ទឹក គឺ ជា ជីវិត។ ការ យល់ ដឹង ពី ទឹកស្អាត និង អនាម័យ របស់ ពលរដ្ឋ កម្ពុជា នៅមានកម្រិតនៅឡើយ ជាពិសេសប្រជាពលរដ្ឋនៅទីជនបទ។ ស្ត្រីដែលការចូលរួមដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យ នៅតែមានចំនួនតិចតួច ជាពិសេសនៅក្នុងតួនាទីជាថ្នាក់ដឹកនាំ។ លោកស្រ្តី ឌី ម៉ានី ជាស្ត្រីម្នាក់ដែលមានតួនាទីជាថ្នាក់ដឹកនាំក្នុងការចូលរួមអភិវឌ្ឍន៍វិស័យនេះ ប៉ុន្តែមុនឈានមកដល់តួនាតីនេះលោកស្រី បានជួបនឹងឧបសគ្គជាច្រើន រួមទាំត្រូវជម្នះនឹងផ្នត់គំនិតម្តាយដែលមិនចង់ឱ្យលោកស្រីធ្វើការងារនៅក្នុងតួនាទីធំៗបែបនេះ។ ទន្ទឹមនឹងនេះលោកស្រី ឌី ម៉ានី ក៏បានជំរុញលើកទឹកចិត្តឱ្យស្រីនិងយុវតី ចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទឹកស្អាតនិងអនាម័យនៅកម្ពុជា។
សុធារី៖ ស្វាគមន៍មកដល់កម្មវិធីស្ត្រីជំនាន់ថ្មី! ថ្ងៃនេះកម្មវិធីយើងសន្ទនាជាមួយលោកស្រី ឌី ម៉ានី ដែលជាប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃអង្គការ Engineers Without Borders Australia ។
កិច្ចសម្ភាសនេះ គឺជាផ្នែកមួយនៃយុទ្ធការHerRoles ដែលប្រែជាភាសាខ្មែរថា តួនាទីរបស់គាត់។យុទ្ធនាការនេះ សហការផលិតដោយអង្គការ WaterAid និងកម្មវិធីស្ត្រីជំនាន់ថ្មី។
សុធារី៖ ជំរាបសួរលោកស្រី ឌី ម៉ានី អរគុណដែលបានចូលរួមក្នុងកម្មវិធីរបស់យើង។ មួយរយៈនេះលោកស្រីមមាញឹកច្រើនឬទេ?
លោកស្រីឌី ម៉ានី៖ ខ្ញុំរវល់ច្រើន ព្រោះការងារក្នុងនាមជាប្រធានគ្រប់គ្រងប្រចាំប្រទេស ធ្វើការងារច្រើនទាំងអង្គការដៃគូរ ស្វែងរកថវិកា ការគ្រប់គ្រងបុគ្គលិក ថវិកា និងកម្មវិធី។ ខ្ញុំត្រូវធ្វើទាំងអស់ ទាំងការគ្រប់គ្រងការិយាល័យ ទាំងអស់គឺនៅលើយើង។ ដោយសារ EWB ជាអង្គការមួយតូច យើងអត់មានមន្រ្តីរដ្ឋបាល និងហិរញ្ញិក ឬក៏អ្នកគ្រប់គ្រងកិច្ចការរដ្ឋបាលទេ។ ការងារគ្រប់យ៉ាងត្រូវធ្លាក់មកលើប្រធានគ្រប់គ្រងប្រចាំប្រទេសទាំងអស់។
សុធារី៖ លោកស្រី ឌី ម៉ានី ចាប់ផ្តើមការងាក្នុងវិស័យទឹកស្អាត និងអនាម័យតាំងពីពេលណា?
លោកស្រីឌី ម៉ានី៖ បើគិតទៅខ្ញុំធ្វើការងារច្រើនឆ្នាំដែរហើយ តាំងពីខ្ញុំធ្វើការនៅ Action Aid ។ ខ្ញុំធ្វើការលើកម្មវីធីអប់រំដែលផ្សារភ្ជាប់នឹងកម្មវីធីទឹកស្អាតនិងអនាម័យដែរ។ យើងធ្វើនៅក្នុងសាលារៀនពិតមែន ប៉ុន្តែយើងផ្សារភ្ជាប់ជាមួយនឹងកម្មវីធីទឹកស្អាត និងអនាម័យសម្រាប់សិស្សតាំងពីឆ្នាំ២០០៥ រហូតដល់ ២០១១។
បន្ទាប់មកទៀត ខ្ញុំទៅធ្វើការនៅក្រៅប្រទេសនៅទីម័រ យើងធ្វើកម្មវិធីកម្មវិធីអភិវឌ្ឍន៍ ឥណទានសហជីព (Credit Union Development Program) ក៏ប៉ុន្តែយើងលើកកម្ពស់កម្មវិធីសន្សំប្រាក់ក្នុងសហគមន៍ ហើយយើងក៏នៅបញ្ចូលកម្មវិធីទឹកស្អាតនិងអនាម័យដែរ។ យើងធ្វើការជាង៣ឆ្នាំនៅទីនោះ។ វាគិតទៅចូលប្រាំបីប្រាំបួនដប់ឆ្នាំដែរធ្វើការលើផ្នែកហ្នឹង រួមទាំងធ្វើការនៅ Child Fund ខ្ញុំកាន់តួនាទីនេះប្រហែលជាពីរបីឆ្នាំ។ ខ្ញុំជាអ្នកគ្រប់គ្រងប្រចាំខេត្តនៅទីនោះ។ ដូច្នេះយើងគ្រប់គ្រងកម្មវិធី និងសាលារៀនដែលយើងកាន់ជិត ១០០សាលា គឺបញ្ចូលកម្មវិធីទឹកស្អាត និងអនាម័យតែម្តង។
សុធារី៖ ហេតុអ្វីបានជាលោកស្រី ឌី ម៉ានី ចាប់អារម្មណ៍ធ្វើការទាក់ទងជាមួយនឹងវិស័យទឹកស្អាត និងអនាម័យនេះ?
