ្គលិកដែលជាស្ត្រីមានជំនាញផ្នែកបច្ចេកទេស និងមានបទពិសោធលើវិស័យនេះ គឺជាការលំបាកណាស់។ «សម្បូរអ្នករៀនជំនាញទឹកស្អាត និងអនាម័យ ប៉ុន្តែ រៀនជាលក្ខណទូទៅពេក។ អ៊ីចឹងយើងពិបាកនឹងរកបុគ្គលិកដែលជាស្រ្តីណាស់»។ លោកស្រី ឌី ម៉ានី និយាយដោយស្មោះត្រង់យ៉ាងដូច្នេះ ដោយលោកស្រីបញ្ជាក់ថា៖«កូនសិស្សចេញពីសាលាមានច្រើន ប៉ុន្តែ សម្រាប់ស្ត្រីដែលមានជំនាញបច្ចេកទេសជាវិស្វករ អាចទៅធ្វើការងារផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីយកទៅដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យ ដូចជា នៅតំបន់លិចទឹក តំបន់ដីរឹង តំបន់ថ្ម នៅសហគមន៍បណ្តែតទឹក ឬក៏តំបន់ខ្វះខាតទឹក គឺគាត់អត់សូវមានជំនាញខាងហ្នឹងទេ»។

លោកស្រីបានបន្តទៀតថា៖ «ទាក់ទងទៅនឹងការងារផ្នែកសាងសង់ ដែលត្រូវពន្យល់ប្រជាសហគមន៍អំពីការសាងសង់បង្គន់ ជីកអណ្តូង ក៏ស្ត្រីខ្លួនគាត់ គិតថាទាំងនេះជាការងារបុរសច្រើនជាងស្ត្រីដែរ។ ហើយភាគច្រើនបុរសចេញពីវិស័យនេះមានច្រើនជាស្ត្រីពិតមែន ដូច្នេះហើយបានជាខ្វះខាតស្រ្តីចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យនេះ»។

ដើម្បីដោះស្រាយបញ្ហា និងជំរុញឱ្យស្ត្រីចូលរួមក្នុងវិស័យទឹកស្អាត និងអនាម័យ ឱ្យបានច្រើនជាងពេលបច្ចុប្បន្ន លោកស្រី ឌី ម៉ានី បានមានប្រសាសន៍ថា ស្រ្តីត្រូវតែរៀនសូត្រឱ្យបានច្រើន និងអនុវត្តន៍ការងារជាក់ស្តែង ទើបពួកគាត់អាចចូលរួមបាន ពោលគឺទាល់តែគាត់ជាស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាពខ្លួនឯង។

បញ្ហាប្រឈមរបស់លោកស្រី ឌី ម៉ានី ដែលត្រូវជម្នះនឹងផ្នត់គំនិតគ្រួសារ ដែលលើកឡើងថា​ស្រ្តីមិនបាច់រៀនច្រើនពេក ចាំតែឱ្យប្តីចិញ្ចឹម និងមើលថែកូន

«ក្នុងនាមយើងជាស្ត្រី យើងចាយពេលវេលាច្រើន បើយើងប្រៀបធៀបទៅនឹងពេលវេលាធ្វើការ និងសម្រាប់ជីវិត គឺវាមិនអាចទេ។ នៅក្នុងតួនាទីដូចខ្ញុំហើយ ការងារហ្នឹងវាអូសទាញជីវិតគ្រួសារអស់ ៧០-៨០ភាគរយហើយ ព្រោះការងាររបស់ខ្ញុំ គឺខ្ញុំគ្រប់គ្រងទាំងអស់»។ នេះជាការរៀបរាប់របស់លោកស្រី ឌី ម៉ានី ប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃអង្គការ Engineers Without Borders Australia ដែលបានចំនាយ ពេលវេលារបស់លោកស្រីច្រើនលើសលប់។

ការងារដែលលោកស្រី ឌី ម៉ានី ត្រូវរ៉ាប់រង់មិនត្រឹមតែគ្រប់គ្រងកម្មវិធីរបស់អង្គការមួយមុខនោះទេ ពោលគឺត្រូវស្វែងរកទាំងធនធានមនុស្ស ធនធានថវិកា ដើម្បីឱ្យស្ថាប័នរីកច្រើនទៀតផង។ គ្រប់គ្រងទាំងការងារបណ្តាយ, ធ្វើការងារមួយអង្គការដៃគូ ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនផងដែរ។ «ដើម្បីឱ្យការងាររីកចម្រើនមុខ ខ្ញុំត្រូវឃ្លាតឆ្ងាយពីគ្រួសារបន្តិចហើយ ព្រោះខ្ញុំត្រូវផ្តោតលើការងាររបស់ខ្ញុំជាចម្បង»។ លោកស្រី ឌី ម៉ានី បញ្ជាក់ពីការទទួលខុសត្រូវចំពោះការងារយ៉ាងដូច្នេះ។