លោកស្រី ឌី ម៉ានី៖ ខ្ញុំគិតថាទឹកគឺជាជីវិត។ ទីមួយដែលខ្ញុំគិតឃើញ ហើយជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង ខ្វះការយល់ដឹងនៅលើរឿងទឹកស្អាត និងអនាម័យ។ វាទាក់ទងនឹងការសម្អាតខ្លួនប្រាណដែរ។ អ្វីដែលយើងធ្វើការងារហ្នឹង គឺយើងគិតទៅដល់សហគមន៍នៅតាមជនបទ។ តើគាត់បានទទួលទឹកប្រើប្រាស់ដូចយើងអត់។ យើងនៅទីក្រុងភ្នំពេញមានទឹកល្អប្រើប្រាស់។ វាមិនឥតខ្ចោះទេ ប៉ុន្តែយ៉ាងហោចណាស់យើងមានទឹកស្អាតអាចច្រើនបាន។ ប៉ុន្តែអ្នកសហគមន៍តាមជនបទ គាត់មិនត្រឹមតែទឹកមិនស្អាតទេ វាមានបញ្ហាអត់ទឹកទៅទៀត។ នៅតំបន់ខ្លះ គឺគ្រោះរាំងស្ងួត! ខ្ញុំទៅតាមសាលារៀន ខ្ញុំមើលឃើញនៅក្នុងសាលារៀន ឬតាមសហគមន៍ ដែលយើងបានទៅអភិវឌ្ឍន៍ហ្នឹង គឺទៅផ្ទះរបស់គាត់ខ្វះខាតទឹក ជាពិសេសស្ត្រីរបស់យើងចូលទៅក្នុងបន្ទប់ទឹក គឺអត់មានទឹកចាក់ អត់មានទឹកលាង។ វាជាការចាំបាច់ណាស់សម្រាប់ស្ត្រីដែលត្រូវការទឹកលាង។ ពេលដែលយើងចូលប្រើប្រាស់បង្គន់ យើងត្រូវលាងដៃក្រោយពីបន្ទោរបង់រួច។ នេះគឺជាការលំបាក ហើយតាមសាលាខ្លះរហូតដល់ថ្នាក់អត់មានទឹកធ្វើឲ្យបង្កន់ស្ទះ។ ទោះជាសាងសង់បង្គន់រួចហើយ ក៏អត់មានទឹកប្រើ។ នេះជាអ្វីដែលខ្ញុំមើលឃើញ។
ក្មេងយកទឹកពីផ្ទះទៅតែ ១ដបទេ ដែលឪពុកម្តាយដាក់ឱ្យ ជួនកាលឪពុកម្តាយខ្លះអត់បានដាក់ឱ្យគ្នាទេ។ ក្មេងដើរទៅរៀន ២ឬ៣គីឡូដី។ ពិចារណាមើលថា តើវាមានការលំបាកប៉ុណ្ណា? ហើយគ្នាអត់មានលុយទៅទិញទឹកញ៉ាំទេ ហើយគ្នាដាក់តែទឹកមកតាមតិចតួច។ ពេលក្មេងត្រូវការទឹកហូបទៀត អត់មានទឹកហូតទេ។ គ្នាត្រូវរង់ចាំរហូតដល់គ្នាត្រលប់ទៅផ្ទះវិញ។ រៀនវាត្រូវ៣ម៉ោងកន្លះដែរ ជាទូទៅ៤ម៉ោង បូករួមទាំងគាត់ដើរគិតទៅចូលជិត ៥ម៉ោង។ ខ្ញុំមើលឃើញបញ្ហាហ្នឹងហើយ ធ្វើឲ្យខ្ញុំចង់ធ្វើការទៅលើបញ្ហានេះ គឺធ្វើបែបមិចឲ្យមានទឹកទៅដល់សហគមន៍ជនបទ។
ចំណុចទី២ គឺខ្ញុំគិតទៅលើរឿងបញ្ហាស្ត្រីជាចាំបាច់ បុរសស្រួលទេ គាត់ទៅបន្ទោរបង់ទីណាក៏បាន។ ប៉ុន្តែស្រ្តីយើងតម្រូវការបង្គន់។ ផ្ទះខ្លះអត់មានទាំងបន្ទប់ទឹក ហើយបង្គន់ទៀត។ អ៊ីចឹងគាត់ទៅបន្ទោរបង់ពាសវាលពាសកាលធ្វើឲ្យគាត់ពិបាក។ ស្ត្រីមានការខ្មាស់អៀនខុសពីបុរស។ បុរសគេឈរនោម។ គេឈរបាញ់ទៅតាមដុព្ភតិចតួចទៅបានហើយ។ ស្ត្រីយើង គឺមិនអាចទេ។ ខ្ញុំគិតពីបញ្ហាស្ត្រីច្រើនជាងបុរស។ ការបន្ទោរបង់នៅស្រុងខ្មែរនៅពាសវាលពាសកាលច្រើន។ ទោះជាយើងមិនមានការចូលរួមជាលុយកាក់ ប៉ុន្តែយើងមានជាចំណេះដឹងអាចចែករំលែកបាន និងជួយទៅដល់សហគមន៍ជនបទតាមអ្វីដែលខ្លួនយើងគិតឃើញ។
សុធារី៖ លោកស្រី ឌី ម៉ានី ធ្វើការច្រើនក្នុងវិស័យនេះ តើលោស្រីសង្កេតឃើញថា ការចូលរួមរបស់ស្ត្រីក្នុងប្រទេសកម្ពុជាក្នុងវិស័យទឹកស្អាត និងអនាម័យហ្នឹងយ៉ាងម៉េចដែរកន្លងមក?