ដើមឡើយឪពុកម្តាយរបស់លោកស្រី ឌី ម៉ានី មិនលើកទឹកចិត្តលោកស្រីឲ្យរៀនសូត្រច្រើនពេក និងធ្វើការងារដែលមានតួនាទីជាអ្នកដឹកនាំ ដែលមិនមានពេលវេលាសម្រាប់គ្រួសារទេ។ ក្រោយចប់បាក់ឌុបម្តាយក៏ប្រាប់អ្នកស្រីថា មិនបាច់ទៅធ្វើការអី្វទេ ព្រោះស្វាមីនិងចិញ្ចឹមមើលថែក្រោយរៀបការរួច។

ផ្ទុយពីការគិត និងបំណងរបស់អ្នកម្តាយ លោកស្រី ឌី ម៉ាឌី ចង់ឃើញខ្លួនឯងរៀនសូត្រឱ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ដោយព្យាយាមបង្ហាញឱ្យឪពុកម្តាយឃើញពីការខំប្រឹងរៀនសូត្រ និងយកពិន្ទុឱ្យបានល្អ ដើម្បីឱ្យគាត់បានឃើញពីលទ្ធិផលនៃការខំប្រឹងនេះ។ ក្រៅពីឪពុកម្តាយ ក៏មានបងប្អូនបង្អាក់ទឹកចិត្តលោកស្រី ម៉ាឌី ផងដែរ ដោយលោកស្រីបញ្ជាក់ដូច្នេះ៖«ភាគច្រើនគាត់ឱ្យយើងទៅរកស៊ី ឬដូចជាឱ្យរៀនជំនាញពេទ្យ ដើម្បីឱ្យយើងអាចបើករបររកស៊ីខ្លួនឯងនៅផ្ទះបាន ព្រោះយើងជាមនុស្សស្រី»។

បញ្ហាប្រឈមទាំងនេះត្រូវបានលោកស្រី ឌី ម៉ានី ដោះស្រាយពីមួយជំហានទៅមួយជំហាន ក៏ប៉ុន្តែ បញ្ហាដែលប្រឈមខ្លាំងមួយទៀតនោះគឺ ទៅធ្វើការងារពេញម៉ោង ហើយទុកកូនឱ្យម្តាយនៅជួយមើល ខណៈដែលម្តាយធ្លាប់ប្រាប់មិនឱ្យរៀនបន្ត ហើយចាំតែនៅមើលថែគ្រួសារ។

បើទោះជាបែបនេះក្តី លោកស្រីមិនដែលគិតចង់បោះបង់ការងារនោះទេ លោកស្រីមានតែជម្នះនឹងឧបសគ្គ និងបន្តអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែខ្លាំងពូកែជាងមុន។ «ខ្ញុំព្យាយាមជម្នះដោយអភិវឌ្ឍន៍ខ្លួនឯងតាំងពីខ្ញុំមានតួនាទីតូច រហូតដល់មានតំណែងតួនាទីប៉ុណ្ណឹង។ ខ្ញុំប្រាប់គាត់ថា ខ្ញុំអាចធ្វើបាន ហើយខ្ញុំអាចផ្គត់ផ្គង់ដល់គ្រួសារបានគួរសមដែរ ទោះបីខ្ញុំជាស្ត្រី តែខ្ញុំអាចចិញ្ចឹមកូនបាន ទោះបីមានប្តី ឬអត់មានប្តីក៏ដោយ»។ នេះជាលទ្ធផលនៃការខិតខំតស៊ូដែលលោកស្រី ឌី ម៉ានី ពន្យល់ដោយលើកពីសមិទ្ធិផលជាក់ស្តែងទាំងនេះទៅម្តាយ រហូតទាល់តែម្តាយគាត់ទន់ចិត្ត និងផ្លាស់ប្តូរផ្នែកគំនិតរបស់ខ្លួន។