លោកស្រី ឌី ម៉ានី៖ មានគម្លាតធំ! ខ្ញុំចង់និយាយថា វាមានលក្ខណ:ខ្វះចន្លោះច្រើនដែលមានស្ត្រីចូលរួម។ ខ្ញុំលើកឧទាហរណ៍ជាក់លាក់ ភាគច្រើន គឺអ្នកដែលនៅតួនាទីធំៗនៅក្នុងកាសម្រេចចិត្តភាគច្រើន គឺបុរស ហើយអ្នកដែលធ្វើកម្មវិធីតូចៗ ដូចជាធ្វើត្រឹមបុគ្គលិកតូចតាច ឬមន្រ្តីគម្រោងមានស្រ្តីច្រើន។ ពួកគាត់ [ស្រ្តី] គេមិនសូវឲ្យពួកគាត់ទៅគ្រប់គ្រងអង្គការដៃគូទេ។ ភាគច្រើនបុរសគ្រប់គ្រងអង្គការដៃគូ ព្រោះគាត់ត្រូវចុះបេសកកម្ម។ ចុះទៅធ្វើការតាមសហគមន៍ជនបទដាច់ស្រយ៉ាលដែលមានការលំបាក ហើយជាពិសេសស្ត្រីមិនសូវចង់ទៅធ្វើដំណើរច្រើនដែរ។ លើកលែងតែស្ត្រីមួយចំនួនដែលមានឆន្ទៈ តែខ្ញុំនិយាយចំនួនភាគច្រើន ព្រោះភាគតិចណាស់ដែលគាត់មានឆន្ទៈចូលរួមក្នុងការអភិវឌ្ឍលើវិស័យទឹកស្អាត។ ចំពោះអ្នកដែលអត់មានជំនាញ គាត់អត់មានជំនាញផង បូករួមនឹងសមត្ថភាពរបស់គាត់ផង និងឪកាសរបស់គាត់ផង។
ចំពោះខាងផ្នែកបច្ចេកទេសវិញ គឺមានគម្លាតខ្លាំងដោយសារនៅក្នុងស្ថាប័នភាគច្រើន ដែលយើងធ្វើការទៅលើវិស្វករ។ កូនសិស្សរៀននៅស្រុកខ្មែរ រៀនវិស្វករហ្នឹងក៏នៅមានភាពទន់ខ្សោយដែរ យើងមិនមានអ្នកជំនាញច្រើនទេ។ ពេលយើងយកគាត់មកធ្វើអ្វីមួយ គឺត្រូវការពេលវេលាគាត់ ត្រូវការរៀនសូត្រច្រើន ដោយសារគាត់នៅខ្ចីបទពិសោធ។ គាត់ចេះតែពីសាលាមកគឺបទពិសោធគាត់នៅស្ទើរ។ ពេលដែលយើងរើសបុគ្គលិកម្តងៗ គឺវាមានការលំបាកណាស់ស្វែងរកស្ត្រី ជាពិសេសស្ត្រីជាវិស្វករដែលមានបទពិសោធន៍។ បើកូនសិស្សចេញពីសាលាគឺសម្បូរ ប៉ុន្តែស្រ្តីដែលមានជំនាញធ្វើវិស្វករ ដើម្បីទៅធ្វើការងារបច្ចេកវិទ្យាក្នុងការបង្កើតផលិតផល មានន័យថា គាត់បង្កើតនៅបច្ចេកវិទ្យាដោះស្រាយបញ្ហារឿងអនាម័យក្នុងបរិស្ថានប្រឈម ដូចជាតំបន់ដីលិចទឹក ឬក៏តំបន់ដីរឹង តំបន់ថ្ម ឬក៏តំបន់ដែលសហគមន៍បណ្តែតទឹក ឬមួយក៏តំបន់ខ្វះខាតទឹក គឺគាត់មិនសូវមានជំនាញខាងហ្នឹងទេ។ សម្បូរអ្នករៀនទឹកស្អាតនិងអនាម័យ ប៉ុន្តែវាទូទៅ វាអត់មានជំនាញទឹកស្អាតនិងអនាម័យជាក់លាក់ទេ។ ដូច្នេះ យើងពិបាករកបុគ្គលិកដែរ! ខ្ញុំនិយាយដោយស្មោះត្រង់។
សុធារី៖ លោកស្រី ឌី ម៉ានី ហេតុអ្វីបានជាស្ត្រីមានការចូលរួមតិចនៅក្នុងវិស័យទឹកស្អាត និងអនាម័យហ្នឹង?
លោកស្រីឌី ម៉ានី៖ ទី១ ទាក់ទងនឹងជំនាញរបស់ពួកគាត់។ ទី២ ទាក់ទងនឹងការងារសាងសង់ដែរ ដោយសារគាត់គិតថា វិស័យទឹកស្អាតនិងអនាម័យ គឺទៅធ្វើការងារភាគច្រើនត្រូវទៅពន្យល់សហគមន៍អំពីការសាងសង់បង្គន់ ជិកអណ្តូង។ គាត់ថាការងារហ្នឹងប្រហែលជាការងាររបស់បុរសច្រើនជាងស្ត្រី ភាគច្រើនបុរសដែលចេញធ្វើការលើវិស័យហ្នឹងគឺច្រើនជាងស្ត្រី។ ដូច្នេះហើយបានយើងខ្វះខាតស្ត្រីចូលរួម។
សុធារី៖ តើការគិតថាការងារនៅក្នុងវិស័យទឹកស្អាត និងអនាម័យ ឬក៏ទាក់ទងជាមួយការសាងសង់ ឬក៏ជំនាញវិស្វករ ជាការងារបុរស ដោយសារអី្វបានជាគេគិតដូច្នោះ?
លោកស្រីឌី ម៉ានី៖ ការងារសាងសង់ភាគច្រើនគាត់គិតថា សំដៅទៅបុរសច្រើនជាងស្ត្រី ហើយភាគច្រើនគាត់ទៅធ្វើការងារកម្មវិធីអប់រំតាមសហគមន៍ដែលត្រូវនឹងបុរសច្រើនជាង។ ប៉ុន្តែឱ្យគាត់ចូលរួមដូចជាវិស័យផ្នែកវិស្វករ ឬក៏ការងារអី្វផ្សេងៗ គាត់ថាប្រហែលជាការងារចុះតាមសហគមន៍ច្រើន ព្រោះតម្រូវឱ្យចុះទៅទីតាំងច្រើន ស្រ្តីខ្លួនឯងខ្លះក៏មិនសូវចាប់អារម្មណ៍ដែរ។ ម្យ៉ាងទៀត ទាក់ទងទៅនឹងឱកាសដែរ ភាគច្រើនអង្គការដែលគេជ្រើសរើសបុគ្គលិកគេតម្រូវទាំងពីរ។
ខ្ញុំមិននិយាយទៅលើផ្នែកអត្តចរិតទេដែលជារឿងមួយផ្សេងទៀត។ ខ្ញុំនិយាយរឿងសមត្ថភាព អ៊ីចឹងអង្គការដែលគេជ្រើសរើសតួនាទីមួយៗ ភាគច្រើនពី Program officer ឡើងឬក៏ Program coordinator Program manager ឡើងគឺគេតម្រូវទាំងពីរ ទាំងជំនាញចំណេះដឹង និងជំនាញ បូករួមទាំងបទពិសោធន៍ដែរ។ អ៊ីចឹងភាគច្រើនអ្នកដែលគាត់នៅក្នុងវិស័យហ្នឹង អ្នកខ្លះមានប័ណ្ណចប់ការរៀនសូត្រ គាត់មានចំណេះដឹង ប៉ុន្តែគាត់ខ្វះជំនាញ អ្នកខ្លះគាត់មានជំនាញ គាត់ខ្វះចំណេះដឹងទៅលើផ្នែកធ្វើ អ៊ីចឹងផ្នែកទន់ហ្នឹងអាចធ្វើឱ្យមានគម្លាតដែរ។ ដូច្នេះ ត្រូវការឱ្យស្ត្រីយើងពង្រឹងសមត្ថភាពខ្លួនឯងដែរ ដើម្បីយើងធ្វើការងារលើវិស័យទឹកស្អាតនិងអនាម័យនេះបាន។
សុធារី៖ ប្រសិនបើយើងចង់ឱ្យស្ត្រីគាត់ចូលរួមបានច្រើនក្នុងវិស័យទឹកស្អាត នឹងអនាម័យ តើលោកស្រី ម៉ានី គិតថាមានចំណុចណាដែលគួរតែភាគីពាក់ព័ន្ធធ្វើបន្ថែម?
លោកស្រីឌី ម៉ានី៖ ខ្ញុំគិតថាយើងត្រូវការបណ្តុះបណ្តាលឱ្យគាត់មានសមត្ថភាព មិនមែនយើងចេះតែចង់ចូល ចូលបានទេ។ ធម្មតាគេបើកប្រាក់ខែឱ្យយើង គេត្រូវការចំណេះដឹងរបស់យើង ហើយយើងត្រូវការបទពិសោធបែបម៉េច ដែលអាចធ្វើការងារបាន។ ដើម្បីពួកគាត់អាចធ្វើការក្នុងវិស័យហ្នឹងបាន លុះត្រាតែពួកគាត់រៀនសូត្រឱ្យបានច្រើន រៀនសូត្រទាំងជំនាញទន់ និងជំនាញអនុវត្តន៍ជាក់ស្តែង អ៊ីចឹងហើយបានគាត់អាចជាអ្នកមានជំនាញបាន នេះគឺស្ត្រីខ្លួនឯងត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន។
សុធារី៖ អំបាញ់មិញលោកស្រី ឌី ម៉ានី បានរៀបរាប់ខ្លះពីបញ្ហាប្រឈមដែលស្ត្រីជួបប្រទះ ហើយស្ត្រីគាត់បាត់បង់ឱកាសនៅក្នុងការងារ ឬក៏ខ្សោយឱកាសក្នុងការចូលរួមក្នុងវិស័យទឹកស្អាត នឹងអនាម័យ។ ចុះសម្រាប់លោកស្រីផ្ទាល់ដែលធ្វើការនៅក្នុងវិស័យនេះ មានតួនាទីជាអ្នកដឹងនាំ ហើយខ្លួនឯងក្នុងនាមជាស្ត្រីផង ជាម្តាយផង តើលោកស្រីជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ?
លោកស្រី ឌី ម៉ានី៖ និយាយមួយម៉ាត់ទៅគឺថា មានការលំបាកខ្លះដែរ មិនមែនអត់សោះទេក្នុងនាមយើងជាស្ត្រី គឺយើងចាយពេលវេលាច្រើនទៅលើការងារដែរ។ បើយើងប្រៀបធៀបពេលវេលាសម្រាប់តុល្យភាពរវាងការងារនិងជីវិត គឺមិនអាចទេ ប្រសិនបើដូចតួនាទីរបស់ខ្ញុំហើយ ការងារហ្នឹងស្រូបយកជីវិតរបស់ខ្ញុំ ជីវិតគ្រួសារខ្ញុំអស់ហើយចូលដល់៧០-៨០ភាគរយហើយ ព្រោះថាខ្ញុំគ្រប់គ្រងទាំងអស់។ ខ្ញុំជាប្រធានគ្រប់គ្រងប្រចាំប្រទេស ធ្វើការមិនមែនតែរឿងកម្មវិធីមួយមុខទេ គឺត្រូវធ្វើបែបមិចឱ្យស្ថាប័នលូតលាស់ គឺត្រូវគ្រប់គ្រងទាំងធនធានមនុស្ស ធនធានថវិកា ហើយយើងគ្រប់គ្រងទាំងការងារ Networking ទៀត អ៊ីចឹងយើងមានការងារទាំង Partnerships ភាពជាដែគូជាមួយអង្គការដែលយើងធ្វើការជាមួយ និង Network ជាមួយអង្គការដទៃផ្សេងៗទៀត ឬស្ថាប័យរដ្ឋ និងឯកជន។ អ៊ីចឹងខ្ញុំចំណាយពេលវេលាច្រើនដែលជាឧបសគ្គមួយដែរសម្រាប់ខ្ញុំរៀនសូត្របន្ថែមតាមប្រព័ន្ធអ៊ីនធើណិត ហើយរឿងដែលថាត្រូវបានគាបសង្កត់ដោយបុរសដែលពួកកាត់គិតថា ស្ត្រីមើលមិនឃើញថាតួនាទីរបស់យើងបែបមិចអី ខ្ញុំមិននិយាយទេ ពីព្រោះអី្វការណ៍ដែលគេឱ្យតម្លៃលើសមត្ថភាពរបស់យើង គឺយើងជាស្ត្រីនឹងព្យាយាមរៀនសូត្រឱ្យបានច្រើន ព្យាយាមធ្វើទៅលើតួនាទីរបស់យើងឱ្យបានល្អ គេក៏អត់មើលងាយយើងដែរ។ អ៊ីចឹងអត់បន្ទោសទៅលើគេមើលងាយសមត្ថភាពយើងទេ ខ្ញុំបន្ទោសទៅលើយើង យើងត្រូវចេះពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំង ដើម្បីយើងធ្វើការងាររបស់យើងក្នុងនាមជាប្រធានហ្នឹងឱ្យបានល្អ។ អ៊ីចឹងវាជាបញ្ហាប្រឈមមួយដែលខ្ញុំធ្វើការរាល់ថ្ងៃ និងរៀនសូត្ររហូតមិនមែនរៀនមួយថ្ងៃចប់ទេ យើងត្រូវរៀនសូត្ររហូតដើម្បីឱ្យជីវិតរបស់យើងបន្តដំណើរទៅមុខទៀតបាន ប៉ុន្តែខ្ញុំត្រូវឃ្លាតឆ្ងាយពីគ្រួសារបន្តិចហើយ ពីព្រោះខ្ញុំត្រូវផ្តោតសំខាន់ទៅលើការងាររបស់ខ្ញុំ។
សុធារី៖ នៅក្នុងវិស័យផ្សេងមានបញ្ហា ស្ត្រីមួយចំនួននឹងគាត់ជួបប្រទះបញ្ហា ឧទាហរណ៍ថាវប្បធម៌ ប្រពៃណីខ្មែរដែលតម្រូវឱ្យស្រ្តីមើលថែកូន មើលថែក្រុមគ្រួសារ ដើម្បីក្លាយជាស្ត្រីដ៏ល្អម្នាក់ នេះជាបញ្ហាប្រឈមសម្រាប់គាត់ ហើយលោកស្រីមើលឃើលថា នេះគឺជាបញ្ហាប្រឈមសម្រាប់លោកស្រីដែរទេ?