លោកស្រី ឌី ម៉ានី បន្តរៀបរាប់ប្រាប់ម្តាយទៀតថា៖«កូនស្រីមិនអាចធ្វើអីបានទេ ឃើញហើយឥឡូវកូនស្រីអាចកាន់តំណែងធំ ដែលបុរសល្មមៗក៏មិនអាចប្រៀបធៀបបានដែរ ព្រោះស្ត្រីដែលកាន់តំណែងតួនាទីធំៗមានតិចមែនទែន។ អ៊ីចឹងខ្ញុំអាចធ្វើបាន ខ្ញុំអាចឈរបាននៅត្រង់ចំណុចមួយដែលអាចថាខ្លាំងបានដែរ ហើយខ្ញុំប្រាប់ទៅម្តាយវិញថា មិនមែនតែប្រុសទេអាចធ្វើបាន ស្ត្រីក៏អាចធ្វើបានដែរ»។

លោកស្រីឌី ម៉ានី (ខាងស្តាំបំផុតនៃវាគ្មិន) ចូលរួមកម្មវិធីសិក្ខាសាលាមួយនៅភ្នំពេញ

លោកស្រី ឌី ម៉ានី ជម្នះនឹងបញ្ហា​ប្រឈមក្នុងតួនាទីថ្នាក់ដឹកនាំជាស្ត្រី និងការមើលស្រាលសមត្ថភាពស្ត្រីក្នុងការបំពេញការងារ

«បំពេញការងារយើងក្នុងនាមជា​ប្រធានគេឱ្យបានល្អ វាជាបញ្ហាប្រឈមមួយរបស់ខ្ញុំដែរ ដែលខ្ញុំធ្វើការរៀងរាលថ្ងៃហ្នឹង ខ្ញុំរៀនសូត្ររហូតមិនមែនរៀនមួយថ្ងៃចប់ទេ គឺរៀនសូត្ររហូតដើម្បីឱ្យជីវីតខ្ញុំអាចបន្តទៅមុខបាន»។ នេះជាការលើកឡើងរបស់លោក ស្រី ឌី ម៉ានី។

មុននឹងទទួលបានតួនាទីជាប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃអង្គការ Engineers Without Borders Australia ចាប់ពីពាក់កណ្តាលឆ្នាំ២០២០ លោកស្រីក៏ធ្លាប់ធ្វើការនៅបរទេស។​លោកស្រី ឌី ម៉ានី ក៏បានចែករំលែកបទពិសោធដែលជម្នះនឹងបញ្ហាប្រឈមួយចំនួនក្នុងតួនាទីជាថ្នាក់ដឹកនាំស្រី ពេលលោកស្រីធ្វើការនៅបរទេសថា ៖​«ខ្ញុំអត់បន្ទោសទៅលើបុរសដែលមើលងាយយើងទេ។ យើងត្រូវរៀនសូត្រឱ្យបានច្រើន ធ្វើការងារឱ្យបានល្អ គេក៏អត់ហ៊ានមើលងាយយើងដែរ»។ នេះជាការខំប្រឹងបង្ហាញស្នាដៃ និងសមត្ថភាពដល់បុគ្គលិក កាលដែលលោកស្រីមានឱកាសធ្វើជាប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា និងទីម័រខាងកើតនៃសហជីពឥណទានមូលនិធិអូស្រ្តាលី (CUFA) អស់រយៈពេលជិត៤ឆ្នាំ ខណៈដែលបុគ្គលិកជាបុរសនៅទីនោះ តែងតែគិតថា អ្នកដែលអាចធ្វើការងារធំបែបនេះ ហើយនៅក្រៅប្រទេសភាគច្រើនមានតែបុរសទេ។ ការខិតខំព្យាយាមបានធ្វើឱ្យបុគ្គលិកទាំងនោះទទួលស្គាល់ពីស្នាដៃ សមិទ្ធិផលការងារ និងសមត្ថភាពរបស់លោកស្រីក្នុងនាមជាអ្នកដឹកនាំស្រ្តីមួយរូប ដែលធ្វើការងារនៅក្រៅបរទេស។

ជាប្រធានគ្រប់គ្រងកម្មវិធីនៅ CUFA នៃប្រទេសទាំងពីរ ដែលមានបុគ្គលិកនៅស្រុកខ្មែរមានបុគ្គលិកជិត៥០នាក់ និងនៅប្រទេសទីម័រមានបុគ្គលិកជិត៣០នាក់ ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងគ្រប់គ្រងនិងដឹកនាំបុគ្គលិកប្រមាណ៨០នាក់ទាំងក្នុងស្រុកនិងក្រៅស្រុកផង មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ ប្រធានគ្រប់គ្រងកម្មវិធីវ័យ៤៦ឆ្នាំ រូប​នេះ បញ្ជាក់យ៉ាងដូច្នេះ៖«ខ្ញុំស្គាល់តួនាទីខ្លួនឯងកាន់តែច្បាស់ ពេលដែលខ្ញុំធ្វើការក្រៅប្រទេស ខ្ញុំរៀនសូត្រពីបណ្តាញ ពីមិត្តភក្តីបរទេស ខ្ញុំព្យាយាមស្គាល់ពួកគេ ព្យាយាមយល់ពីវប្បធម៌របស់គេពីប្រទេសមួយទៅប្រទេសមួយ គឺខ្ញុំងាយស្រួលមានទំនាក់ទំនងល្អជាមួយគេ និងងាយស្រួលរកថវិកាដើម្បីអនុវត្តន៍គម្រោង»។

មុនឈានដល់តំណែងមួយនេះ លោកស្រីមិនដែលភ្លេចការរៀនសូត្រ ឆ្លុះបញ្ចាំពីសមត្ថភាពខ្លួនឯង និងព្យាយាមទៅតាមគ្រប់កម្រិតតំណែងតួនាទីតាំងពីតូចៗរហូតដល់តំណែងធំមួយនេះ។ មិនមែនសញ្ញបត្រតែមួយមុខគ្រប់គ្រាន់នោះទេ ប៉ុន្តែទាមទារឱ្យរៀនសូត្របន្ថែមតាមរយៈការចូលរួមក្នុងសង្គម ដោយធ្វើការងារតាំងពីកម្រិតតូចរហូតដល់កម្រិតធំ។

បទពិសោធការងារជាង២០ឆ្នាំមកនេះ លោកស្រី ឌី ម៉ានី បានផ្លាស់ប្តូរការងារជាច្រើនទៅគោលដៅដែលអ្នកបានកំណត់ ផ្គួបផ្សំនឹងឱកាស និងសមត្ថភាពជាក់ស្តែងរបស់លោកស្រីផងដែរ។ លោកស្រីធ្វើការងារធំៗជាច្រើនជាមួយនឹងអង្គការអន្តរជាតិទាំងនៅក្នុងស្រុកនិងក្រៅប្រទេស ដូចជា អង្គការ UNDP អង្គការ Child Fund Cambodia អង្គការ WECREATE និង ActionAid-Cambodia ។ល។ ហើយការងារមួយចំនួនជាការងារបណ្តាញចម្រុះស្ថាប័នមានទាំងអង្គការ រដ្ឋាភិបាល ក្រុមហ៊ុនឯកជនផងដែរ។

ចំណែកឯ បទពិសោធនៃការសិក្សាលោកស្រី ឌី ម៉ានី បញ្ចប់ថ្នាក់បរិញ្ញាបត្រឯកទេសព៌តមានវិទ្យា នៅដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគន៍ នៃសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ, អនុបណ្ឌិតផ្នែច្បាប់ពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងអនុបណ្ឌិតនៅប្រទេសអូស្រ្តាលីផ្នែកសុខភាពសាធារណៈ។

លោកស្រី ឌី ម៉ានី ពោលដូច្នេះ៖«ខ្ញុំរៀនសូត្ររហូតមិនមែនរៀនមួយថ្ងៃចប់ទេ គឺរៀនសូត្ររហូត ដើម្បីឱ្យជីវីតខ្ញុំអាចបន្តទៅមុខបាន»។

ទស្សនវិស័យដែលលោកស្រី ឌី ម៉ានី ដែលចង់ឃើញបញ្ហាកង្វះទឹកស្អាត និងអនាម័យ នៅតាមសហគមន៍ជនបទត្រូវបានដោះស្រាយ

អ្វីដែលលោកស្រី ឌី ម៉ានី ចង់ឃើញបន្តទៀតនោះ គឺបណ្តុះបណ្តាលយុវជនជំនាន់ក្រោយដែលពួកគេមានចំណេះជំនាញផ្នែកវិស្វករស្រាប់ហើយ ប៉ុន្តែត្រូវបណ្តុះឱ្យពួកគាត់មានជំនាញធ្វើថែមទៀត ដើម្បីឱ្យអាចអនុវត្តន៍បាន ព្រោះពួកគាត់ជាទំពាំងស្នងឫស្សីដែលអាចចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យឱ្យរីកចម្រើនទៅមុខ។