លោកស្រីឌី ម៉ានី៖ ពេលខ្ញុំនៅក្មេងមានបញ្ហាប្រឈមដោយសារឪពុកម្តាយខ្ញុំ បងប្អូនខ្ញុំ គេមិនដែលគិតថាខ្ញុំធ្វើបានដូចនេះទេ ដោយសារយើងជាស្ត្រីភាគច្រើនគាត់ផ្តល់ឱ្យយើងជាការងាររកស៊ីច្រើនជាង ឬក៏យកជំនាញដូចពេទ្យ ដើម្បីឱ្យយើងនឹងអាចប្រកមមុខរបរនៅផ្ទះបាន រៀនដូចឱសថការី ឬក៏រៀនជាវេជ្ជបណ្ឌិតអ៊ីចឹងទៅ អាចបើកគ្លីនិកបាន។ នេះជាទស្សនៈគ្រួសារដែលគាត់មានឥទ្ធិពលមកលើខ្ញុំ ប៉ុន្តែខ្ញុំតវ៉ាជាមួយនឹងរឿងនេះដែរ គឺខ្ញុំព្យាយាមអភិវឌ្ឍន៍ខ្លួនឯងតាំងពីមិនទាន់ចេះរហូតចេះ យើងព្យាយាមបំពេញតួនាទីតាំងពីតួនាទីតូចរហូតដល់តួនាទីប៉ុណ្ណេះ ខ្ញុំត្រូវព្យាយាមអភិវឌ្ឍន៍ខ្លួនឯងខ្លាំងមែនទែន។ ខ្ញុំព្យាយាមប្រាប់ទៅឪពុកម្តាយទៅគ្រួសារដែរឱ្យគាត់បានយល់ ហើយឱ្យគាត់យល់ថា បើទោះបីជាខ្ញុំជាប្រពន្ធអ្នកឯង ខ្ញុំអត់ដេកហូបដោយសារអ្នកឯងទេ ខ្ញុំអាចធ្វើបានគ្រប់យ៉ាង ខ្ញុំធ្វើបានល្អជាងអ្នកឯងទៅទៀត។ អ្វីដែលខ្ញុំអាចធ្វើទៅបាន ហើយម្តាយរបស់ខ្ញុំក៏ផ្លាស់ប្តូរផ្នត់គំនិតដែរ ថាកូនស្ត្រីមិនអាចធ្វើអ្វីបានទេ ប៉ុន្តែឥឡូវឃើញហើយថាកូនស្ត្រីកាន់តួនាទីធំជាង ប្រុសៗល្មមៗក៏មិនអាចប្រៀបធៀបបានដែរ។ បើគិតពីភាគរយស្រ្តីក្នុងតួនាទីធំៗគឺតិចមែន អ៊ីចឹងខ្ញុំអាចឈរនៅក្នុងជំនាញមួយដែលអាចថាខ្លាំងបានដែរ ខ្ញុំអាចប្រាប់ទៅម្តាយខ្ញុំបានថា មិនថាតែបុរសទេ ស្ត្រីខ្មែរក៏អាចធ្វើបានដែរ។
សុធារី៖ កាលនោះលោកស្រី ឌី ម៉ានី ប្រាប់ក្រុមគ្រួសារយ៉ាងដូចម្តេចខ្លះ ដើម្បីឱ្យគាត់យល់ពីអ្វីដែលលោកស្រីចង់ធ្វើ និងតួនាទីរបស់ស្ត្រីនៅក្នុងសង្គមហ្នឹងដែរ?
លោកស្រី ឌី ម៉ានី៖ និយាយទៅខ្ញុំជាកូនទោល ម្តាយរបស់ខ្ញុំជាគ្រូបង្រៀន ទស្សនរបស់គាត់ធ្វើមិចឱ្យកូនរៀនកាន់តែបានខ្ពស់កាន់តែល្អ។ ប៉ុន្តែពេលចប់បាក់ឌុបគាត់ថា ខ្ញុំទៅធ្វើការធ្វើអី មានគ្រួសារទៅគ្រួសារចិញ្ចឹមអ៊ីចឹងទៅ ភាគច្រើនគាត់គិតបែបហ្នឹង។ គាត់ថាយើងរៀនចេះគ្រាន់បានជួយបូកលុយកាក់ ឬក៏ធ្វើការងារអ្វីតិចតួចទៅយើងអាចមានលុយចិញ្ចឹមជីវិតយើងបានហើយ មិចបាច់ទៅខំពេកទេ។ ប៉ុន្តែ ខ្ញុំប្រាប់គាត់ថា ខ្ញុំអត់ចង់បានប៉ុណ្ណឹងទេ ខ្ញុំចង់បានច្រើនជាងហ្នឹង។ ខ្ញុំព្យាយមបង្ហាញឱ្យគាត់ឃើញ គាត់តាមដានខ្ញុំរហូតតាំងពីនៅបឋមសិក្សារហូត ដល់មធ្យមសិក្សា ហើយគាត់ជាពិសេសតាមដានខ្ញុំទៀត ខ្លាចខ្ញុំមាន សង្សារដូចគេដូចឯងអ៊ីចឹងទៅ។ ខ្ញុំបង្ហាញឱ្យគាត់ឃើញថា ខ្ញុំរៀនគឺរៀន ហើយខ្ញុំរៀនបានល្អទៀត ដូចពិន្ទុនៅសាលារៀនអី ខ្ញុំប្រាប់គាត់ហើយ ខ្ញុំយកសញ្ញាប័ត្រឱ្យគាត់មើល ខ្ញុំបង្ហាញឱ្យគាត់ឃើញមួយជំហានម្តងៗដែរ ជាពិសេសរឿងដែលខ្ញុំទៅធ្វើការពេញម៉ោងហើយទុកកូនឲ្យគាត់មើល ក៏ជាការបញ្ហាប្រឈមខ្លាំងដែរ។ ខ្ញុំត្រូវប្រាប់គាត់ថា ទោះជាយ៉ាងណាខ្ញុំអាចផ្គត់ផ្គង់ដល់គ្រួសារមិនច្រើនពេក ហើយក៏មិនអត់ហូបដែរ។ អ៊ីចឹងខ្ញុំប្រាប់ថា ទោះបីខ្ញុំជាស្ត្រីក៏ខ្ញុំអាចចិញ្ចឹមកូនបាន ទោះអត់មានប្តីក៏ដោយ ក៏ខ្ញុំបានអាចធ្វើបាន ដូច្នេះគាត់មានការផ្លាស់ប្តូរនៅពេលហ្នឹងដែរ។
សុធារី៖ បញ្ហាប្រឈមដែលលោកស្រី ឌី ម៉ានី បានលើកឡើងពីខាងដើមដូចជាជំនាញ ឬក៏ការតាំងចិត្តធ្វើការ តើលោកស្រីជម្នះបញ្ហាប្រឈមទាំងនោះដោយវិធីសាស្ត្រណា? ឬលោកស្រីធ្វើយ៉ាងណាខ្លះ ដើម្បីជម្នះបញ្ហាប្រឈមទាំងអស់ហ្នឹង?
លោកស្រីឌី ម៉ានី៖ រៀន! ដឹងតែរៀន! និយាយដោយស្មោះត្រង់ខ្ញុំមានសញ្ញាប័ត្រ៣ ទី១ គឺ Journalist Specialist នៅ DMC ។ សញ្ញាប័ត្រច្បាប់ International Business Law បរិញ្ញាប័ត្រជាន់ខ្ពស់ដែរ រៀននៅ RULE មួយទៀត គឺដំបូងឡើងរៀនវគ្គខ្លីទេ នៅអូស្ត្រាលីគេហៅថា Leadership Women Award ដល់ពេលក្រោយមកខ្ញុំដាក់ពាក្យបន្ទាប់ទៀត រៀនតយកបរិញ្ញាបត្រជាន់ខ្ពស់ខាងសុខភាពសាធារណៈ។ ទី២ ខ្ញុំព្យាយាមបំពេញតួនាទីរបស់ខ្ញុំទៀត គឺត្រូវកំណត់គោលដៅថា យើងចង់បានចំណុចណា និយាយមួយម៉ាត់ទៅ ខ្ញុំស្រលាញ់ការងារទៅលើបច្ចេកទេសច្រើនជាងការគ្រប់គ្រង ដោយសារការគ្រប់គ្រងរៀងស្មុគស្មាញបន្តិចទៅលើរឿងគ្រប់គ្រងបុគ្គលិកអ៊ីចឹងទៅ។ បើខាងបច្ចេកទេសខ្ញុំមិនសូវផ្តោតទៅលើបុគ្គលិកទេ ខ្ញុំផ្តោតទៅលើបច្ចេកទេស អ៊ីចឹងខ្ញុំស្រលាញ់ការងារហ្នឹង ខ្ញុំកំណត់គោលដៅពេលខ្ញុំធ្វើការងារដំបូង ប៉ុន្តែក្រោយមកខ្ញុំផ្លាស់ប្តូរចិត្តវិញ ត្រូវចេះគ្រប់គ្រងហើយចេះបច្ចេកទេសមួយទៀត។ ខ្ញុំអាចទទួលតួនាទីហ្នឹងបាន ពីព្រោះខ្ញុំធ្វើការងារនេះតាំងពីបុគ្គលិកកាន់គម្រោងឡើងទៅលើដល់ប្រធានគម្រោង(Head of Program) បន្ទាប់មកបានខ្ញុំមកដល់តួនាទីជាប្រធានគ្រប់គ្រងប្រចាំប្រទេស។
សុធារី៖ លោកស្រី ឌី ម៉ានី ធ្វើការងារច្រើនពីកន្លែងមួយទៅកន្លែងមួយ ហើយលោកស្រីធ្វើការច្រើនជាមួយក្រុមគោលដៅផ្សេងៗ និងភាគីពាក់ព័ន្ធផ្សេងៗ តើលោកស្រីចង់ឃើញអ្វីបន្ថែមទៀនៅក្នុងវិស័យ ទឹកស្អាត និងអនាម័យនេះ?
លោកស្រីឌី ម៉ានី៖ និយាយទៅអ្វីដែលខ្ញុំធ្វើនេះ ខ្ញុំចង់បានទៀតនោះ ទី១ បណ្តុះបណ្តាលក្រុមយុវជនជំនាន់ក្រោយឱ្យគាត់មានចំណេះដឹង ព្រោះគាត់រៀនផ្នែកវិស្វករទឹកស្អាតនិងអនាម័យមែន សំខាន់គឺយើងត្រូវបណ្តុះបណ្តាលឱ្យគាត់មានជំនាញធ្វើ យកចំណេះមកអនុវត្តន៍ផ្ទាល់ គឺសំខាន់ណាស់ដើម្បីឱ្យយុវជនជំនាន់ក្រោយ គាត់អាចមានចំណេះយកទៅអនុវត្តបាន។ ដូច្នេះការបណ្តុះទំពាំងស្នងឫស្សីរបស់យើងនឹង លូតលាស់ទៅមុខ។
ទី២ ខ្ញុំមើលលើគោលនយោបាយ គឺធ្វើបែបមិចមានឥទ្ធិពលលើគោលនយោបាលរដ្ឋាភិបាល ដោយសារវិស័យនេះយើងទទួលបានជោគជ័យប្រមាណ៧៦ភាគរយដែលទើបបានទទួលថ្មីៗពី MIS អ៊ីចឹងនៅសល់ចុងក្រោយនេះ គឺតំបន់នៅក្នុងបរិស្ថានប្រឈម ហើយជាពិសេសទាក់ទងនឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ អ៊ីចឹងអ្វីដែលយើងយើងត្រូវធ្វើការងារបន្តបន្ទាប់ទៅមុខនេះ គឺយើងធ្វើបែបមិចឱ្យរដ្ឋាភិបាលគិតគូរទៅលើបញ្ហាដែលនៅសេសសល់ ធ្វើឱ្យសម្រេចបាន ODS ១០០ភាគរយ។ នេះជាអ្វីដែលយើងត្រូវជួយគាត់ [រដ្ឋាភិបាល] នេះទី១ ។ ទី២ ធ្វើបែបណាឱ្យទាក់ទងនឹង ASFA គាត់ជួយបានយក ASFA ទឹកស្អាតហ្នឹងយកទៅដាក់ក្នុងគោលការណ៍បាន១០០ភាគរយ តាមអ្វីដែលយើងបានកំណត់គោលដៅរួមគ្នា។ អ៊ីចឹងយើងធ្វើបែបណាក៏ដោយខាង EWO មានជំនាញខាងបង្កើតបច្ចេកវិទ្យាជូនទៅឱ្យខាងក្រសួង មិនមែនមានតែអង្គការយើងមួយទេ មានអង្គការគេផ្សេងៗទៀតដែលគេធ្វើការងារទៅលើផ្នែកហ្នឹង គ្រាន់តែថា EWO យើងមានក្រុមវិស្វករ ដើម្បីបង្កើតបច្ចេកវិទ្យាទៅលើរឿង SCE ហើយជាពិសេសបច្ចេកវិទ្យានេះថ្លៃ យើងត្រូវការតស៊ូមតិជាមួយរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលបានបែងចែកប្រាក់ឧបត្ថម្ភជួយទៅលើរឿងSCE គឺការងារហ្នឹងសំខាន់ខ្លាំងណាស់។ បើពុំដូច្នេះទេ រដ្ឋាភិបាលមិនអាចដល់គោលដល់១០០ភាគរយ ODS បានទេ ដោយសារបញ្ហាដែលនៅសេសសល់ហ្នឹង គឺជាបញ្ហាស្មុគស្មាញដែលរដ្ឋាភិបាលពិបាកធ្វើបំផុត។ យើងដឹងហើយថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុបង្កឱ្យមានទឹកជំនន់ និងបញ្ហាប្រឈមផ្សេងៗ។ បច្ចេកវិទ្យារបស់យើងត្រូវបត់បែនតាមការប្រែប្រួលអាកាសធាតុហ្នឹង ជាពិសេសទាក់ទងនឹងតំបន់ដីរឹង ទាក់ទងនឹងតំបន់លិចទឹកតាមរដូវកាលនេះ គឺសំខាន់ណាស់ ហើយនឹងតំបន់ខ្វះខាតទឹកដែលយើងត្រូវរកបច្ចេកវិទ្យាទាំងអស់នេះ ដើម្បីទៅជួយដល់ក្រសួង។ ខាងក្រសួងគាត់មានគំនិតហើយ ប៉ុន្តែគាត់ត្រូវការអ្នកដែលចូលរួម អ្នកដែលមានជំនាញ អង្គការដែលមានជំនាញចូលរួម ដើម្បីអភិវឌ្ឍន៍បច្ចេកទេសជាមួយគ្នា។
សុធារី៖ ចុះការចូលរួមរបស់ស្ត្រីវិញ តើលោកស្រី ឌី ម៉ានី មើលឃើញយ៉ាងណា? ធ្វើដូចម្តេចដើម្បីឱ្យស្ត្រីចូលរួមកាន់តែច្រើននៅក្នុងវិស័យទឹកស្អាត និងអនាម័យ?
លោកស្រីឌី ម៉ានី៖ ចូលរួមក្នុងវិស័យទឹកស្អាត និងអនាម័យលុះត្រាតែអង្គការក្រៅរដ្ឋាភិបាលដាក់គោលដៅខ្លួនឯង។ នេះជាទស្សន:របស់ខ្ញុំផ្ទាល់។ ត្រូវដាក់កូតាដូចអង្គការខ្ញុំអ៊ីចឹង គឺយើងមានកូតាសម្រាប់ស្ត្រីត្រូវមានយ៉ាងហោចណាស់៥០ភាគរយដែរ ប៉ុន្តែរាល់ថ្ងៃនេះមានតែលើសផង ដោយសារក្រុមរបស់ខ្ញុំមាន អ្នកស្មគ្រចិត្តភាគច្រើនគឺស្ត្រី អ្នកស្មគ្រចិត្តជនជាតិអូស្រ្តាលីហ្នឹងមានចំនួន៨នាក់ គឺមានស្ត្រី ៥នាក់ហើយ។ បើបុគ្គលិកក្នុងស្រុកវិញ មានវិស្វករ៣នាក់ ក្នុងនោះមាន២នាក់ជាស្ត្រី ហើយប្រធានគម្រោង គឺជាបុរស និងប្រធានគ្រប់គ្រងប្រចាំប្រទេស គឺខ្ញុំជាស្រី អ៊ីចឹងក្នុងចំណោម៥នាក់ យើងមានស្រី ៣នាក់ហើយ ប្រុសតែ២នាក់ទេ។ ទាល់តែស្ថាប័នមួយៗចេះដាក់កូតាហ្នឹងគឺសំខាន់។ នេះជាអ្វីដែលខ្ញុំចង់ផ្ញើសារឱ្យហើយទី២ ស្ត្រីត្រូវពង្រឹងសមត្ថភាពខ្លួនឯង រៀនសូត្រឱ្យបានច្រើន ត្រូវយកតួនាទីហ្នឹងឱ្យបាន ហើយធ្វើការបំពេញតាមតួនាទីដោយមានឆន្ទៈនិងប្រើចំណេះទាំងហ្នឹង គឺជារឿងសំខាន់ណាស់។ បើយើងគិតតែចង់បានតួនាទីធំៗ ហើយអត់អភិវឌ្ឍន៍ខ្លួនឯងក៏អត់បានដែរ។ មានឱកាសជារឿងល្អមួយ ឧទាហរណ៍គេដាក់កូតាឱ្យយើង អ៊ីចឹងមានន័យថា គេផ្តល់ឱកាសឱ្យយើងហើយ។ ស្ថាប័នដែលគេជ្រើសរើសគេយកបញ្ហារបស់ស្ត្រីជាធំហើយ អ៊ីចឹងស្ត្រីខ្លួនយើងដែលចង់បានតួនាទីមួយហ្នឹង ត្រូវអភិវឌ្ឍន៍សមត្ថភាពខ្លួនយើងបន្ថែម នោះបានយើងអាចមានស្ត្រីចូលរួមក្នុងកម្មវិធីទឹកស្អាតនិងអនាម័យបានច្រើន។
សុធារី៖ តើលោកស្រី ឌី ម៉ានី មានសារអី្វផ្តាំផ្ញើទៅស្ត្រី និងយុវតីផ្សេងទៀតដែលគាត់កំពុងតែស្តាប់ Podcast នេះ?
លោកស្រីឌី ម៉ានី៖ ទី១ ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឡើង សមត្ថភាពគឺសំខាន់បំផុតដើម្បីឱ្យយើងទៅបំពេញតួនាទីមិនថា កម្រិតណាមួយទេ ពីព្រោះយើងចូលរួមធ្វើការ គេឱ្យតួនាទីយើងទៅតាមចំណេះដឹងរបស់យើង ហើយតាមអ្វីដែលយើងបានដាក់ពាក្យធ្វើការងារនោះដែរ។ ដូច្នេះ យើងត្រូវដឹងពីសមត្ថភាពរបស់យើង ហើយត្រូវបង្កើនចំណេះដឹងឱ្យបានច្រើន ដើម្បីយកតួននាទីធំៗដែលយើងចង់ក្លាយជា Women Leadership Position ។ ប្រសិនបើយើងអត់ពង្រឹងសមត្ថភាពខ្លួនឯងទេ យើងអង្គុយចាំតែគេផ្តល់ឱ្យ គឺអត់បានទេ។ យើងត្រូវក្រោកឈរនិងជឿជាក់ថា ទោះបីខ្ញុំជាស្រ្តី តែខ្ញុំធ្វើបាន មិនមែនតែអ្នកឯងជាបុរសនោះទេ មិនមែនសម្រាប់តែចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យមួយនេះទេ កម្មវិធីផ្សេងៗទៀតក៏ចូលរួមដូចគ្នា។ នេះជាអ្វីដែលខ្ញុំចង់ផ្តាំផ្ញើទៅស្ត្រីគ្នាយើង។ បន្ថែមពីនេះ យើងត្រូវមានទំនាក់ទំនងឱ្យបានរឹងមាំ ទំនាក់ទំនងទាំងភាសាខ្មែរនិងអង់គ្លេស ហើយការទំនាក់ទំនងនេះមិនផ្តោតតែលើការនិយាយតែមួយទេ គឺត្រូវមានឥរិយាបទទន់ភ្លន់ តែម៉ឹងម៉ាត់។
ទី២ ការទំនាក់ទំនងតាមអ៊ីម៉ែល ហើយបណ្តាញសង្គមគេឲ្យយើងមើល ប៉ុន្តែយើងមើលបណ្តាញសង្គមណាដែលទាក់ទងនឹងការរៀនសូត្ររបស់យើង កុំប្រើប្រាស់បណ្តាលសង្គមដែលអត់ប្រយោជន៍ ដែលនាំឱ្យយើងខាងពេលវេលា។ បើយើងចង់បានលុយចូលគ្រាំទ្រដល់ក្នុងផ្ទះ ឬក៏យើងចង់អភិវឌ្ឍន៍តួនាទីយើងឱ្យកាន់តែធំជាងមុន យើងត្រូវតែពង្រឹងសមត្ថភាពរបស់យើងតាមរយ:ការរៀនសូត្រតាមបណ្តាញសង្គមមានឯកសារច្រើនណាស់ ដែលមានផលប្រយោជន៍សម្រាប់យើង។ បើយើងគិតពីអវិជ្ជមាន វានឹងទៅអវិជ្ជមានហើយ។ សំខាន់ណាស់សម្រាប់ស្ត្រីគ្នាយើងក្នុងការអភិវឌ្ឍខ្លួនឯងបែបហ្នឹង។ មួយផ្នែកទៀត ការទំនាក់ទំនង (Networking) ជាមួយនឹងអ្នកដែរយើងស្គាល់ គឺសំខាន់ណាស់មិនថាខ្មែរ មិនថាបរទេសនោះទេ។ យើងរៀនចេះទំនាក់ទំនងតាមបណ្តាញជាមួយគេ គឺយើងអាចចូលចំណោមគេចុះ ហើយអត្តចរិករបស់យើង គឺត្រូវបទបែនតាមកាល:ទេស:។
សុធារី៖ ចាសូមអរគុណលោកស្រី ឌី ម៉ានី ដែលចូលរួមជាមួយកម្មវីធីរបស់យើងខ្ញុំ
លោកស្រីឌី ម៉ានី៖ អរគុណច្រើនដូចគ្នាសុធារី
សុធារី៖ អរគុណលោកអ្នកស្តាប់ដែលបានស្តាប់ក្នុងម្មវិធីរបស់យើង។ យើងនឹងការចាក់ផ្សាយបទសម្ភាស ជាមួយស្ត្រីដែលធ្វើការក្នុងវិស័យទឹកស្អាត និងអនាម័យជាបន្តបន្ទាប់ទៀត។ ជួបគ្នានៅសប្តាហ៍ក្រោយ!!!
Leave a Reply