មួយវិញទៀត បើទោះកម្ពុជាទទួលបានជោគជ័យនៅក្នុងការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យនេះបានប្រមាណ ៧៦ភាគរយហើយក៏ពិតមែន ប៉ុន្តែ លោកស្រី ឌី ម៉ានី ជំរុញឱ្យរដ្ឋាភិបាលមានគោលនយោបាយនៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅតំបន់សេសសល់ចុងក្រោយដែលកំពុងប្រឈម និងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ អ្នកស្រី ឌី ម៉ានី បញ្ជាក់ដូច្នេះ៖«អ្វីដែលយើងត្រូវធ្វើបន្ទាប់ គឺធ្វើបែបមិចឱ្យរដ្ឋាភិបាលគិតគូរទៅលើបញ្ហាដែលនៅសេសសល់នេះ ដើម្បីធ្វើមិចឱ្យសម្រេចបានមួយរយភាគរយ។ ទាំងអស់ហ្នឹងដែលយើងត្រូវរួមគ្នាធ្វើ»។

សារផ្តាំផ្ញើទៅកាន់យុវតីដែលចង់បានតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំនៅក្នុងវិស័យទឹកស្អាត និងអនាម័យ

«បើយើងអត់ពង្រឹងសមត្ថភាពខ្លួនយើងទេ រង់ចាំតែគេផ្តល់ឱ្យយើង គឺមិនបានទេ។ ការពង្រឹងសមត្ថភាពខ្លួនឯង គឺសំខាន់បំផុតដើម្បីបំពេញតួនាទីរបស់យើង មិនថានៅក្នុងកម្រិតណានោះទេ។ យើងត្រូវក្រោកឈរ យើងអាចធ្វើបាន ទោះបីយើងជាស្ត្រីក៏អាចធ្វើបានដូចបុរសអ៊ីចឹងដែរ»។ នេះជាអ្វីដែលលោកស្រី ឌី ម៉ានី ចង់ឃើញយុវតីកាន់តែច្រើនបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនទាំងជំនាញបច្ចេកទេស និងការអនុវត្តជាក់ស្តែង ដើម្បីឆ្លើយបតទៅនឹងបញ្ហា។

បន្ថែមពីនេះ យុវតីត្រូវមានទំនាក់ទំនងល្អទាំងភាសាជាតិ និងបរទេស ចេះប្រើប្រាស់ពាក្យសម្តី អត្តចរិត និងឥរិយាបទត្រូវចេះទន់ភ្លន់ តែម៉ឺងម៉ាត់ និងត្រូវចេះបទបែនទៅតាមកាលៈទេសៈជារឿងសំខាន់។ មួយផ្នែកទៀត គឺការទំនាក់ទំនងតាមបណ្តាញ ដែលយើងស្គាល់មិនថាខ្មែរ ឬក៏បរទេសនោះទេ យើងត្រូវរៀនឱ្យចេះទំនាក់ទំនងនេះ ទើបយើងអាចចូលចំណោមគេចុះ។ ប៉ុន្តែ កុំមើលបណ្តាញសង្គមណាដែលអត់ប្រយោជន៍ កុំចំណាយពេលទៅលើរឿងណាដែលអត់បានការធ្វើឱ្យខាតពេលវេលាយើង។

«បើយើងចង់បានលុយគាំទ្រដល់គ្រួសារនៅក្នុងផ្ទះ ឬក៏យើងចង់អភិវឌ្ឍន៍តួនាទីយើងឱ្យកាន់តែធំតាមរយៈការរៀនសូត្រ មានឯកសារច្រើនណាស់នៅតាមបណ្តាញសង្គម ដែលមានផលប្រយោជន៍សម្រាប់យើង។ សំខាន់ណាស់សម្រាប់យើងជាស្រ្តី គឺត្រូវអវភិវឌ្ឍន៍ខ្លួនឯងបែបហ្នឹង»។ លោកស្រី ឌី ម៉ាឌី បញ្ជាក់ប្រាប់ យុវតីនូវចំណុចចុងក្រោយនេះយ៉ាងដូច្នេះ៕

អត្ថបទនេះជាផ្នែកមួយនៃយុទ្ធនាការ​ HerRoles​​ ដែលប្រែជាភាសាខ្មែរថា​​ តួនាទីរបស់គាត់។​យុទ្ធនាការនេះធ្វើឡើងដើម្បីលើកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីតួនាទី និងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យទឹកស្អាតនិងអនាម័យ។ យុទ្ធនាការនេះសហការរៀបចំដោយអង្គការវ៉តធ័រអេត (WaterAid) និងកម្មវិធីស្រ្តីជំនាន់ថ្មី។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a website or blog at WordPress.com

%d bloggers like this: